តាមមាត្រាទី ២២ មាត្រា ២២ ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ នៃច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជា បានចែងថា៖ «
អ្នកបើកបរត្រូវតែទុកឲ្យយានជំនិះបម្រើការរបស់នគរបាល យោធា អាវុធហត្ថ យានពន្លត់អគ្គិភ័យ ឬយានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ចដោយឲ្យសញ្ញាសូរស័ព្ទ និងសញ្ញាភ្លើងពិសេសឲ្យដឹងពីការមកដល់របស់ខ្លួនទៅមុន។
យានជំនិះដែលកំពុងបំពេញភារកិច្ចដូចខាងក្រោម មានសិទ្ធិអាទិភាពតាមលំដាប់ដូចតទៅ :
-យានពន្លត់អគ្គិភ័យ
-យានសង្គ្រោះរបស់មន្ទីរពេទ្យ
-យាននគរបាល យោធា អាវុធហត្ថ ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ » ។
ដោយច្បាប់នេះផងដែរបានន័យថាសុំឱ្យអ្នកបើកបរទាំងអស់មេត្តាអធ្យាស្រ័យវែកផ្លូវ ឬជួយសម្រួលគ្នាទៅវិញទៅមកក្នុងករណីបន្ទាន់របស់រថយន្តទាំង៣នេះ ព្រោះសុទ្ធតែជាករណីចាំបាច់សំខាន់ពាក់ព័ន្ធនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋតែម្តង។
យ៉ាងណាមិញ ការពីម្សិលមិញនេះផងដែរ មានរឿងមួយគួរឱ្យរន្ធត់បានកើតឡើង ដោយសារតែភាពមិនយោគយល់របស់អ្នកដែលបើកបរតាមដងផ្លូវសម្រាប់រថយន្តសង្គ្រោះបន្ទាន់ បានធ្វើឱ្យរថយន្តមិនអាចបញ្ជូនទារកដែលទើបនឹងកើតយកមកសង្គ្រោះទាន់ធ្វើឱ្យបាត់បង់ជីវិតភ្លាមៗគួរឱ្យសង្វេក។
តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់ Cambodia Escort Ambulances បានឱ្យដឹងថា៖ « ក្នងនាមខ្ញុំជាប្រធានក្រុមអ្នកសម្រួលផ្លូវឡានពេទ្យនៅកម្ពុជាម្នាក់ខ្ញុំបាទមានអារម្មណ៍សេាកស្តាយខ្លាំងនៅពេលដែលជួយសម្រួលផ្លូវរថយន្តសង្គ្រេាះមិនទាន់ពេលវេលា ធ្វេីអេាយទារកដែលកេីតឃេីញពន្លឺថ្ងៃមិនទាន់បានមួយថ្ងៃផងផុតដង្ហេីមតាមផ្លូវនៅពេលបញ្ជូនមកពេទ្យគន្ធបុប្ផា😭 ខ្ញុំបាទសូមផ្តាំទៅអ្នកមានរថយន្តជិះមួយចំនួនសូមមេត្តាគេារពសិទ្ធិអាទិភាពដល់រថយន្តសង្គ្រេាះបន្ទាន់ផង 🙂🙂ចុះបេីអ្នកក្នុងឡានជាគ្រួសារអ្នកតេីអ្នកមានអារម្មណ៍មិចដែរ😥
#ខ្ញុំបាទសូមប្រកាសស្វែងរករថយន្តluxes300ពណ៍ខ្មៅដែលមិនអែបគៀនអេាយរថយន្តសង្គ្រេាះទៅមុនហេីយបែរជាថែមដេញបុកគ្នាខ្ញុំទៀត😡 #វេលាម៉េាង5:30ល្ងាចនៅលេីស្ពានអាកាសដីហុយ »។
បន្ថែមពីនេះ បើតាមឱ្យដឹងពីក្រុមអ្នកសម្រួលផ្លូវពេទ្យកម្ពុជាបានឱ្យដឹងថា ខណៈពេលនោះដែរ រថយន្ត Lx 300 មួយគ្រឿងនោះមិនត្រឹមតែិនបើកផ្លូវឱ្យទេ តែថែមទាំងមានបំណងដេញបុកក្រុមអ្នកសម្រួលរថយន្តពេទ្យទៀតផង តែមិនអាចថតទុកទាន់។ ដោយករណីទាំងនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខឹងសម្បារ និងចង់ឱ្យមានការចាត់វិធានការយកជននោះមកព្រមានទៀតផង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យជួយសម្រួលដល់រថយន្តសង្គ្រោះបន្ទាន់ទាំងអស់ផង៕