ភាពវឹកវរ និងបំណុលវ័ណ្ឌករ ក្រោយសង្គ្រាមលោកលើកទី ១

ភាគទី ២

នៅ​អាល្លឺម៉ង់ របបរាជានិយម​​របស់​ព្រះបាទ Wilhem II ត្រូវ​ដួលរលំ ហើយ​បង្កើត​ទៅជា​របបសាធារណរដ្ឋ​ ដែល​គេ​ឲ្យឈ្មោះ​ថា សាធារណរដ្ឋ​វ៉ៃម៉ា (Weimar)។ តំបន់​អាល់សាស់-ឡូរ៉ែន (Alsace-Lorraine) ដែល​អាល្លឺម៉ង់​ធ្វើសង្គ្រាមដណ្តើមបានពី​បារាំង កាល​ពី​អំឡុង​សង្រ្គាម​អាល្លឺម៉ង់-បារាំង ឆ្នាំ​១៨៧១ ត្រូវ​បាន​កាត់​ប្រគល់​ទៅ​ឲ្យ​ប្រទេស​បារាំង​វិញ ។ លើសពីនេះ​ទៅទៀត អាល្លឺម៉ង់​ ដែល​ជា​ប្រទេស​ចាញ់​សង្រ្គាម ត្រូវគេ​បង្ខំ​ឲ្យ​សង​ការ​ខូចខាត រហូត​ដល់​ទៅ​ជាង រាប់ពាន់លាន​ដុល្លារ ដល់​ប្រទេស​ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម។ សន្ធិសញ្ញា​សន្តិភាព​ក្រុង​ Versailles ក៏​បាន​តម្រូវ​ផងដែរ​ឲ្យ​អាល្លឺម៉ង់​កាត់បន្ថយ​ចំនួន​កងទ័ព​ឲ្យ​នៅ​យ៉ាង​ច្រើន​បំផុត​ត្រឹម ១០ម៉ឺននាក់ ហើយ​ការ​ផលិត​គ្រឿង​សព្វាវុធ​ធុនធ្ងន់ ដូចជា រថក្រោះ យន្តហោះ​ចម្បាំង និង​នាវាច​ម្បាំង​ធំៗ​ក៏​ត្រូវ​បាន​ហាមឃាត់។ ការ​ដាក់​កម្រិត​​​​បែបនេះ ត្រូវ​បាន​ធ្វើឡើង ក្នុងគោលដៅ​បញ្ចៀស​កុំ​ឲ្យ​មហិច្ឆតា​ឈ្លានពាន​ពង្រីក​ទឹកដី​របស់​អាល្លឺម៉ង់​ត្រូវ​ផ្ទុះឡើងវិញ ហើយ​បង្ក​ទៅ​ជា​សង្រ្គាម​សាជាថ្មី​ទៀត។

Monnow_street_showing_a_procession_after_WW1

ការដែល អាល្លឺម៉ង់ ចាញ់សង្គ្រាមនេះ ដែរ បានធ្វើឲ្យប្រជាជន អាល្លឺម៉ង់ ក៏ដូចជាវិរះជនដែលបានដុតបញ្ឆេះសង្គ្រាមលោកលើកទី ២ គឺ អាហ្វ ហ៊ីត្លែរ ដែលជឿជាក់ថា ទាហាន​អាល្លឺម៉ង់​នៅ​លើ​សមរភូមិ​មិនចាញ់​ប្រៀប​គូសត្រូវ​នោះទេ ក៏ប៉ុន្តែ មេដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​បែរ​ជាបាន​ប្រកាស​ចុះចាញ់​សង្រ្គាម​ទៅវិញ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជាតិ​អាល្លឺម៉ង់​ទាំងមូល​ត្រូវ​ទទួលរង​នូវ​ភាព​អាម៉ាស់ ព្រមទាំង​ត្រូវ​​គូសត្រូវ​សង្កត់ ក តាមរយៈ​ការ​ដាក់​លក្ខខណ្ឌ​យ៉ាង​ធ្ងន់ធ្ងរ និង​ដោយ​អយុត្តិធម៌ នៅ​ក្នុង​ពេល​ចុះ​សន្ធិសញ្ញា​សន្តិភាព​​នៅ Versailles នៅថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​១៩១៩។ កំហឹង និង​ភាព​អាម៉ាស់​នេះ​ហើយ ដែល​ត្រូវ​បាន​ហ៊ីត្លែរ យក​មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ឡើងកាន់អំណាច​ នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត។


Scan From 4x5 Glass Plate Negative

Leagueofnations 7e9e88fdfb5240a9b3cf08eeda8d3fd1

ក្រោយចប់សង្គ្រាម ស្ថាប័ន​អន្តរជាតិ​ដ៏ថ្មី​ស្រឡាង​មួយ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ គឺ​ “សង្គមប្រជាជាតិ” (League of Nations) ក្នុង​បេសកកម្ម​ដោះស្រាយ​នូវ​សុខសន្តិភាព​នៅទូទាំង​ពិភពលោក​។ ក៏ប៉ុន្តែ ទាំង​ការ​បង្កើត​សង្គមប្រជាជាតិ និង​ទាំង​ការ​ដាក់​កម្រិត​ផ្នែក​យោធា​ដល់​អាល្លឺម៉ង់ មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ចៀស​ពិភពលោក​ពី​សង្រ្គាម​សាជាថ្មី​ទៀត​នោះទេ ។ ប្រជាជន​អាល្លឺម៉ង់​ជាច្រើន​យល់ថា សន្ធិសញ្ញា​ក្រុង​ Versailles មាន​ភាព​អយុត្តិធម៌​ច្រើន​ចំពោះ​អាល្លឺម៉ង់ ហើយ​មិនយូរ​ប៉ុន្មាន​ រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​ចាប់ផ្តើម​ឈប់​​​គោរព​ទៅតាម​បម្រាម ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សន្តិភាព ហើយ​បាន​លួច​​ផលិត​គ្រឿងសព្វាវុធ​ទំនើបៗ និង​ផ្តើមឲ្យបង្កើត​កម្លាំង​ទ័ព​របស់​ខ្លួន​ឡើងវិញ។ ចំណែក​ឯ​សង្គមប្រជាជាតិវិញ គឺ​ជា​ស្ថាប័ន​ដែល​គ្មានអំណាច ដោយសារ​តែ​បណ្តា​ប្រទេសធំៗ​មួយ​ចំនួន ក៏ដូចជា សហរដ្ឋ​អាមេរិក បាន​បដិសេធ​មិនព្រម​ចូល​ជា​សមាជិក ។ នៅ ២០ឆ្នាំ ក្រោយ​ការ​បញ្ចប់​សង្រ្គាម​លោក​លើកទី១ សង្រ្គាម​លោក​មួយថ្មី​ទៀត ក៏​ត្រូវ​ផ្ទុះឡើង នៅ​ឆ្នាំ​១៩៣៩ ហើយ​សង្រ្គាម​ថ្មី​នេះ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​សង្រ្គាម​លោក​លើកទី១​ទៅទៀត៕

រៀបរៀងដោយ ស្តេចផារាអង់