តារាសម្តែងប្រុសសម្រស់បាន កម្ពស់ខ្ពស់ស្រះ លី មីនហូ ដែលគ្រប់គ្នាស្រលាញ់ចូលចិត្តនូវការសម្តែង និង រូបរាងសង្ហា ត្រូវគេស្គាល់ថាមិនត្រឹមតែជាតារាសសម្តែងឆ្នើមមានកេរ្តិ៍ល្បីខ្ពស់ខ្លាំងលំដាប់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជាច្រើនផ្សេងទៀតនោះទេ លោកក៏ជាតារាដែលមានចិត្តសប្បុរសបំផុតនៅក្នុងការចូលរួមជាជំនួយផ្សេងៗទៅកាន់ពិភពលោក។
កេរ្តិ៍ឈ្មោះដ៏រន្ទឺរបស់ លី មីនហូ គឺបូករួមទាំងទឹកមុខស្រស់សង្ហាមានមន្តស្នេហ៍ ហើយក៏ជាតារាមានទេពកោសល្យសម្តែងខ្ពស់ ដែលរឿងដែលលោកទទួលសម្តែងសុទ្ធតែផ្ទុះល្បីល្បាញជាច្រើនរឿងដូចជារឿង Boy Over Flower រឿង City Hunter រឿង Legend of the blue sea និងរឿងចុងក្រោយដែលទទួលបានភាពល្បីល្បាញខ្លាំងពាសពេញពិភពលោកនោះគឺរឿង The King:Eternal monarch ដែលទិញសិទ្ធផ្តាច់មុខដោយ Netflix ចំណាយទុនខ្ពស់បំផុតក្នុងការផលិត ថែមទាំងទទួលបានការ Sponsor ជាច្រើនក្រុមហុ៊នទៀតផង។
បន្ថែមពីនោះ ក្នុងរឿង The King នេះដែរ តាមរយៈប្រភពព័ត៌មានបែកធ្លាយពីក្រៅប្រទេសបានឱ្យដឹងថា តារាប្រុស លី មីនហូ ដែលដើរតួជាតួឯកនេះ មានតម្លៃខ្លួនដល់ទៅ ៧ម៉ឺនដុល្លារនៅក្នុងមួយភាគ ហើយបើសរុបមួយចប់សាច់រឿង (១៦ភាគ) លោកទទួលបានដល់ទៅជាង ១លានដុល្លារឯណោះ ពិតជាតម្លៃខ្លួនមិនធម្មតានោះទេ។
យ៉ាងណាមិញ ការបង្ហើបតម្លៃខ្លួនរបស់តារាកំពូលលំដាប់ប្រទេសកូរ៉េខាងត្បូងមួយនេះ មិនមែនជារឿងចម្លែកនោះទេ សម្រាប់អ្នកគាំទ្រ ព្រោះលោកជាតារាលំដាប់ខ្ពស់ទេពកោសល្យសម្តែងមិនធម្មតាទៅហើយ គ្រាន់តែសម្រាប់រឿងដ៏ពិសេសមួយនេះមានតម្លៃខ្ពស់ជាងមុនបន្តិចបើធៀបនឹងរឿងផ្សេងៗដែលលោកសម្តែងកន្លងមកពីមានតម្លៃត្រឹមជាង ៥ម៉ឺនដុល្លារប៉ុណ្ណោះនៅក្នុងមួយភាគ ៕