បទចម្រៀងមួយបទដែលមានចំណងជើងថា «កណ្តៀវអូនស្រួយ» ត្រូវបានមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ទៅលើអត្ថន័យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃសិល្បៈវប្បធម៌ប្រពៃណីខ្មែរដ៏ផូរផង់់ ព្រោះ បទចម្រៀងបែបកន្ទ្រឹមខ្មែរ តែបែរជាបង្កប់ន័យបែបស៊ីអារម្មណ៍ សំដៅទៅលើរឿងអាសអាភាសទៅវិញ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោះហៅកញ្ញា បរ៉ាម៉ី ដែលជាម្ចាស់បទអសីលធម៌នេះដើម្បីព្រមានហើយ ដោយលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានផ្សព្វផ្សាយភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ៖«នៅព្រឹកនេះម្ចាស់បទ «កណ្តៀវអូនស្រួយ» បានចូលទៅដោះស្រាយ នៅក្រសួងហើយ ដើម្បីប្រជុំពិភាក្សារកដំណោះស្រាយ ប៉ុន្តែមិនទាន់ចេញលទ្ធផលជាផ្លូវការនោះឡើយ»។
គួរឱ្យដឹងផងដែរថា ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលការណ៍ធំៗចំនួន ៥ចំណុច ដែលជាវិធានការដោះស្រាយ។ ទី១៖ អប់រំ និងណែនាំ, ទី២៖ ធ្វើលិខិតព្រមានជាលាយល័ក្ខអក្សរ, ទី៣៖ លុបឈ្មោះជាសិល្បករ និងបញ្ឈប់ ឬផ្អាកសកម្មភាពសិល្បៈ ក្នុងរយៈពេលកំណត់ណាមួយ, ទី៤ និងទី៥ ចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្នាដៃរបស់សិល្បករប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងវប្បធម៌ ៕