ប្រពៃណីទំនៀមទម្លាប់នៃពិធីខួបកំណើតខ្មែរ ដែលស្ទើរតែត្រូវបានគេបំភ្លេចចោល 

ពិធីអុជទានពេលប្រារព្ធខួបកំណើតតាមបែបប្រពៃណីខ្មែរបុរាណបច្ចុប្បន្ន នេះ មានមនុស្សជាច្រើន បាននាំគ្នាប្រារព្ធខួបកំណើត តាមបែបលោកខាងលិច ដែលគេនិយមហៅថា BirthDay ប៉ុន្តែ ពួកគេប្រហែលជាភ្លេចហើយថា ពិធីខួបកំណើតបែបខ្មែរក៏មានដែរ ។

2faae2789700d0840e04ff2e15ee9bab

តាមក្បួនខ្នាតដែលមានសេសសល់ពីបុរាណ និងកំពុងអនុវត្តនៅក្នុងសង្គមខ្មែរសព្វថ្ងៃ ពិធីខួបកំណើតខ្មែរនេះគេធ្វើឡើងដោយមិនប្រកាន់ក្មេង ចាស់ ប្រុស ស្រី ព្រះសង្ឃ និងព្រះរាជានោះទេ គឺគ្រាន់តែការហៅខុសគ្នា និងពេលវេលានៃការប្រារព្ធធ្វើតែប៉ុណ្ណោះ ។ សម្រាប់ព្រះមហាក្សត្រ និងព្រះសង្ឃគេហៅថា ពិធីចម្រើនព្រះជន្ម តែសម្រាប់មនុស្សសាមញ្ញវិញគេហៅថា ចម្រើនអាយុ ឬខួបកំណើត ។

ការធ្វើបុណ្យខួបកំណើតបែបប្រពៃណីខ្មែរ ដែលស្ទើរតែបាត់បង់ទាំងស្រុងទៅហើយនោះ ត្រូវបានគេបង្ហាញតាមកញ្ចក់ទូរទស្សន៍ជារឿយៗឡើងវិញ ។ ក្រៅពីនោះ ពិធីនេះ ត្រូវបានគេប្រារព្ធតែចំពោះព្រះមហាក្សត្រ ញាតិវង្សានុវង្ស មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបណ្ដាជនដែលមានធនធានសម្បូរហូរហៀរ ។

កាលពីសម័យបុរាណ ពិធីនេះគេច្រើនប្រារព្ធធ្វើរវាង១២ឆ្នាំម្ដង គឺកំណត់យកតាមថ្ងៃខែឆ្នាំ របស់ម្ចាស់ពិធី តាមប្រតិទិនចន្ទគតិ (ប្រតិទិនពុទ្ធសាសនា) តែដល់សម័យក្រោយមក គេក៏ឃើញមានការផ្លាស់ប្ដូរពីធ្វើរវាង១២ឆ្នាំម្ដង មកប្រារព្ធធ្វើមួយឆ្នាំម្ដងវិញទៅតាម ធនធាន ។ ជាក់ស្ដែងសព្វថ្ងៃនេះ ពិធីខួបកំណើតច្រើនតែរៀបចំសម្រាប់ព្រះមហាក្សត្រ មន្ត្រីរដ្ឋាភិបាលធំៗ និងអ្នកមានធនធានមួយចំនួនតែប៉ុណ្ណោះ ។

# អត្ថន័យនៃពិធីខួបកំណើតខ្មែរ

ពិធីខួបកំណើតបែបប្រពៃណីខ្មែរមានបង្កប់អត្ថន័យអប់រំ ដាស់តឿនមនុស្សតាមបែបទស្សនវិជ្ជាខ្មែរ ព្រោះនៅក្នុងពិធីនីមួយៗ សុទ្ធតែបង្កប់នូវអត្ថន័យអប់រំមនុស្សឲ្យដើរទៅរកផ្លូវល្អ មិនមែនចេះតែប្រឌិតធ្វើដោយគ្មានគោលបំណងពិតនោះទេ ។ នេះបើតាមការឲ្យដឹងរបស់លោក ជា គាន អគ្គលេខាធិការរងគណៈកម្មការបុណ្យជាតិ និងអន្តរជាតិ ។

លោកបន្តថា តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនខ្មែរបានភ្ជាប់ខ្លួនជានិច្ចទៅនឹងរូបភាព អច្ឆរិយ ផ្សេងៗដូចជា៖ ដងទន្លេមេគង្គ ទួល ឬអង្គ ភ្នំ សត្វដំរី ជំនឿលើទេវតា អារក្សអ្នកតា ប្រាង្គប្រាសាទនានា និងសាសនាជាដើម ។

ជំនឿទាំងអស់នេះជាធាតុសំខាន់មួយនៅក្នុងខឿនវប្បធម៌ខ្មែរ ដែលគេពុំអាចកាត់ផ្ដាច់ចេញបានឡើយ ។ លោកជា គាន បញ្ជាក់ថា “ពិធីខួបកំណើតបែបប្រពៃណីខ្មែរកើតចេញពីជំនឿសាសនាសុទ្ធសាធ ហើយពិធីនេះ នឹងព្យាបាលចិត្តគំនិតរបស់ម្ចាស់ពិធី និងអ្នកចូលរួមពិធីឲ្យយល់ពីតម្លៃនៃជីវិតដែលបានចាប់បដិសន្ធិមក ហើយត្រូវខិតខំធ្វើអំពើល្អ ចេះយោគយល់អាណិតអាសូរនិងស្រឡាញ់គ្នាទៅវិញទៅមក” ។

បើតាមការឲ្យដឹងរបស់លោក ជា គាន បច្ចុប្បន្នប្រជាជនខ្មែរមួយចំនួននៅតាមបណ្ដាខេត្តនានានៅតែធ្វើ ពិធីនេះនៅឡើយ ប៉ុន្តែមានអ្នកខ្លះធ្វើចំថ្ងៃកំណើត អ្នកខ្លះក៏រើសយកថ្ងៃផ្សេងដែលគេយល់ថា ល្អតាមក្បួនតម្រាផ្សេងៗ និងជាពិសេសគេច្រើនឃើញមានធ្វើនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ជាថ្ងៃដែលប្រជាជនខ្មែរយល់ថា មានជ័យមង្គលបំផុតលើសអស់ថ្ងៃទាំងពួងនៅក្នុងឆ្នាំនីមួយៗ ។

# ដំណើរការនៃការប្រារព្ធពិធី

លោកស្រី ស៊ុន សុវណ្ណនី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបាននិយាយថា ពិធីខួបកំណើតបែបប្រពៃណីខ្មែរបានចាប់ផ្ដើមពិធីទីមួយរបស់ខ្លួន ដោយការនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះចង្រៃទាំងឡាយឲ្យចៀស ចេញឆ្ងាយ និងនាំចូលមកវិញនូវសិរីសួស្ដី ជ័យមង្គល និងលាភសំណាងទាំងពួង ។

57

បន្ទាប់មកទៀត គឺពិធីសំពះម្ដាយដើមដែលសាមីពិធីត្រូវសំពះនៅចំពោះមុខទៀនមួយគូ ហើយនៅក្នុងទៀននីមួយៗមានសរសៃអំបោះចំនួន១២សរសៃ តំណាងឲ្យគុណម្ដាយទាំង១២ ។ រីឯពិធីទីបីវិញ គឺជាពិធីបង្វិលពពិល ការបង្វិលពពិលមានច្រើនបែបដូចជា៖ បង្វិល៣ជុំ មានន័យថា មនុស្សយើងមុននឹងចូលមកចាប់បដិសន្ធិក្នុងផ្ទៃមាតាត្រូវដើរក្រឡឹង ចំនួន៣ជុំសិន ។ ចំណែកឯបង្វិល៥ជុំ គឺតំណាងឲ្យគុណព្រះពុទ្ធទាំង៥អង្គ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតា និងបិតា) ។ លោកស្រីបញ្ជាក់ថា “ក្នុងការបង្វិលពពិលនោះ គេមិនអនុញ្ញាតឲ្យបុរសចូលរួមបង្វិលទេ គឺមានតែស្ត្រីប៉ុណ្ណោះ ដែលអាចចូលអង្គុយបង្វិលបាន” ។

ពិធីទី៤គឺពិធីចងដៃ ឬចងព្រលឹង គឺគេយកអំបោះមកចងដៃ ដែលក្នុងអំបោះមួយខ្សែមានសរសៃអំបោះចំនួន១២វេញបញ្ចូលគ្នាតំណាង ឲ្យគុណម្ដាយទាំង១២ ហើយនៅចុងបញ្ចប់គឺពិធីស្រោចទឹកកម្ចាត់គ្រោះកាចចង្រៃ ។


លោកស្រី ស៊ុន សុវណ្ណនី បញ្ជាក់ថា “មានពិធីខួបកំណើតខ្មែរខ្លះបានប្រព្រឹត្តធ្វើដល់ទៅ៦ពិធី គឺមានពិធីសែនក្រុងពាលីមួយទៀតប៉ុន្តែនេះជាពិធីធំមួយដែលត្រូវ ចំណាយច្រើនទាំងពេលវេលា និងធនធានដែលជាទូទៅមានតែអ្នកមានឋានៈខ្ពង់ខ្ពស់ និងព្រះសង្ឃជាដើមដែលត្រូវធ្វើ” ។

ពិធីខួបកំណើត ឬចម្រើនព្រះជន្មអាចនិយាយបានថា ក៏មានប្រើពាក្យរួមមួយទៀតដែរ គឺពិធីអាយុវឌ្ឍនៈមង្គល ដែលជាទូទៅគេធ្វើរៀងរាល់១២ឆ្នាំម្ដង គឺនៅអាយុ១២ឆ្នាំ អាយុ២៤ឆ្នាំនិង អាយុ៣៦ឆ្នាំ ។នៅពេលធ្វើពិធីអ្នកចូលរួមត្រូវជាភ្ញៀវកិត្តិយសក្ដី ជាសាច់ញាតិក្ដី ត្រូវប្រសិទ្ធិពរជ័យ សេរីមង្គល និងស្រោចទឹក លាងជម្រះសេចក្ដី មន្ទិលសៅហ្មងទាំងឡាយ ដែលកើតមាននៅឆ្នាំចាស់កន្លងមក ។

លោក មៀច ប៉ុណ្ណ សមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បាននិយាយថា តាមការសិក្សាស្រាវជ្រាវ ពិធីខួបកំណើតអាចកើតឡើងប្រហាក់ប្រហែលគ្នាជាមួយពិធីកោរជុក ក្នុងសម័យប្រទេសកម្ពុជាកាន់ព្រហ្មញ្ញសាសនាព្រោះរបៀបរៀបចំក្នុង ពិធីទាំងមូលស្ទើរតែដូចគ្នាទាំងស្រុង ។

មានពិធីប្រពៃណីខ្មែរផ្សេងៗជាច្រើនរួមទាំងពិធីខួបកំណើតខ្មែរ នេះផង បានបាត់បង់ និងស្ទើរតែគ្មានអ្នកចងចាំ និងប្រតិបត្តិឡើយ ។ លោក មៀច ប៉ុណ្ណ និយាយថា “នេះគឺដោយសារតែរយៈពេលនៃការប្រារព្ធធ្វើម្ដងៗយូរពេកគឺរហូត ដល់១២ឆ្នាំធ្វើម្ដង ទើបធ្វើឲ្យពិធីនេះត្រូវបានគេភ្លេចអស់ ហើយបែរជាំនាំគ្នាមកធ្វើតាមបែបបស្ចិមប្រទេស ដូចសព្វថ្ងៃវិញ” ។

4e732ced3463d06de0ca9a15b6153677 9

# ម្ដាយដើមរបស់មនុស្ស 

តាមគម្ពីរព្រះពុទ្ធសាសនាម្ដាយដើមមាន៩គឺ៖

ម្ដាយទី១៖ ជាអ្នកបង្កើតអាត្ម័នសង្ខារ ។

ម្ដាយទី២៖ ជាអ្នកថែរក្សា ។

ម្ដាយទី៣៖ ជាអ្នកជូនផ្លូវឲ្យមកចាប់បដិសន្ធិនាឋានកណ្ដាល ។

ម្ដាយទី៤៖ ជាអ្នកសង់ផ្ទះឲ្យនៅ ឬរកផ្ទៃឲ្យកំណើត ។

ម្ដាយទី៥៖ ជាអ្នកបង្កើត បំពេញឲ្យមើលឃើញ ដឹងឮនូវអ្វីៗទាំងឡាយ ។

ម្ដាយទី៦៖ គឺម្ដាយដែលបានបង្កើត និងចិញ្ចឹមថែរក្សាសព្វថ្ងៃនេះ ។

ចំណែកម្ដាយ៣ទៀតក្នុងសាស្ត្រាលោកថា ពុំគួរឲ្យសម្ដែងឡើយ បានន័យថា ម្ដាយ៣ទៀតនេះគឺជាអ្នកទទួលជីវិតឲ្យត្រលប់ទៅវិញ ៕