ការពីយប់មិញនេះ គណនីហ្វេសប៊ុកអ្នកលក់ឡេមួយរូបមានឈ្មោះថា Saran Narita បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែស្រីស្អាតម្នាក់នេះបានបង្ហោះវីដេអូផ្សព្វផ្សាយលក់ឡេ លក់ម្សៅលាបមុខ ដោយបានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួនខុសពីច្បាប់ដែលបានចែង ពិសេសនាងក៏បានតុបតែងមុខមើលទៅប្លែកខ្លាំងមែនទែន។
ហាក់មិនបង្អង់យូរ ពេលនេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសស្វែងរកម្ចាស់គណនីរូបនេះដើម្បីណែនាំកុំឱ្យបង្ហាញភាពស៊ិចស៊ីនៅលើបណ្តាញសង្គមហួសហេតុបែបនេះទៀត។
នេះបើយោងតាម ហ្វេសប៊ុក Pheng Vannak News ដែលបានរៀបរាប់ថា «ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅមុននេះបន្តិចថា ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានកំពុងបញ្ជាឲ្យយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវ ដើម្បីនាំខ្លួនម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Saran Narita ដែលបានបង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។
ជាពិសេសបំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតឲ្យ អ្នកលក់តាមអនឡាញ ឡាយលក់ផលិតផលរបស់ខ្លួនបញ្ចេញភាពសិចស៊ីហួសហេតុនោះទេ ។ សង្ឃឹមថា ព្រាយហ្វេសប៊ុក ទើបនឹងរះនេះនឹងបានចូលមកវាស់កម្ពស់ឆាប់ៗមិនខាន»៕