ជំងឺកូវីដ១៩បានរាតត្បាតនៅប្រទេសនានាជុំវិញពិភពលោក និងឆក់យកជីវិតមនុស្សរាប់លាននាក់ ព្រមទាំងធ្វើឱ្យអ្នកនៅរស់រានមានជីវិតស្ថិតនៅក្នុងភាពភ័យខ្លាច រងសម្ពាធសេដ្ឋកិច្ច និងផ្លូវចិត្ត។
ប្រទេសកម្ពុជាក៏កំពុងស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភផងដែរ យោងតាមទិន្នន័យចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ៣០មេសា ឆ្នាំ ២០២១ នេះបានបង្ហាញថាមានអ្នកឆ្លងសរុបចំនួន ១៣៧៩០នាក់ និងស្លាប់ ៩៦នាក់ហើយ។ យើងអាចចាត់ទុកថានេះគឺជាតួរលេខមួយដ៏ច្រើនបើធៀបទៅនឹងឆ្នាំមុន ប៉ុន្តែចំនួននេះនៅតិចតួចខ្លាំងណាស់បើប្រៀបធៀបទៅនឹងប្រទេសនានាជុំវិញពិភពលោកពិសេសប្រទេសឥណ្ឌា។
គិតមកដល់ពេលនេះប្រទេសឥណ្ឌាកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ ដោយការរីករាយរាលដាលនៃវីរុសកូវីដ១៩ ឡើងខ្លាំងរហូតគ្រប់គ្រងលែងបានទៅហើយ។ ចំនួនអ្នកឆ្លងឡើងទៅដល់ ១លាននាក់ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាគឺជាប្រទេសដែលផលិត និងផ្គត់ផ្គង់ថ្នាំបង្ការ (Vaccine) ច្រើនជាងគេ មិនតែប៉ុណ្ណោះកាលពី ២ខែមុនចំនួនអ្នកឆ្លងថ្មីធ្លាក់ដល់ចំណុចសូន្យ ពោលគឺជំងឺនេះស្ទើរតែរលាយសាបសូន្យចេញពីប្រទេសឥណ្ឌាទៅហើយ។ តើកត្តាអ្វីបានជាធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងសហភាពបែបនេះក្នុងរយៈពេលដ៏ខ្លី។
១. ឆាប់ភ្លេចពីជំងឺកូវីដ១៩ពេក
ខណៈពេលដែលអ្នកឆ្លងថ្មីធ្លាក់ចុះជារឿយៗ ប្រជាជនឥណ្ឌាក៏ចាប់ផ្តើមខ្វះការប្រុងប្រយ័ត្ន និងធ្វើការជួបជុំប្រារព្វពិធីបែបសាសនាផ្សេងដូចជា ពិធីងូតទឹកទន្លេងគង្គា (Kumbh festival) ដែលជាពិសេសបុណ្យជួបជុំដ៏ធំ មានមនុស្សមកជុំគ្នាងូតទឹកទន្លេ។ បន្ទាប់ពីពេលនោះមកក៏មានការឆ្លងកាន់តែច្រើនឡើងៗរហូតគ្រប់គ្រងលែងបាន។
២. ប្រជាជនមិនមានទំនុកចិត្តចំពោះថ្នាំបង្ការ
យោងតាមស្ថិតិបានឱ្យដឹងថា មានប្រជាជនមិនដល់ ១០ភាគរយផងដែលបានទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ។ ដោយហេតុថា ប្រជាជនភាគច្រើនជឿលើពាក្យចចាមអារ៉ាម យល់ថាថ្នាំបង្កាដែលផ្តល់ជូនរដ្ឋាភិបាលខ្លួនគឺអាចនាំមកនូវគ្រោះថ្នាំដល់សុខភាព ដូច្នេះហើយទើបពួកគេមិនព្រមចាក់វ៉ាក់សាំងនោះរហូតដល់ហួសពេលបែបនេះ។
៣. រដ្ឋាភិបាលខ្វះការត្រៀមទុកជាមុនក្នុងការទប់ទល់ជាមួយជំងឺមួយនេះ
ឆ្លើយតបនឹងទៅចំនួនអ្នកឆ្លងថ្មីរាប់លាននាក់ ក្រសួងសុខាភិបាលឥណ្ឌា បានត្រឹមតែបែងចែកបរិក្ខារសង្គ្រោះបន្ទាន់ដូចជាគ្រែ ទីតាំងដាក់អ្នកជំងឺ ពិសេសធុងអុកស៊ីសែនដោយតម្រូវឱ្យអ្នកជំងឺជាច្រើននាក់ប្រើរួមគ្នា។ រីឯអ្នកជំងឺបានត្រឹមតែលើកដៃអង្វរទាំងទឹកភ្នែកឱ្យគ្រូពេទ្យទទួលយកសមាជិកគ្រួសាររបស់ពួកគេទៅព្យាបាល។
ហេតុដែលយើងខ្ញុំលើកយកករណីប្រទេសឥណ្ឌាមកធ្វើការពិចារណា ព្រោះថានេះគឺជាឧទាហរណ៍ជាក់ស្តែង និងគួរឱ្យសង្វេគបំផុត។ នរណាៗក៏ចង់បានសេរីភាពក្នុងការដើរហើរ រកទទួលទានចិញ្ចឹមគ្រួសារដែរ ប៉ុន្តែជីវិតយើងគ្រប់រូបអាចនឹងធ្លាក់ក្នុងសភាពវេទនាជាងការដែលត្រូវសម្ងំក្នុងផ្ទះ ឬការបាត់បង់ការងារ អាជីវកម្មទៅទៀត ហើយអ្វីដែលវេទនាជាការស្លាប់នោះគឺ ការបើកភ្នែកមើលសមាជិកគ្រួសារ មនុស្សជាទីស្រឡាញ់រងទុក្ខដោយសារជំងឺដ៏កាចសាហាវមួយនេះ។ ដោយហេតុនេះហើយយើងគ្រប់រូបត្រូវមានទំនួលខុសត្រូវ ប្រកាន់ខ្ជប់ ៣ការពារ ៣កុំ និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា៕
មានវីដេអូ៖