ការពារប្រសើរជាងព្យាបាល មុនព្រមព្រៀង​ជួលផ្ទះនៅ ឬរកស៊ីត្រូវមានចំណុចនេះ

សម័យបច្ចុប្បន្ននេះមនុស្សមិនថានៅតាមបណ្តាលខេត្តនានា ឬក្នុងទីក្រុងទេ ភាគច្រើនគឺស្វែងរកផ្ទះជួលដើម្បីរស់នៅនិងរកទីតាំងប្រកបរបរកទទួលទាន។

ប៉ុន្តែសម្រាប់អ្នកទើបតែចេញមករកស៊ីដំបូង ឬចេញមកជួលផ្ទះនៅឆ្ងាយពីគ្រួសារប្រហែលជាអាចរងនូវហានិភ័យពីសំណាក់ភ្នាក់ងារជួលផ្ទះមិនមានវិជ្ជាជីវៈ ឬម្ចាស់ផ្ទះដែលមានគំនិតខិលខូច។

អត្ថបទខាងក្រោមនេះយើងខ្ញុំបានសរសេរចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួន និងស្ថានភាពពិតក្នុងសង្គមបច្ចុប្បន្ន។ ចំណុចសំខាន់ៗទាំងនេះគឺជាអ្វីដែលលោកអ្នកត្រូវពិនិត្យមើលនៅក្នុងកុងត្រាមុនពេលសម្រេចចិត្តចុះហត្ថាលេខា៖

១. ពិនិត្យមើលអត្ថន័យ និងកាតព្វកិច្ចនៃភាគីទាំងពីរ

ប្រសិនបើកុងត្រានោះត្រូវបានធ្វើឡើងដោយភាគីម្ចាស់ផ្ទះឬ ភ្នាក់ងារជួល នោះអ្នកនឹងត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះអត្ថន័យពិសេសត្រូវចំណុចកាតព្វកិច្ចដែលភាគីទាំងពីរត្រូវអនុវត្ត ល័ក្ខខ័ណ្ឌផាកពិន័យ និងការបញ្ចប់កិច្ចសន្យា។

២. តើក្នុងកិច្ចសន្យាមានចែងគ្រប់ចំណុចដែលចាំបាច់ដែរឬទេ?

ក្នុងកិច្ចសន្យាមានបែងចែកជាច្រើនប្រការរៀបរាប់អំពីកាតព្វកិច្ចរបស់ភាគីនីមួយៗ ប៉ុន្តែអ្នកគួរតែពិនិត្យមើលថាមានប្រការអ្វីខ្លះដែលត្រូវបន្ថែម។

ឧទាហរណ៍ដូចជាការកំណត់ថ្លៃទឹកភ្លើង ព្រោះថាម្ចាស់ផ្ទះមួយចំនួនមិនបានកំណត់ទៅតាមថ្លៃទឹកភ្លើងរបស់រដ្ឋឡើយ ពោលគឺគេមិនមានចារនៅក្នុងកិច្ចសន្យាតែម្តង រហូតដល់អ្នកភ្លេចគិតពីចំណុចនេះ និងព្រមចុះហត្ថាលេខលើកិច្ចសន្យា ពី៦ខែ ទៅ១ឆ្នាំ។


ចំណាំ៖ ទោះបីជាម្ចាស់បាននិយាយផ្ទាល់មាត់ថាទឹកភ្លើងគឺគិតតម្លៃតាមស្តង់តារដ្ឋក៏ដោយ អ្នកត្រូវតែសរសេរជាលាយលាក់អក្សរនៅក្នុងកិច្ចសន្យា ព្រោះថាមនុស្សមួយចំនួនពូកែធ្វើភ្លេចណាស់។

ចចារអំពីកាតព្វកិច្ចក្នុងការជួសជុលរបស់របរនៅក្នុងផ្ទះ ដូចជាប្រព័ន្ធទឹក និងអគ្គីសនីឱ្យបានច្បាស់លាស់និងសរសេរនៅក្នុងកិច្ចសន្យាផងដែរ។ ព្រោះអ្នកនឹងអាចក្លាយជាជនរងគ្រោះដែលត្រូវរស់នៅក្នុងផ្ទះលិចទឹក ទោះជាផ្ទះនោះមើលទៅថ្មីយ៉ាងណាក៏ដោយ។

៣. មានការដឹងឮពីភូមិសង្កាត់

ដើម្បីឱ្យកិច្ចសន្យាមួយមានប្រសិទ្ធិភាពលោកអ្នកត្រូវមានការដឹងឮពីខាងភូមិសង្កាត់ ព្រោះថាអ្នកមើលមិនដឹងទេថានឹងមានជម្លោះឬការខ្វែងគំនិតគ្នាអ្វីខ្លះដែលអាចកើតមានឡើងក្នុងអំឡុងពេលដែលអ្នកស្នាក់នៅផ្ទះនោះ។

ដូចនេះលោកអ្នកត្រូវផ្តល់ព័ត៌មានដល់អជ្ញាធរដែនដីជាមុន ក្នុងករណីមានបញ្ហាអ្វីកើតមានឡើងភូមិសង្កាត់អាចចេញមុខដោះស្រាយបញ្ហាជូនភាគីទាំងពីរ។

ចំពោះម្ចាស់ផ្ទះដែលមានគំនិតមិនល្អច្រើនធ្វើកិច្ចសន្យាបែបលួចលាក់ពីភ្នែកច្រមុះសមត្ថកិច្ច ដល់ពេលមានបញ្ហា អ្នកទៅរកជំនួយពីសមត្ថកិច្ចគឺមានការលំបាក់ក្នុងសើររើសំនុំរឿង។ ឧទាហរណ៍ គេច្រើននិយាយថាពេលចុះកិច្ចសន្យាមិនរកសមត្ថកិច្ច ដល់ពេលមានរឿងទើបរក។

សរុបសេចក្តីមក ប្រទេសមានច្បាប់ប៉ុន្តែអ្នកគួរតែដឹងអំពីវិធីប្រើច្បាប់ក្នុងការពារសិទ្ធិរបស់អ្នកនៅក្នុងសង្គមសម័យបច្ចុប្បន្ន៕