ប្រុងប្រយ័ត្ន! ពេលនេះ ជនខិលខូចអាចប្រើ AirTag ដើម្បីតាមដានលោកអ្នកបាន

នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញផ្សាយនូវអត្ថបទមួយ ដើម្បីឱ្យប្រជាជនខ្មែរមានការប្រុងប្រយ័ត្ននូវឧបករណ៍របស់ Apple ថ្មីសន្លាងមួយដែលអាចឱ្យជនអនាមិកតាមដានអ្នកបាន។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសដាក់ឱ្យប្រើប្រាស់ AirTag ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។

182315972_3825097877559793_2980221189698950370_n

ដើម្បីចៀសវាងកុំឱ្យជនខិលខូចប្រើឧបករណ៍ AirTag ដើម្បីតាមដានជនណាម្នាក់នោះក្រុមហ៊ុន Apple បានបង្កប់ជាមួយនឹងមុខងារមួយចំនួនមានដូចជា ការបញ្ចេញសំឡេងនៅពេលដែលឧបករណ៍ AirTag មិននៅជិតជាមួយនឹងទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេល ៣ថ្ងៃ ឬប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone វិញនោះ លោកអ្នកនឹងទទួលបានស្រ្គីនក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិតប៉ុន្តែមិនមែនជារបស់លោកអ្នក។

ប៉ុន្តែទោះបីជាក្រុមហ៊ុន Apple មានការប្រុងប្រយ័ត្នជាងក្រុមហ៊ុនដទៃទៀតទាក់ទងនឹងការការពារកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេះសម្រាប់ការតាមដាននោះក្ដី ក៏ជនខិលខូចអាចប្រើឧបករណ៍នេះសម្រាប់ធ្វើការតាមដានបានយ៉ាងងាយស្រួលផងដែរ។


ជាឧទាហរណ៍ ឧបករណ៍ AirTag នឹងបញ្ចេញសំឡេងបន្ទាប់ពីរយៈពេលបីថ្ងៃដែលវាមិននៅជិតទូរសព្ទដែលត្រូវបានកំណត់ ដូច្នេះជនខិលខូចអាចតាមដានលោកអ្នកបានដល់ទៅ ៣ថ្ងៃមុននឹងលោកអ្នកមានការចាប់អារម្មណ៍នោះ។

AirTags Rumors And News

ជាងនេះទៅទៀត ប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ឧបករណ៍នេះនឹងមិនបញ្ចេញសំឡេងអ្វីទាំងអស់ ដោយសារតែជនខិលខូចមានឱកាសច្រើនដើម្បីឱ្យទូរសព្ទរបស់គេអាចនៅជិតឧបករណ៍នេះបាន៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Gsmarena_015