ខណៈពេលដែលអ្នកធ្វើដំណើរខ្លះជ្រើសរើសទៅទស្សនាតំបន់អាកាសធាតុក្តៅសម្រាប់វិស្សមកាលរបស់ពួកគេដោយអង្គុយយ៉ាងរីករាយនៅក្រោមពន្លឺព្រះអាទិត្យ និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅទីនោះ។ ប៉ុន្តែអ្នកផ្សេងទៀតបានជ្រើសរើសយកការធ្វើដំណើរទៅតំបន់ត្រជាក់ដើម្បីចាប់យកទេសភាពដ៏ស្រស់ស្អាតនិងព្រិលជាដើម។
ទោះបីជាភាពសំបូរបែប និងសកម្មភាពនៅសណ្ឋាគារទឹកកកទាំងនោះមានប្រភេទបន្ទប់ខុសគ្នាតាមទីតាំងក៏ដោយ សណ្ឋាគារទឹកកកជាទូទៅមានរបស់មួយចំនួនដូចគ្នា។ សណ្ឋាគារទាំងអស់នោះធ្វើពីទឹកកកនិងព្រិលដូចគ្នា ហើយជាធម្មតាវាត្រូវបានសាងសង់ឡើងវិញជារៀងរាល់ឆ្នាំក្នុងរដូវរងារ ពោលគឺសម្រាប់តែរដូវរងារតែប៉ុណ្ណោះ ។
ហើយកុំបារម្ភអីទោះបីគ្រែខ្លះធ្វើពីទឹកកកក៏ដោយ គេបានរៀបចំពូកដែលមានកំរាស់ក្រាស់សម្រាប់ភ្ញៀវ ដូច្នេះពួកគេមិនគេងទាំងរងារញាប់ញ័រពេញនោះទេ ។
តោះមកមើលសណ្ឋាគារទឹកកកគួរឱ្យភ្ញាក់ផ្អើលចំនួនប្រាំនៅលើពិភពលោកទាំងអស់គ្នា!
១.សណ្ឋាគារ de Glâce ប្រទេសកាណាដា
សណ្ឋាគារមួយនេះស្ថិតនៅខាងក្រៅទីក្រុងកេបិច វាគឺជាសណ្ឋាគារតែមួយគត់ដែលធ្វើពីទឹកកកនៅអាមេរិកខាងជើងដែលបានបើកនៅឆ្នាំ ២០០១ ដែលសណ្ឋាគារនេះបានផ្លាស់ប្តូររចនាសម្ព័ន្ធរបស់វាជារៀងរាល់ឆ្នាំដោយមានចំនួន ២១បន្ទប់។ កាលបរិច្ឆេទបើកអោយដំណើរការសណ្ឋាគារមួយនេះបានផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០២១ សណ្ឋាគារទឹកកកនេះបានបើកពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែមីនា។
២.សណ្ឋាគារ Icehotel ប្រទេសស៊ុយអែត
Icehotel មានទីតាំងស្ថិតនៅក្នុងទីក្រុងតូចJukkasjärvi ដែលមានចម្ងាយ ១២៥ ម៉ាយល៍ពីភាគខាងជើងនៃតំបន់អាក់ទិកក្នុងប្រទេសស៊ុយអែត។ Icehotel ត្រូវបានសាងសង់ឡើងវិញជារៀងរាល់ឆ្នាំនៅរដូវរងារ ដោយផ្តល់ជូននូវបន្ទប់ទឹកកកចាប់ពីខែធ្នូដល់ខែមេសា ខណៈដែលវាមាន ៣៦៥ បន្ទប់និងបើកក្នុងរយៈពេលមួយឆ្នាំពេញ។
៣.សណ្ឋាគារ Snowhotel Kirkenes ប្រទេសន័រវែស
Snowhotel Kirkenes មានទីតាំងនៅភាគខាងជើងប្រទេសន័រវែសដែលវាបើក ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ។ សណ្ឋាគារមានចំនួន ១៤បន្ទប់ គឺ ៧បន្ទប់មានគ្រែពីរនិង៧បន្ទប់ទៀតមានគ្រែបួន។ ក្នុងរដូវរងារនៅទីនោះមានដំណើរកំសាន្តមួយចំនួនរួមមាន ៖ ការធ្វើដំណើរទេសចរណ៍ទៅមើលឧទ្យានស្តេចក្តាម ( King crab )និងការធ្វើដំណើរទៅមើលពន្លឺនៅឯភាគខាងជើង។
៤.សណ្ឋាគារ Hotel of Ice ប្រទេសរ៉ូម៉ានី
សណ្ឋាគារនេះត្រូវបានសាងសង់ពីទឹកកកនិងព្រិលជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៥ ដែលមានបន្ទប់ទ្វេរនិងបន្ទប់ទទួលភ្ញៀវដែលអាចធ្វើអោយអ្នកដំណើរស្វែងរកបទពិសោធន៍ថ្មីៗបាន។ វាថែមទាំងផ្តល់ជូននូវភោជនីយដ្ឋាននិងបារទឹកកកសម្រាប់បម្រើម្ហូប, បង្អែម និងភេសជ្ជៈផ្សេងៗទៀតផង។
៥.សណ្ឋាគារ SnowCastle Resort ប្រទេសហ្វីនលែន
មានទីតាំងស្ថិតនៅក្នុងទីក្រុង kemi ប្រទេសហ្វីនលែនត្រូវបានបើក ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។ដោយសារការរីករាលដាលនៃជំងឺ covid 19 នេះ Snowcastle នឹងផ្អាកដំណើរការរហូតដល់ឆ្នាំ ២០២២ ប៉ុន្តែអ្នកទេសចរនៅតែអាចពិនិត្យមើលរូបចម្លាក់ទឹកកកនិងផ្ទាំងទឹកកកនៅ SnowExperience365 បាន ៕
ប្រភព៖ បរទេស