ក្រៅពីមានរូបរាងស្រដៀងទៅហ្នឹងខ្ញី រមៀតគឺជាគ្រឿងទេសពណ៌ទឹកក្រូចដែលជាទូទៅវាមាននៅក្នុងម្ហូបឥណ្ឌា, អាស៊ីអាគ្នេយ៍ និងមជ្ឈឹមបូព៌ាជាដើម។ នៅប្រទេសឥណ្ឌាគេក៏បានយកវាទៅប្រើធ្វើជាថ្នាំដើម្បីព្យាបាលជម្ងឺមួយចំនួនដូចជាបញ្ហាដកដង្ហើម អស់ជាច្រើនសតវត្សរ៍មកហើយ។
កាលពីពេលថ្មីៗនេះ បើយោងទៅតាមរបាយការណ៍បានអោយដឹងថា រមៀតត្រូវបានគេចាត់ទុកថាជាអាហារទំនើបដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺកាចអាហាវជាច្រើនដូចជា ជម្ងឺមហារីក , ជម្ងឺទឹកនោមផ្អែម, ជួយសម្រួលដល់ជម្ងឺធ្លាក់ទឹកចិត្ត និងជម្ងឺជាច្រើនទៀតផងដែរ។ ដូច្នេះអ្នកគួរតែស្វែងយល់ពីអ្វីដែលរមៀតអាចជួយបាន ដើម្បីធ្វើអោយសុខភាពរបស់អ្នកបានប្រសើរជាងមុន ។
១.កាត់បន្ថយជម្ងឺធ្លាក់ទឹកចិត្ត
សមាសធាតុជាច្រើននៅក្នុងរមៀតអាចជួយដល់សុខភាពរបស់អ្នកបាន ហើយអ្វីដែលគេស្គាល់ច្រើនអំពីវានោះគឺដោយសារតែវាមានផ្ទុកនូវសារជាតិដែលអាចផលិតជាថ្នាំ curcumin ។ អ្នកវិទ្យាសាស្រ្តជាច្រើននាក់មានសេចក្តីរីករាយយ៉ាងខ្លាំង ចំពោះសក្តានុពលរបស់ថ្នាំ curcumin ដែលផលិតមកពីរមៀតណាស់ ព្រោះវាអាចកាត់បន្ថយការធ្លាក់ទឹកចិត្តនិងជួយឱ្យថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដំណើរការបានល្អថែមទៀតផង។
២.អាចព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២
ដោយសារតែសារធាតុ Curcumin ដែលផលិតមកពីរមៀតអាចជួយប្រឆាំងនឹងការរលាកនិងរក្សាកម្រិតជាតិស្ករក្នុងឈាមបានជាប្រចាំ ដូច្នេះវាអាចជាឧបករណ៍មានប្រយោជន៍ក្នុងការការពារឬព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ២បាន។ ការសិក្សាមួយបានតាមដានមនុស្សពេញវ័យចំនួន ២៤០ នាក់ដែលមានជំងឺទឹកនោមផ្អែមហើយពួកគេក៏បានរកឃើញថាការទទួលទានសារជាតិថ្នាំ curcumin ដែលផលិតមកពីរមៀត ក្នុងរមៀតរយៈពេល ៩ ខែ អាចកាត់បន្ថយនូវអត្រានៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។
៣.សម្រួលក្នុងការមករដូវ
ការសិក្សាថ្មីមួយដែលបានតាមដានវដ្តរដូវរបស់ស្ត្រីចំនួនបីដងជាប់ៗគ្នា បានរកឃើញថាថ្នាំគ្រាប់ curcumin ដែលផលិតមកពីរមៀតអាចជួយសម្រួលដល់រោគសញ្ញា PMS ហើយថែមទាំងអាចជួយបន្ធូរបន្ថយការឈឺចាប់ពេលមករដូវបានផងដែរ។
៤.ព្យាបាលជម្ងឺមហារីក
ការសិក្សានៅមន្ទីរពិសោធន៍បានរកឃើញថា រមៀតអាចបញ្ឈប់ការលូតលាស់កោសិកាមហារីកនិងជួយបន្សាបជាតិអង់ស៊ីមបានល្អប្រសើរនិងខ្លាំងក្លាទៀតផង។ ទោះជាយ៉ាងណាក៏ដោយ រមៀតក៏អាចមានឱកាសក្នុងការរំខានដល់ការព្យាបាលដោយប្រើគីមីមួយចំនួនផងដែរ។
៥.បំបាត់ការឈឺក្បាល
ការស្រាវជ្រាវបានបង្ហាញថា ដោយសារតែវាជាថ្នាំធម្មជាតិដូចជាខ្ញីដែរ ហេតុនេះហើយទើបមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលរមៀតត្រូវបានគេណែនាំអោយប្រើដើម្បីព្យាបាលការឈឺក្បាលនិងឈឺក្បាលប្រកាំងជាដើម ។
៦.បំបាត់មុន
មនុស្សមួយចំនួនបានអះអាងថាការលាបម្សៅរមៀតនៅលើមុខគឺអាចជួយបំបាត់មុនបានយ៉ាងមានប្រសិទ្ធិភាពបំផុត ដោយសារតែវាមានផ្ទុកនូវសារជាតិដែលអាចប្រឆាំងនឹងបាក់តេរីផ្សេងៗដែលមាននៅលើមុខបាន ហើយការលាបម្សៅរមៀតនៅលើដងខ្លួន ថែមទាំងអាចប្រឆាំងជាមួយហ្នឹងការរលាកដោយសារកម្តៅបានទៀតផង ៕
ប្រភព: បរទេស