ដោយមានទីតាំងនៅក្នុងទីក្រុងមូស្គូ និង Saint Petersburg ហាងកាហ្វេលក្ខណៈ 2D មួយនេះ បានក្លាយទៅជាទីតាំងដ៏ពេញនិយមបំផុត ដោយសារតែមានភាពខុសប្លែកពីគេ និងការតុបតែងបានយ៉ាងល្អ ម្យ៉ាងទៀតបើមើលតែមួយភ្លែត ហាងកាហ្វេមួយនេះប្រៀបបានដូចជាគំនូរជីវចលនៅក្នុងសៀវភៅអញ្ចឹង។
នៅពេលដែលភ្ញៀវដើរចូលទៅខាងក្នុង ពួកគេនឹងត្រូវបានស្វាគមន៍ដោយជញ្ជាំងផ្ទៃពណ៌សលាយខ្មៅ ហើយមិនត្រឹមតែប៉ុណ្ណោះទេ អ្វីៗគ្រប់យ៉ាងនៅខាងក្នុងហា ងរួមទាំងកំរាលឥដ្ឋ និងគ្រឿងសង្ហារិមជាដើមក៏ត្រូវបានលាបពណ៌ជាមួយបន្ទាត់ក្រាហ្វិចផងដែរ។
ម្ចាស់ហាងបាននិយាយថា គំនិតនេះត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរទស្សនីយភាពថ្មី និងធ្វើអោយហាងកាហ្វេមួយកន្លែងនេះមានភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ពីសំណាក់អតិថិជនរបស់ពួកគេ ។ បើនិយាយពីការតុបតែងលក្ខណៈ 2D មួយនេះវិញគឺចំណាយពេលតែជាងមួយខែប៉ុណ្ណោះ រីឯថ្នាំលាបវិញប្រើអស់ត្រឹមតែប្រហែល ១០០ គីឡូក្រាម ហើយជាថ្នាំដែលត្រូវបានគេប្រើរួចម្តងហើយទៀតផង។
យ៉ាងណាមិញ ទោះបីជាពួកគេទទួលបានភាពល្បីល្បាញដោយសារតែហាងមានភាពច្នៃប្រឌិតក៏ដោយ ប៉ុន្តែចំពោះគុណភាពកាហ្វេ និងម្ហូបនៅទីនោះវិញក៏មានរសជាតិឆ្ងាញ់ផងដែរ ទើបជាហេតុបណ្តាលអោយភ្ញៀវសម្រេចចិត្តមកហាងមួយនេះ ពោលគឺបានទាំងសាកជាមួយអាហារឆ្ងាញ់ និងអាចថតរូបស្អាតៗនៅទីនោះថែមទៀតផង ៕
ប្រភព ៖ បរទេស