បច្នុប្បន្ននេះមានសណ្ឋគារជាច្រើនដែលបានសាងសង់ឡើងដោយមានហេដ្ឋារចនាសម្ព័ន្ធនិងការតុបតែងលំអខុសៗគ្នាទៅតាមសម័យនិងភាពច្នៃប្រឌិត ។ សណ្ឋាគារខ្លះក៏មានអាយុកាលយូររាប់សិបឆ្នាំមកហើយប៉ុន្តែនៅតែមានអ្នកចូលមកស្នាក់នៅដដែល ក៏ព្រោះតែមានសេវាកម្មល្អ ឬការតុបតែងមានដែលអាចទាក់ទាញអារម្មណ៍ភ្ញៀវ។ តោះកុំអោយខាតពេលយូរ ថ្ងៃនេះយើងមកស្គាល់សណ្ឋាគារមួយនៅសហរដ្ឋអាមេរិកដែលមានឈ្មោះល្បីល្បាញ និងការតុបតែងពោរពេញទៅដោយរូបត្លុកខុសប្លែកពីគេ។
សណ្ឋាគារនេះមានឈ្មោះ Clown Motel ដែលស្ថិតនៅតាមបណ្តោយផ្លូវធំភាគខាងជើងនៃទីក្រុងតុងប៉ូតារដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក ដែលបានបើកបម្រើការចាប់តាំងពីឆ្នាំ ១៩៨៥ មកម្ល៉េះ។ វាមានបន្ទប់សរុបចំនួន ៣១បន្ទប់ និងការតុបតែងដោយរូបត្លុកជាច្រើន ដែលជាហេតុបណ្តាលអោយវាមានភាពល្បីល្បាញជាខ្លាំង។ នៅក្នុងឆ្នាំ ១៩៩៥ សណ្ឋាគារនេះត្រូវបានគេលក់ទៅអោយបុរសម្នាក់ឈ្មោះ Bob Perchetti និងបន្តរដំណើរការអស់រយះពេល២២ឆ្នាំ ប៉ុន្តែគាត់បានដាក់លក់វិញនៅក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃ ៩០០,០០០ ដុល្លារ។
ពីរឆ្នាំក្រោយមកនៅខែមេសាឆ្នាំ ២០១៩ សណ្ឋាគារមួយនេះត្រូវបានទិញដោយលោកវីជេមេរ៉ា (Vijay Mehar ) និងបងប្រុសរបស់គាត់ឈ្មោះហាំអាណាន់ (Hame Anand) ។ ហើយគួរបញ្ជាក់ផងដែរថាសណ្ឋាគារនេះមានទីតាំងស្ថិតនៅជាប់នឹងទីបញ្ចុះសព Tonopah ដែលជាកន្លែងឪពុករបស់ម្ចាស់ដើមមានឈ្មោះ Leroy និង Leona David ត្រូវបានបញ្ចុះនៅទីនោះផងដែរ។
ប៉ុន្តែទោះបីជាវាមានទីតាំងនៅកន្លែងបែបនេះក៏ដោយ មកដល់បច្ចុប្បន្ននេះមានមនុស្សជាច្រើនដែលចូលចិត្តរូបត្លុក និងបានចូលទៅស្នាក់នៅទីនោះ ហើយវាក៏បានជាប់ឈ្មោះជាសណ្ឋាគារដ៏មានកេរ្ត៏ឈ្មោះល្បី និងមានរូបត្លុក ច្រើនជាងគេ ៕
ប្រភព ៖ បរទេស