តើអ្នកបានផ្តល់ការបំបៅដល់កូនគ្រប់គ្រាន់ដែរទេ?
ការព្រួយបារម្ភរបស់អ្នកម្តាយដែលទើបទទួលបានបុត្រដំបូងនោះគឺការថែរទាំទារកទើបសម្រាលឲ្យមានសុខភាពល្អ។
ជាពិសេស អ្នកម្តាយតែងតែចង់ដឹងថា តើកូនរបស់ពួកគេទទួលបានបរិមាណទឹកដោះគ្រប់គ្រាន់ដែរឬទេ?
១. ចំពោះទារកទើបនឹងសម្រាល រហូតដល់ ២ខែ៖ ក្នុងកំឡុងខែដំបូងទារកត្រូវការបំបៅចន្លោះពេលពី ៨ ដល់១២ដងក្នុងមួយថ្ងៃ ហើយក្នុងមួយដងបំបៅប្រហែល ៤៤មីលីលីត្រ ទៅ ៨៨មីលីលីត្រ រយៈពេលប្រហែល ២ទៅ៣ម៉ោងម្តង។ ក្នុងអំឡុងពេល ២ទៅ៣សប្តាហ៍ដំបូងនេះ ប្រសិនបើកូនរបស់អ្នកមិនភ្ញាក់ដោយខ្លួនឯង អ្នកគួរបីកូនរបស់អ្នកឡើង ដើម្បីបំបៅឲ្យបានគ្រប់គ្រាន់។
២. ចំពោះទារកនៅអាយុ ២ខែ៖ ពួកគេអាចទទួលទានទឹកដោះបានចន្លោះពី១១៨-១៤៧មីលីលីត្រនៅពេលបំបៅម្តងៗ ដែលមានរយៈពេលប្រហែល៣ ទៅ៤ ម៉ោងម្តង។
៣. នៅពេលទារកមានអាយុ ៤ខែ៖ ពួកគេអាចត្រូវការការបំបៅរហូតដល់ ១៧៧មីលីលីត្ររាល់ពេលបំបៅម្តងៗ។ នៅអំឡុងពេលនេះអ្នកគួរតែបន្តបំបៅកូនដោយទឹកដោះរហូតដល់ពួកគេមានអាយុ ៦ខែ ជៀសវាងការផ្តល់អាហារផ្សេងក្រៅពីទឹកដោះដល់ទារក។
៤. ចំពោះទារកដែលមានអាយុ ៦ខែ៖គឺមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ពីព្រោះទារកបានឆ្លងកាត់ការលូតលាស់ជារៀងរាល់ថ្ងៃ។ ក្នុងអំឡុងពេលនេះ ទារកអាចបៅប្រហែល ២៣៦មីលីលីត្រ។
អ្នកក៏អាចសម្គាល់សញ្ញាមួយចំនួនបានផងដែរថាទារកបៅបានគ្រប់គ្រាន់៖
• ទារករុញដបទឹកដោះគោចេញ ឬច្រានអ្នកចេញ
• ទារកគេងលក់អំឡុងពេលកំពុងបំបៅ
• ទារកគ្រវីក្បាល ឬបិទមាត់នៅស្ងៀមមិនបៅ
ក្រៅពីនេះទៅទៀត ខាងក្រោមនេះគឺជាសញ្ញាដែលអ្នកម្តាយគួរកត់សម្គាល់ ឬអាចពិគ្រោះជាមួយគ្រូពេទ្យ
• ទឹកនោមមានពណ៍លឿងជាំ និងមានទឹកនោមតិចតួច
• គេងច្រើនខុសធម្មតាមិនចង់បៅ
• ទារកយំខុសធម្មតា បន្ទាប់ពីបំបៅរួច
ប្រភព៖បរទេស