សណ្ឋាគារដ៏ប្រណិតនៅក្នុងប្រទេសប៉េរ៉ូ Peru មួយនេះ មានទីតាំងស្ថិតនៅក្នុងជ្រលងភ្នំ Sacred Valley ដែលត្រូវបានគេស្គាល់ថាជាប្រភេទ Skylodge Adventure Suites ។ សណ្ឋាគារមួយនេះមិនត្រឹមតែមានបន្ទប់ព្យួរដែលមានរូបរាងដូចជាប្រអប់និងសំបុកចាបប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់អោយភ្ញៀវនូវអារម្មណ៍ប្លែកៗជាមួយនឹងទេសភាពដ៏អស្ចារ្យនៃជ្រលងភ្នំទៀតផង។
ហើយអ្វីដែលកាន់តែពិសេសនោះ គឺដើម្បីគេងនៅទីនេះភ្ញៀវទាំងអស់ត្រូវធ្វើតែដំណើរឡើងទៅសណ្ឋាគាររហូតដល់ទៅ ៤០០ ម៉ែត្រដោយពាក់ខ្សែរកាបតោងឡើង ឬជិះខ្សែររ៉កជាដើម។
នាពេលយប់ភ្ញៀវទេសចរណ៍ក៏អាចមើលឃើញនូវទេសភាពដ៏អស្ចារ្យរបស់ Milky way ផងដែរ។
លោក Natalia Rodriguez ដែលជាអ្នកគ្រប់គ្រងកន្លែងកំសាន្ត SkyLodge មួយនេះបានប្រាប់ថា “ការជំរុញទឹកចិត្តក្នុងការបង្កើតសណ្ឋាគារនេះគឺដើម្បីផ្តល់នូវបទពិសោធន៍ដ៏ថ្មីមួយដែលអាចភ្ជាប់ទំនាក់ទំនងរវាងភ្ញៀវជាមួយនឹងធម្មជាតិ ហើយជាពិសេសគឺធ្វើអោយពួកគេចងចាំទេសភាពដ៏អស្ចារ្យមួយនេះ និងមិនអាចបំភ្លេចបាន”។
គួរអោយដឹងដែរថា នៅខាងក្នុងបន្ទប់ដែលមានរាងដូចប្រអប់ទំហំ២៤គុណ នឹង៨ហ្វីតនេះ ភ្ញៀវនឹងទទួលបានគ្រែបួន,កន្លែងបរិភោគអាហារនិងបន្ទប់ទឹកឯកជនថែមទៀតផង។
លោក Rodriguez ក៏បានបន្ថែមដែរថា “ដើម្បីប្រឈមជាមួយនឹងបញ្ហាចម្បងនៃចលនាខ្យល់ចេញចូលនិងខ្យល់បក់បោក លោកក៏បានសម្រេចចិត្តរៀបចំសណ្ឋាគារនេះឡើងដោយធ្វើចេញពីអាលុយមីញ៉ូមរបស់យាន្តអវកាស និងប៉ូលីកាបូណាតដែលធន់នឹងអាកាសធាតុបានយ៉ាងល្អ ដូច្នេះភ្ញៀវអាចស្នាក់នៅទីនោះដោយមានសុវត្ថិភាពបំផុត៕
ប្រភព ៖ បរទេស