ប្រូតេអ៊ីន ត្រូវបានបង្កើតឡើងដោយសមាសធាតុគីមីដែលហៅថា អាស៊ីដអាមីណូ។ វាគឺជាផ្នែកដ៏សំខាន់មួយនៃរបបអាហារដែលល្អបំផុតចំពោះរាងកាយ និងសុខភាពរបស់យើង ព្រោះជាទូទៅរាងកាយរបស់យើងម្នាក់ៗ គឺតែងតែប្រើអាស៊ីតអាមីណូ ដើម្បីបង្កើត និងជួសជុលសាច់ដុំ, ឆ្អឹង, អរម៉ូន និងអង់ស៊ីមជាដើម ហើយម្យ៉ាងទៀតពួកវាក៏អាចត្រូវបានគេយកទៅប្រើជាប្រភពថាមពលថែមទៀតផង។
ខាងក្រោមនេះគឺជាឥទ្ធិពលរបស់ប្រូតេអ៊ីនចំពោះរាងកាយនិងសុខភាពដែលអ្នកមិនគួរមើលរំលង!
១.ពង្រឹងឆ្អឹង
តាមការសិក្សាបានបង្ហាញថា ការទទួលបានបរិមាណប្រូតេអ៊ីនត្រឹមត្រូវនៅក្នុងរបបអាហាររបស់អ្នក អាចធ្វើអោយប្រសើរឡើងនូវសុខភាពឆ្អឹង ព្រមទាំងជួយកាត់បន្ថយឱកាសនៃជំងឺពុកឆ្អឹង (ការបាត់បង់ឆ្អឹង) និងជួយរក្សាដង់ស៊ីតេឆ្អឹងនៅពេលដែលអ្នកមានអាយុច្រើនផងដែរ។
២.ជំនួយបេះដូង
ការសិក្សាលើប្រូតេអ៊ីន (ជាពិសេសប្រូតេអ៊ីនពីរុក្ខជាតិ) បានបង្ហាញថាវាអាចជួយបន្ថយសម្ពាធឈាមបានយ៉ាងល្អ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏អាចបំផ្លាញកម្រិតកូឡេស្តេរ៉ុលអាក្រក់ ដែលអាចជួយបន្ថយហានិភ័យនៃជំងឺបេះដូងថែមទៀតផង។
៣.ព្យាបាលរបួស
ប្រូតេអ៊ីនត្រូវបានគេហៅថាជាការបង្កើតជាលិកា និងជាសរីរាង្គនៃរាងកាយរបស់អ្នក ព្រោះវាអាចផ្តល់នូវថាមពលក្នុងការព្យាបាលមុខរបួសអោយឆាប់ជាសះស្បើយបានលឿនជាងមុន និងកាត់បន្ថយការរលាកដោយបង្កើតជាលិកាថ្មីនៅកន្លែងរងរបួសបានយ៉ាងល្អបំផុត។
៤.ដុតបំផ្លាញកាឡូរី
កម្រិតប្រូតេអ៊ីនខ្ពស់គ្រប់គ្រាន់នៅក្នុងរបបអាហារអាចជួយបង្កើនការរំលាយអាហាររបស់អ្នក (អត្រាដែលរាងកាយរបស់អ្នកប្រើកាឡូរី) មានន័យថា វាអាចដុតកាឡូរីបានជាច្រើននៅក្នុងមួយថ្ងៃទោះបីជាពេលដែលអ្នកសម្រាកក៏ដោយ។ ការដុតបំផ្លាញកាឡូរីបែបនេះមិនត្រឹមតែអាចជួយសុខភាពរបស់អ្នកបានល្អប្រសើរនោះឡើយ តែវាក៏អាចរក្សារាងកាយរបស់អ្នកអោយមានតុល្យភាពផងដែរ។
៥.ជម្រុញប្រព័ន្ធភាពស៊ាំរបស់អ្នក
ប្រូតេអ៊ីន ត្រូវបានផលិតចេញពីអាស៊ីដអាមីណូ ហេតុនេះហើយទើបវាអាចជួយបង្វែរសមាសធាតុសំខាន់ៗនៅក្នុងប្រព័ន្ធភាពស៊ាំរបស់អ្នកដែលរួមមានដូចជា៖ កោសិកាT, កោសិកាB និងអង្គបដិប្រាណ អោយប្រែទៅជាប្រយុទ្ធប្រឆាំងនឹងមេរោគដែលអាចបង្កគ្រោះថ្នាក់នៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺវាថែមទាំងអាចជួយការពាររាងកាយរបស់អ្នកពីជម្ងឺឆ្លងផ្សេងៗបានថែមទៀតផង៕
ប្រភព ៖ បរទេស