មិនថាជាក្មេងស្រីពេញវ័យទើបតែចាប់ផ្តើមមករដូវ ឬវ័យដែលមានរដូវមកយូរហើយក៏ដោយ គឺតែងតែមានការព្រួយបារម្ភអំពីការផ្លាស់ប្តូរពណ៌ឈាមរដូវរបស់ពួកគេ។ ពួកគេចង់ដឹងថា តើវាមានបញ្ហាអ្វីដល់សុខភាពដែរឬទេ?
ហេតុអីទើបបានជាមានពណ៌ខុសគ្នារៀងរាល់ខែបែបនេះ?
ឈាមរដូវដែលមានពណ៌ក្រហមស្រស់ ឬពណ៍ត្នោតវាត្រូវបានគេចាត់ទុកថាជាការប្រែប្រួលធម្មតា អំឡុងពេលប៉ុន្មានឆ្នាំដំបូងនៃការចាប់ផ្តើមមានរដូវរបស់ក្មេងស្រីទើបពេញវ័យ។ ម្យ៉ាងវិញទៀតការផ្លាស់ប្តូរពណ៌ឈាមរដូវនេះវាខុសគ្នាទៅតាមដំណាក់កាលនៃវដ្តរដូវផងដែរ។ ឧទាហរណ៍៖ ឈាមរដូវមានពណ៌ក្រហមស្រស់នៅថ្ងៃមករដូវដំបូង និងមានពណ៌ត្នោតនៅពេលជិតអស់រដូវ។ ហើយវាក៏អាចប្រែជាពណ៌ត្នោតនៅថ្ងៃមករដូវដំបូង និងមានពណ៌ក្រហមស្រស់នៅថ្ងៃចុងក្រោយផងដែរ។
ហេតុអ្វីឈាមរដូវមានពណ៌ខុសគ្នា?
តោះ! អានការបកស្រាយខុសៗទៅតាមពណ៌នៃឈាមរដូវដូចខាងក្រោមនេះទាំងអស់គ្នា
ពណ៌ផ្កាឈូក
ឈាមរដូវពណ៌ផ្កាឈូក ក៏អាចបង្ហាញថាកម្រិតអរម៉ូនអ៊ឹស្ត្រូសែនទាប។ ជាញឹកញាប់ឈាមរដូវដែលមានពណ៌បែបនេះអាចឃើញមាននៅពេលដែលរដូវរបស់អ្នកចាប់ផ្តើមមក ឬនៅថ្ងៃចុងក្រោយ។ នៅដំណាក់កាលដែលមានពណ៌ផ្កាឈូកបែបនេះ វាអាចបណ្តាលមកពីមានការលាយចូលគ្នារវាងឈាមរដូវជាមួយនឹងសារធាតុរ៉ាវនៃទ្វារមាស ដើម្បីជួយឲ្យទ្វារមាសរបស់អ្នកមានសុខភាពល្អ មិនស្ងួត និងការពារការឆ្លងមេរោគ ឬរលាក។
ពណ៌ទឹកក្រូច
ឈាមរដូវពណ៌ទឹកក្រូចអាចជាសញ្ញានៃឈាមរដូវដែលលាយជាមួយសារធាតុរាវនៃមាត់ស្បូន។ ប៉ុន្តែប្រសិនបើអ្នកមានឈាមរដូវពណ៍ទឹកក្រូចរួមទាំងមានក្លិនមិនល្អទៀតនោះ គេសង្ស័យថាអាចបណ្តាលមកពីការឆ្លងបាក់តេរីទ្វារមាស ឬមានជម្ងឺកាមរោគ។
ពណ៌ក្រហមថ្លា
នៅពេលអំឡុងពេលដែលស្បូនរបស់អ្នកចាប់ផ្តើមហូរឈាមរដូវច្រើន អ្នកអាចសម្គាល់ឃើញថាវាមានពណ៌ក្រហមថ្លា។ ប៉ុន្តែវាក៏អាចជាសញ្ញានៃការមានផ្ទៃពោះ និងមានការឆ្លងមេរោគមួយចំនួនផងដែរ។
ពណ៌ក្រហមស្រអាប់
ឈាមក្រហមស្រអាប់ គឺជារឿងធម្មតានោះទេ ព្រោះបណ្តាលមកពីវានៅក្នុងទ្វារមាសយូរ ហើយជួនកាលគេឃើញមានការកកឈាមធ្លាក់មកផងដែរ។
ពណ៌ត្នោត ឬខ្មៅ
ឈាមរដូវពណ៌ត្នោត ឬខ្មៅអាចឃើញមាននៅពេលចាប់ផ្តើមមករដូវដំបូង ឬថ្ងៃជិតអស់រដូវ ហេតុនេះអ្នកកុំព្រួយបារម្ភអី។
ពណ៌ប្រផេះ
ប្រសិនបើអ្នកឃើញឈាមរដូវមានពណ៌ប្រផេះ មានក្លិនមិនល្អ រមាស់ ឬឈឺចាប់នោះ គឺវាអាចបណ្តាមមកពីមានការបង្ករោគ។ ហេតុនេះអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យ៕
ប្រភព៖ បរទេស