ក្នុងពិភពលោកយើងនេះ នៅតាមបណ្តាប្រទេសនីមួយៗគឺសុទ្ធតែមានតែវប្បធម៌, សំលៀកបំពាក់, ភាសា ឬទង់ជាតិ ដែលតំណាងអោយប្រទេសរបស់ខ្លួន។ ប៉ុន្តែនៅក្នុងនោះក៏មានផ្កាដែលត្រូវបានគេចាត់ទុកថាជាផ្កាតំណាងអោយប្រទេសផងដែរ។
ហើយខាងក្រោមនេះគឺជាឈ្មោះផ្កាទាំង១០ នៅក្នុងតំបន់អាស៊ាន និងអត្ថន័យវាដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានពីមុន!
១. ប្រទេសកម្ពុជា
ចំពោះកម្ពុជា គឺបានជ្រើសរើសផ្ការំដួល ( Romduol, Devil tree, White Cheesewood) ជាផ្កាតំណាងឲ្យជាតិខ្លួន។ វាជាផ្កាដែលមានពីរពណ៌ គឺពណ៌ស និងលឿងនៅលើផ្កាតែមួយ ហើយតែងតែចោលក្លិនក្រអូបប្រហើរស្រាលស្រទន់នៅពេលល្ងាច។ បើនិយាយពីអត្ថន័យវិញ នៅក្នុងអតីតកាលនៃដែនដីអច្ឆរិយមួយនេះ ក្លិនក្រអូបផ្ការំដួល គឺត្រូវបានគេប្រៀបប្រដូចទៅនឹងស្ត្រីខ្មែរ។ ហើយដើមផ្ការំដួលភាគច្រើនគឺមានកម្ពស់ ៨-១២ម៉ែត្រ ដែលគេនិយមដាំនៅក្នុងសួនច្បារសាធារណៈនានា។
២. ប្រទេសម៉ាឡេស៊ី
ផ្កាតំណាងជាតិរបស់ប្រទេស គឺផ្ការំយោល ដែលភាសាម៉ាឡេយូ មានន័យថា Bunga raya (អានថា ប៊ុងង៉ា-រ៉ាយ៉ ឬប៊ុងង៉ារ៉ាយ៉ា)។ ផ្ការំយោលនេះត្រូវបានទទួលរហស្សនាមថាជា “ រាជនីនែទីក្រុងផ្កានារដូវក្តៅ ” ដោយតំណាងឲ្យគោលការណ៍ទាំង៥ នៃភាពជាជាតិនិយមរបស់ប្រទេសម៉ាឡេស៊ី ដែលជាគោលការណ៍កសាងជាធ្លុងមួយ និងភាពអត់ធ្មត់ដើម្បីជាតិ។
៣ . ប្រទេសឥណ្ឌូណេស៊ី
ផ្កាអ័រគីដេរាត្រី គឺជាផ្កាតំណាងជាតិនៃប្រទេសមួយនេះ។ ផ្កាអ័រគីដេរាត្រី ឬ Moon Orchid ជាផ្កាអ័រគីដេអម្បូរ Phalaenopsis និងជាផ្កាមួយក្នុងចំណោមផ្កាអ័រគីដេ ដែលរីកបានយូរជាងគេ។ ដោយផ្កាមួយមែកអាចរីកបានយូរពី២-៦ខែ និងអាចរីកធំបានល្អក្នុងអាកាសធាតុសើម។ ដែលជាទូទៅគេអាចមើលឃើញវានៅក្នុងតំបន់ទំនាបរបស់ប្រទេសឥណ្ឌូណេស៊ី។
៤. ប្រទេសវៀតណាម
ប្រជាជនវៀតណាមចាត់ទុកផ្កាឈូកជាផ្កាមួយក្នុងចំណោមផ្កា និងរុក្ខជាតិដែលមានគុណធម៌ទាំងបួន ដូច្នេះហើយវាត្រូវបានគេដាំនៅពាសពេញប្រទេសដូចជាក្នុងបឹង និងស្រះជាដើម។ ចំពោះជនជាតិវៀតណាម ផ្កាឈូកគឺជានិមិត្តរូបនៃភាពបរិសុទ្ធ, ការប្តេជ្ញាចិត្ត និងសុទិដ្ឋិនិយមសម្រាប់អនាគត ម្យ៉ាងទៀតផ្កាឈូក គឺជាផ្នែកមួយនៃវប្បធម៌វៀតណាម ដែលត្រូវបានគេយកទៅរួមបញ្ចូលក្នុងស្ថាបត្យកម្មផ្សេងៗ ក៏ដូចជាកំណាព្យ និងចម្រៀងប្រពៃណីរបស់វៀតណាមទៀតផង។
៥. ប្រទេសមីយ៉ាន់ម៉ា
ផ្កាតំណាងជាតិរបស់ពួកគេគឺជាផ្កា Paduak ដែលមានផ្កាពណ៌លឿង និងក្លិនក្រអូប ហើយជាទូទៅវាគឺរីកនៅខែមេសាស្របពេលនឹងពិធីបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន់ម៉ា។ នៅពេលវាចេញផ្កាដើមឈើទាំងមូលនឹងប្រែជាពណ៌មាសពាសពេញដើម ដែលប្រជាជនមីយ៉ាន់ម៉ាចាត់ទុកផ្កា Paduak ជានិមិត្តរូបនៃភាពរឹងមាំ និងភាពអត់ធន់ មួយវិញទៀតផ្កាដ៏ស្រស់ស្អាតនេះក៏ជានិមិត្តរូបនៃយុវវ័យសេចក្តីស្នេហាផងដែរ។ ផ្កា Paduak បានដើរតួជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាននៅក្នុងពិធីប្រពៃណី និងពិធីសាសនាផ្សេងៗនៅប្រទេសមីយ៉ាន់ម៉ា។
៦. ប្រទេសឡាវ
ផ្កាចំបុី គឺជាផ្កាតំណាងអោយជាតិ និងជានិមិត្តរូបផ្លូវការរបស់ប្រទេសឡាវ ហើយវាមានច្រើនពណ៌ដូចជា៖ ពណ៌ស ពណ៌ក្រហម និងពណ៌ផ្កាឈូក។ សម្រាប់ប្រជាជនឡាវ ផ្កាចំប៉ាតំណាងឱ្យភាពស្មោះត្រង់ និងសេចក្តីអំណរក្នុងជីវិត ហើយជារឿយៗផ្កានេះត្រូវបានគេប្រើសម្រាប់ការតុបតែងនៅក្នុងពិធីនានា ឬធ្វើជាកម្រងផ្កាដើម្បីស្វាគមន៍ភ្ញៀវជាដើម។ ផ្កាចំប៉ាគឺរីកជារៀងរាល់ថ្ងៃ និងមានរយៈពេលយូរ ដែលត្រូវបានដាំនៅទូទាំងប្រទេស និងជាពិសេសនៅក្នុងទីទួលវត្តអារាមផងដែរ។
៧. ប្រទេសសិង្ហបុរី
ផ្កាតំណាងជាតិរបស់សិង្ហបុរី គឺជាផ្កាអ័រគីដេ Vanda Miss Joaquim ដែលឈ្មោះរបស់វាត្រូវបានគេដាក់តាមអ្នកផ្សាំពូជផ្កានេះគឺអ្នកស្រី Miss Agness Joaquim។ ផ្កាអ័រគីដេនេះជាពូជផ្កាដែលផ្សំរវាង Vanda teress និង Vanda Hookeriana ដែលអាចរីកបានរហូតទៅដល់ពេញមួយឆ្នាំ។
៨. ប្រទេសហ្វីលីពីន
Sampaguita គឺជាផ្កាម្លិះត្រូវបានគេយកធ្វើជាផ្កាជាតិរបស់ប្រទេសហ្វីលីពីនចាប់តាំងពីឆ្នាំ ១៩៣៤ មកម្ល៉េះ ដោយផ្កានេះគឺរីកមួយថ្ងៃពេញ និងមានក្លិនក្រអូបប្លែកទៀតផង។ សម្រាប់ប្រជាជនហ្វីលីពីនវិញ ផ្កានេះគឺជានិមិត្តរូបនៃភាពបរិសុទ្ធ ភាពសាមញ្ញ ភាពរាបសារ និងកម្លាំងចិត្ត។ ដែលគេជឿជាក់ថាផ្កានេះត្រូវបាននាំយកពីតំបន់ហិម៉ាឡៃយ៉ា ទៅកាន់ប្រទេសហ្វីលីពីននៅសតវត្សទី ១៧។
៩. ប្រទេសថៃ
ផ្ការាជព្រឹក្ស គឺជាផ្កាតំណាងអោយប្រទេសថៃ ដែលមានរាងជាចង្កោមពណ៌លឿង និងស្រស់ស្អាត។ ប្រជាជនថៃចាត់ទុកពណ៌លឿងរបស់វាជាពណ៌នៃព្រះពុទ្ធសាសនា និងពណ៌នៃសិរីមង្គលល្អ ហើយវាក៏ជានិមិត្តរូបនៃសាមគ្គីភាព និងភាពសុខដុមរមនារបស់ប្រជាជនថៃផងដែរ។ ចំណែកឯផ្កានេះក៏ត្រូវបានឃើញមានដាំនៅតាមដងផ្លូវជាច្រើននៅក្នុងប្រទេសថៃ។
១០. ប្រទេសប្រ៊ុយណេ
ផ្កាតំណាងជាតិរបស់ប្រទេសប្រ៊ុយណេគឺផ្កា Simpor ដែលជាផ្កាក្នុងតំបន់ មានស្រទាប់ធំៗ និងមានពណ៌លឿង។ លក្ខណៈពិសេសរបស់វានៅពេលរីកអស់ គឺមានទ្រង់ទ្រាយស្រដៀងទៅនឹងឆ័ត្រ ហើយភាគច្រើនគេអាចមើលឃើញផ្កាប្រភេទនេះនៅតាមមាត់ទន្លេទូទៅក្នុងប្រទេសប្រ៊ុយណេ។ វាត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងការរចនាសិល្បៈសម្រាប់សិប្បកម្មប្រពៃណីជាច្រើននៅក្នុងប្រទេសប្រ៊ុយណេ៕
ប្រភព ៖ បរទេស