ជាតិដែកគឺជាតម្រូវការនៃការលូតលាស់និងការអភិវឌ្ឍឱ្យបានត្រឹមត្រូវនៅក្នុងអេម៉ូក្លូប៊ីន ហើយវាគឺជាប្រូតេអ៊ីនដែលផ្ទុកអុកស៊ីសែនពីសួតទៅគ្រប់សរីរាង្គទាំងអស់នៅក្នុងខ្លួន។ នោះមានន័យថាប្រសិនបើអ្នកមានជាតិដែកគ្រប់គ្រាន់ វានឹងអាចជួយឱ្យសរីរាង្គមានដំណើរការបានល្អ, ផ្តល់ថាមពលគ្រប់គ្រាន់ទៅដល់រាងកាយនិងរក្សាប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យមានភាពរឹងមាំ។
ហើយប្រសិនបើនៅក្នុងខ្លួនរបស់អ្នកមានជាតិដែកមិនគ្រប់គ្រាន់ទេ នោះវានឹងបង្ហាញរោគសញ្ញាមួយចំនួនដូចខាងក្រោម ៖
១. អស់កម្លាំងល្ហិតល្ហៃ
ប្រសិនបើអ្នកមានអាការៈអស់កម្លាំងល្ហិតល្ហៃនោះ វាគឺអាចបណ្តាលមកពីអ្នកមានកង្វះជាតិដែក ព្រោះរាងកាយរបស់អ្នកត្រូវការជាតិដែកដើម្បីបង្កើតអេម៉ូក្លូប៊ីន។ អេម៉ូក្លូប៊ីនគឺជាប្រូតេអ៊ីនដែលមាននៅក្នុងកោសិកាឈាមក្រហមនិងទទួលខុសត្រូវក្នុងការផ្ទុកអុកស៊ីសែននៅជុំវិញខ្លួនរបស់អ្នក។ ហើយបើសិនគ្មានអុកស៊ីសែនគ្រប់គ្រាន់ដល់រាងកាយនោះទេ វានឹងមិនមានថាមពលដើម្បីបង្កើនកម្លាំងឡើយ ម៉្យាងទៀតរូបរាងកាយរបស់អ្នកនឹងមានសភាពស្លេកស្លាំងខ្លាំងផងដែរ។
២. បញ្ហាស្បែកនិងក្រចក
រោគសញ្ញាមួយទៀតនៃកង្វះជាតិដែកគឺមានក្រចកពុកផុយ (ដៃ ជើង)ជាដើម។ ហើយមូលហេតុផ្សេងទៀតនោះ គឺអាចបណ្តាលមកពីរបបអាហារដែលមនុស្សមួយចំនួនមិនសូវបានយកចិត្តទុកដាក់ខ្លាំងនោះទេ។
៣. ដកដង្ហើមខ្លីៗ
ប្រសិនបើកង្វះជាតិដែកនៅក្នុងខ្លួនរបស់អ្នកមានការវិវត្ត នោះវានឹងបណ្តាលឱ្យអ្នកមានដង្ហើមខ្លីៗ ព្រោះដោយសារតែកោសិកាឈាមក្រហមដែលផ្ទុកជាតិដែកជួយដឹកនាំអុកស៊ីសែននៅទូទាំងរាងកាយរបស់អ្នកមានសភាពយឺត ដែលនេះជាហេតុបណ្តាលអោយអ្នកពិបាកក្នុងការដកដង្ហើម។
៤. ការរលាកអណ្តាត (Glossitis)
ការរលាកអណ្តាតក៏ជារោគសញ្ញានៃកង្វះជាតិដែកផងដែរ ព្រោះដោយសារ myoglobin ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហមមានកម្រិតទាប ហេតុនេះហើយទើបវាបង្កទៅជាការរលាកអណ្តាតដែលអាចធ្វើអោយអ្នកកត់សម្គាល់ពីវាបាន។
៥. កង្វះចំណង់អាហារ
ការសិក្សាមួយនៅឆ្នាំ ២០២០ ដែលបានចេញផ្សាយនៅក្នុង PLOS ONE បានរកឃើញថាមានអ្នកជំងឺកង្វះជាតិដែក នឹងអាចបណ្តាលអោយថយចុះនូវចំណង់អាហារថែមទៀតផង ដោយសារតែឥទ្ធិពលរបស់ជាតិដែកទៅលើអរម៉ូនពីរប្រភេទគឺ ghrelin និង leptin ។
៦. ជំនាញនៃការយល់ដឹងខ្សោយ និងការចងចាំថយចុះ
កុមារដែលមានកង្វះជាតិដែកត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិវត្តនៃការយល់ដឹងមិនសូវល្អនោះទេ ហើយជាទូទៅភាពស្លេកស្លាំងនៃកង្វះជាតិដែក គឺជាបុព្វហេតុមួយនៃការលំបាកក្នុងការរៀនសូត្រចំពោះកុមារជាខ្លាំង។ រីឯចំពោះមនុស្សពេញវ័យវិញគឺការចង់ចាំនឹងមានភាពចុះខ្សោយ ព្រោះដោយសារតែជាតិដែកគឺជាសារធាតុគីមីសម្រាប់អង់ស៊ីមដែលចូលរួមក្នុងការផលិតប្រព័ន្ធសសៃប្រសាទ។
ហេតុនេះហើយវាពិតជាចាំបាច់ណាស់ក្នុងការវាយតម្លៃពីស្ថានភាពជាតិដែករបស់អ្នកនិងក្រុមគ្រួសារ ប្រសិនបើរោគសញ្ញាណាមួយត្រូវបានបង្ហាញឱ្យឃើញ។ ម្យ៉ាងទៀតអ្នកទាំងអស់គ្នាមិនគួរព្រងើយកន្តើយឡើយ គឺគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យនិងអ្នកជំនាញភ្លាមៗដើម្បីជៀសវាងនូវផលអាក្រក់ចំពោះសុខភាពរបស់អ្នក៕
ប្រភព ៖ បរទេស