អ្នកប្រាកដជាធ្លាប់បានអាននូវស្នាដៃអក្សរសិល៌្បរបស់លោក Shakespeare ពីមុនមកហើយ ដែលបង្ហាញពីរឿងរ៉ាវស្នេហាដ៏កម្សត់រវាង Romeo និង Juliet។ ពួកគេទាំងពីរគឺគ្រាន់តែជាតួអង្គនៅក្នុងមនោគតិអ្នកនិពន្ធតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀតដោយសាររឿងនេះមានភាពទាក់ទាញ និងសោកសង្រេងពេក ទើបបណ្តាលឲ្យទស្សនិកជនសម្រេចចិត្តបង្កើតនូវផ្ទះ Juliet នេះឡើង។
ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងតែដើរចូលផ្លូវលំតូចមួយ ដើម្បីទៅទទួលយកបទពិសោធន៍យ៉រខាងមុខផ្ទះ Juliet ដែលជាកន្លែងពីរនាក់គេសាងស្នេហ៍គ្រាដំបូង។ កាលពីសតវត្សទី១៣ ផ្ទះមួយនេះត្រូវបានក្លាយជាទ្រព្យសម្បត្តិរបស់គ្រួសារត្រកូល Cappello ប៉ុន្តែយ៉រខាងមុខផ្ទះដ៏ល្បីល្បាញនេះទើបតែសាងសង់តាមក្រោយនៅសតវត្សទី២០នោះទេ។ នៅទីធ្លាខាងមុខផ្ទះ គេបានសាងសង់រូបសំណាក Juliet ដែលតំណាងឲ្យការរកឃើញគូរស្រករបានឆាប់ៗ។
ហើយពេលដើរចូលទៅក្នុងផ្ទះ អ្នកនឹងឃើញការតុបតែងលម្អដូចទៅនឹងផ្ទះនៅសម័យបុរាណពិតៗ ហើយថែមទាំងមានគ្រែដែលគេធ្លាប់យកថតកុនរឿង Romeo and Juliet តាំងពីឆ្នាំ១៩៦៨ ថែមទៀតផង។
អ្នកក៏អាចចេញមកឈរនៅយ៉ខាងមុខផ្ទះដើម្បីថតរូប ឬផ្សងរក Romeo របស់អ្នកបានដែរ រីឯនៅពីក្រោមយ៉រ អ្នកនឹងឃើញសំបុត្រនិងរូបគំនូរ Graffiti ជាច្រើនដែលសរសេរឡើងដោយដៃគូសង្សារ ឬប្តីប្រពន្ធដែលមកផ្សងឲ្យពួកគេស្រឡាញ់គ្នាដល់ចាស់ស្លាប់ជាដើម។ ហើយការសរសេរសំបុត្របិទលើជញ្ជាំងនោះក៏បានបំផុសគំនិតឲ្យហូលីវូដថតខ្សែភាពយន្តមួយដែលមានចំណងជើងថា « Letters to Juliet» ដែលនិយាយពីភ្ញៀវទេសចរណ៍ពីរនាក់ដែលរកឃើញស្នេហ៍ពិតដោយសារការសរសេរសំបុត្រដាក់លើជញ្ជាំងនោះផងដែរ៕
ប្រភព ៖ បរទេស