មានដែលឆ្ងល់ រឺអត់ថាហេតុអ្វីអោយតែពេលរោងកុនដាក់បញ្ចាំងរឿងខ្មោចសាហាវៗ យើងតែងតែនាំគ្នាទៅមើលភ្លុកទឹកភ្លុកដី បើទោះបីជាខ្លាចឡើងញ័រខ្លួនក៏ដោយ?
នៅក្នុងនោះមានអ្នកខ្លះនិយាយថាមកពីវាល្អមើលពេក ហើយអ្នកខ្លះទៀតក៏បានបញ្ចេញមតិថាមកពីពួកគេចង់រំងាប់អារម្មណ៍ដែលខ្លាចខ្មោច។ យ៉ាងណាមិញដោយសារតែហេតុផលនេះហើយបានធ្វើអោយអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ និងរកឃើញថា តាមពិតទៅមនុស្សយើងគឺចូលចិត្តនូវអារម្មណ៍តក់ស្លុត និងភ័យខ្លាច ហើយលោកក៏បានលើកឡើងហេតុផលប្រាំចំណុចដូចខាងក្រោមនេះមកពន្យល់ផងដែរ!
១. ភាពរំជើបរំជួល
នៅពេលដែលអ្នកមើលរឿងរន្ធត់ ឬចូលផ្ទះខ្មោច អ្នកប្រាកដជាចង់បានមកវិញនូវអារម្មណ៍តក់ស្លុត ភ័យខ្លាច ប៉ុន្តែខ្លួនអ្នកផ្ទាល់ដឹងច្បាស់ណាស់ខ្មោចទាំងនោះមិនអាចធ្វើអ្វីអ្នកបាន ហើយអ្នកនឹងមិនស្ថិតនៅក្នុងគ្រោះថ្នាក់នោះទេ។ ដែលនេះបានបង្ហាញថា ខួរក្បាលរបស់អ្នកទាមទារនូវអារម្មណ៍រំជើបរំជួលមួយពេល។
២. អរម៉ូនអង់ដូហ្វីន (Endorphin) និងអរម៉ូនដូប៉ាមីន(Dopamine)
អរម៉ូនទាំងពីរនេះត្រូវបានបញ្ចេញក្នុងខ្លួនមនុស្សនៅពេលមានអារម្មណ៍សប្បាយចិត្ត។ ហើយវាក៏ត្រូវបានបញ្ចេញនៅពេលដែលអ្នកត្រូវបានគេបន្លាចផងដែរ ហេតុដូចនេះហើយទើបការមើលរឿងខ្មោច ឬអានអ្វីដែលគួរឲ្យខ្លាចគឺជាអ្វីដែលមនុស្សចូលចិត្ត។
៣. ធ្វើឲ្យអ្នកមានអារម្មណ៍ថាក្លាហាន
អ្នកដែលខ្លាចខ្មោចត្រូវបានគេហៅថាកំសាក ប៉ុន្តែអ្នកដែលមិនខ្លាចត្រូវបានគេហៅថាអ្នកក្លាហាន ហេតុដូចនេះហើយទើបអ្នកខ្លះចូលចិត្តរកមើលរឿងខ្មោចណាដែលសាហាវៗ និងបន្លាចបះសក់ ដើម្បីសាកល្បងខ្លួនឯងថាក្លាហានប៉ុណ្ណា។
៤. បង្កើនភាពជិតស្និទ្ធ
គេតែងតែឲ្យដៃគូរសង្សារដឹកដៃគ្នាទៅមើលកុនរឿងខ្មោច ព្រោះពេលដែលនារីៗខ្លាចខាងបុរសអាចចេញមុខមកការពារបាន។ ដូចដែលបានបង្ហាញនៅចំណុចទី២អញ្ចឹងនៅពេលភ័យ អរម៉ូនអង់ដូហ្វីន (Endorphin) និងអរម៉ូនដូប៉ាមីន (Dopamine) នឹងត្រូវបានបញ្ចេញមកដែលធ្វើឲ្យអ្នកទាំងពីរមានភាពរីករាយ និងកាន់តែមានភាពជិតស្និទ្ធថែមទៀតផង។
៥. ភាពចង់ដឹង
មនុស្សតែងតែចង់ដឹងទាក់ទងនឹងរឿងផ្លូវងងឹតដូចជាព្រាយបិសាចជាដើម ពោលគឺដោយសារតែមានការនិយាយតៗគ្នាហើយគ្មានការបញ្ជាក់ជាក់លាក់ណាមួយពីវិទ្យាសាស្ត្រ។ ដូច្នេះហើយទើបចម្ងល់មួយនេះត្រូវបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយដោយគ្មាននរណាអាចបកស្រាយបានឡើយ៕
ប្រភព ៖ បរទេស