ហ្វឺ (Phở) គឺជាមុខម្ហូបមួយដ៏ល្បីល្បាញរបស់ប្រទេសវៀតណាម ដែលមានតាំងពីយូរយារណាស់មកហើយ រីឯនៅក្នុងប្រទេសរបស់យើង ក៏មានលក់ និងពេញនិយមនូវមុខម្ហូបមួយនេះផងដែរ។
ម្យ៉ាងទៀតអ្នកអាចរកញុំាវាបានគ្រប់ទីកន្លែងនៅតាមដងផ្លូវ ដោយគេលក់ជាអូសរទេះ ឬនៅក្នុងហាងជាដើម។ ដោយសរសៃគុយទាវ គឺធ្វើឡើងអំពីអង្ករ ផ្ទាប់ពីលើដោយសាច់គោ ឬសាច់ផ្សេងៗតាមចំណូលចិត្ត និងទឹកស៊ុបថ្លាមានរសជាតិគួរជាទីគាប់ចិត្ត។
ក្រៅពីនេះកុំភ្លេចបេះ និងបង់បន្លែ ល្បោយខាងក្រៅចូលដោយខ្លួនឯងផង ដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់មួយកម្រិតទៀត។
គុយទាវហ្វឺ (Phở) មានដើមកំណើតនៅចុងសតវត្សទី១៩ នៅពេលដែលបារាំងមកដាក់អាណានិគមនៅលើប្រទេសរៀតណាម និងបាននាំចូលនូវសាច់គោជាច្រើន ដោយពេលនោះពួកគេតែងតែបន្សល់ទុកឆ្អឹងគោឲ្យប្រជាជនវៀតណាមដើម្បីរំងាស់យកជាតិទឹកស៊ុប។
ច្រើនឆ្នាំកន្លងផុតទៅ គុយទាវហ្វឺ (Phở) ក៏ចាប់ផ្តើមមានប្រជាប្រិយភាពនៅតាមដងផ្លូវក្នុងទីក្រុងហាណូយ។ មុខម្ហូបនេះត្រូវបានកែឆ្នៃចេញពី xáo trâu ដែលគ្រាន់តែជាស៊ុបសាច់ក្របីធម្មតាតែប៉ុណ្ណោះ ចំណែកឯហ្វឺ (Phở) ត្រូវបានបន្ថែមដោយសរសៃគុយទាវ សាច់គោនិងស៊ុបដ៏មានរសជាតិឆ្ងាញ់។
ក្រោយមកទៀតប្រជាប្រិយភាពដ៏ល្បីល្បាញរបស់ហ្វឺ ក៏បានរីកសុះសាយទៅគ្រប់តំបន់នៅក្នុងប្រទេសវៀតណាម ហើយរសជាតិក៏ខុសៗគ្នាទៅតាមតំបន់ផងដែរ។ មកដល់ឥឡូវ ហ្វឺក៏ត្រូវបានគេច្នៃប្រឌិតតាមគំនិតចុងភៅនីមួយៗ ដូចជាបន្ថែមប្រហិត សរសៃកែង និងពោះវៀនគោជាដើម រហូតដល់មានហ្វឺសាច់មាន់ថែមទៀតផង៕
ប្រភព ៖ បរទេស