ផ្កាឈូក ទាំងផ្កា ស្លឹក មើម ក្រអៅ ធ្លាប់ត្រូវបានគេដឹងថាមានផ្ទុកសារជាតិរ៉ែ និងវីតាមីនជាច្រើនដូចជា៖ ប៉ូតាស្យូម, ជាតិដែក ម៉ង់កាណេស, ទង់ដែង, ផូស្វ័រ , ស័ង្កសី , ប្រូតេអ៊ីន, វីតាមីន C , វីតាមីន B6 , Thiamine, Pantothenic Acid និងជាតិកាកសសៃផងដែរ ។
ដូច្នេះហើយដើមផ្កាឈូកទាំងមូលសុទ្ធតែមានគុណប្រយោជន៍ច្រើនយ៉ាងមិនថាទាំងផ្នែកឱសថបុរាណព្យាបាលរោគ និងគុណប្រយោជន៍ជាអាហារូបត្ថម្ភ ដូចជា៖
-ជួយបង្កើនគ្រាប់ឈាមក្រហម RBC (កោសិកាឈាមក្រហម) ។
-ជួយការពារបញ្ហាការកើតជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាម ។
-មានជាតិសរសៃដែលអាចជួយធ្វើឱ្យក្រពះ ពោះវៀនមានសុខភាពល្អ ថែមទាំងជួយសម្រួលដល់ការរំលាយអាហារ។
-មានវីតាមីន C ខ្ពស់ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ និងជួយឱ្យស្បែកមានសុខភាពល្អ។
-មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដែលអាចជួយប្រឆាំង និងពន្យារភាពចាស់។ ជាពិសេសធ្វើឱ្យស្បែកមានសំណើម និងការពារស្បែកមិនឱ្យស្ងួត។
-វីតាមីន A ជួយថែរក្សាការពារ ស្បែក និងភ្នែកឱ្យមានសុខភាពល្អថែមទៀតផង។
ក្រៅពីនេះ ផ្កាឈូកក៏មានអត្ថប្រយោជន៍ក្នុងការថែទាំសម្រស់របស់សុភាពនារីទាំងឡាយបានផងដែរ ពោលគឺជួយឱ្យផ្ទៃមុខសរ្ស់ស្អាត បង្រួមរន្ធញើស ផ្ទៃមុខតែងស្អាត ដោយវិធីងាយៗដូចខាងក្រោម៖
#រូបមន្តធ្វើម៉ាស់ពីផ្កាឈូក
គ្រឿងផ្សំ
-ផ្កាឈូក ១០ស្រទាប់
-ទឹកដោះគោ ២ស្លាបព្រាបាយ (ទឹកដោះគោសុទ្ធគ្មានជាតិស្ករ)
-ប្រេងអូលីវ (ដាក់ក៏បានមិនបាច់ដាក់ក៏បាន)
ការអនុវត្ត៖
គ្រាន់តែយកផ្កាឈូកមកបុកឱ្យហ្មត់ រួចលាយជាមួយទឹកដោះគោឱ្យក្លាយជាល្បាយជាការស្រេច។ (អាចបន្ថែមប្រេងអូលីវទៀតក៏បាន)។
-លាងសម្អាតមុខឱ្យបានស្អាតជាមួយទឹកក្តៅឧណ្ហៗ រួចជូតមុខឱ្យស្ងួត
-យកម៉ាស់ផ្កាឈូកដែលបានបុករួច មកលាបឱ្យសព្វផ្ទៃមុខ និង-ក រួចទុកចោល ២០នាទី សឹមលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗម្តងទៀតជាការស្រេច។
-អ្នកក៏អាចលាបក្រែមផ្តល់សំណើមបន្ថែមក៏បានបន្ទាប់ពីប្រើប្រាស់ម៉ាស់នេះរួច វានឹងផ្តល់ប្រសិទ្ធភាពទ្វេរដង។
-អាចអនុវត្ត ២ដង ក្នុងមួយសប្តាហ៍។
ម៉ាស់ធ្វើចេញពីផ្កាឈូកនេះអាចជួយធ្វើឱ្យស្បែកមុខរបស់អ្នក សខ្ចី ស្រស់ស្អាត ទន់ភ្លឺរលោង ក្មេងជាងវ័យ ពន្យារភាពចាស់ បន្តឹងស្បែកមុខ បង្រួមរន្ធញើស ថែមទាំងអាចកាត់បន្ថយ និងបំបាត់ស្បែកមុខខ្លាញ់បានយ៉ាងមានប្រសិទ្ធភាពទៀតផង៕