ប្រសិនបើអ្នកបានធ្វើដំណើរទៅប្រទេសស៊ុយអែតនៅរដូវក្តៅ អ្នកប្រាកដជាធុំក្លិនស្អុយៗអ្វីម្យ៉ាង លាយឡំជាមួយក្លិនសាច់អាំងឈ្ងុយៗជាក់ជាមិនខាន។ នេះគឺជាប្រពៃណីតាំងពីយូរយារណាស់មកហើយរបស់ជនជាតិស៊ុយអែត ដែលនៅរដូវក្តៅពួកគេនឹងជួបជុំគ្នាអាំងសាច់នៅខាងក្រៅផ្ទះ ហើយបើកកំប៉ុងប្រហុកត្រីម្យ៉ាងដែលជះក្លិនដ៏ស្អុយដូចទឹកលូអញ្ចឹងដែលគេហៅថា Surströmming។
ប្រវត្តិ Surströmming
កាលពីសតវត្សទី១៦ មាននាវិកជនជាតិស៊ុយអែតដែលបានប្រើប្រាស់អំបិលដើម្បីរក្សាទុកត្រីដែលខ្លួននេសាទបាន ប៉ុន្តែបន្ទាប់ពីធ្វើដំណើរលើផ្លូវទឹកអស់រយៈពេលជាច្រើនថ្ងៃ ត្រីទាំងនោះក៏ចាប់ផ្តើមធុំក្លិនស្អុយ។ ដោយពួកនាវិកទាំងនោះគ្មានជម្រើស ក៏សម្រេចចិត្តលក់ត្រីទាំងនោះទៅឲ្យប្រជាជននៅកំពង់ផែហើយបានចាកចេញទៅ។
មួយឆ្នាំកន្លងផុតទៅ នាវិកក៏ធ្វើដំណើរមកកំពង់ផែដដែលនេះ ហើយប្រជាជនក៏សួររកទិញត្រីស្អុយនោះទៀត ព្រោះវាមានរសជាតិឆ្ងាញ់ណាស់។ លឺដូចនេះហើយ ពួកនាវិកឆ្ងល់ក៏សាកល្បងហូបដែរ ហើយក៏បន្តធ្វើប្រហុកត្រីមួយនេះចាប់ពីពេលនោះមក។
#ការធ្វើ Surströmming
ពួកគេបានចាប់ត្រី Herring នៅរដូវវាពង ហើយផ្អាប់ទុកក្នុងពាងរយៈពេលពីរខែ។ បន្ទាប់មកគេរំលែកដាក់ក្នុងកំប៉ុងតូចៗ រួចផ្អាប់ទុកចោលបន្តរយៈពេលពី ៦ខែ ទៅមួយឆ្នាំទៀតទើបអាចយកទៅលក់នៅលើទីផ្សារបាន។
#ការញុំា Surströmming
គ្រាន់តែបើកកំប៉ុងប្រហុកត្រីនេះភ្លាម ក្លិនវានឹងជះឆួលពេញច្រមុះ ហើយក្លិននឹងជាប់លើខ្លួនរបស់អ្នកញុំារហូតទៅដល់ពីរបីថ្ងៃឯណោះ។ ដូចនេះ គេតែងតែបើកវាញុំានៅខាងក្រៅផ្ទះ ដើម្បីជៀសវាងកុំអោយក្លិនស្អុយទាំងនោះផ្អាប់ជាប់នៅក្នុងផ្ទះ ព្រោះថាក្លិនវាមិនងាយបាត់ទៅវិញនោះទេ។ ប៉ុន្តែទោះបីជាក្លិនស្អុយយ៉ាងណាក៏ដោយ ចំពោះរសជាតិវិញគឺឆ្ងាញ់ខ្លាំងណាស់ ពោលគឺវារាងប្រៃៗដែលគេនិយមញុំាជាមួយនំបុ័ង និងទឹកដោះគោជាដើម៕
ប្រភព ៖ បរទេស