ជាធម្មតាប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ស្លាប់នោះ គ្រួសារតែងតែមានសេចក្តីសោកសង្រេង និងយំសោកចំពោះការព្រាត់ដែលគ្មានការត្រលប់វិលវិញ។ តែរឿងមួយដែលគួរអោយភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងប្រទេសចិន គឺដោយសារតែពួកគេជឿថាបើគ្មានការទ្រហោយំឬសំរក់ទឹកភ្នែកទេនោះ វាស្មើនឹងការមិនគោរពស្រលាញ់ដល់សព ដែលបានចែកឋានទៅនោះឡើយ។ ដូចនេះហើយទើបមានអ្នកទទួលសេវាកម្មយំស្រែកក្នុងពិធីបុណ្យនៅពេលដែលគ្រួសារសពរវល់ ឬមិនអាចចូលរួមជាដើម។
រីឯតំលៃសំរាប់សេវាកម្មនេះ គឺប្រហែល ៣០០យេន ដែលស្មើនឹង ៤៤$ សំរាប់តួសម្តែងយំចំនួន៧នាក់។ បើយោងតាមមេក្រុមកញ្ញា Chen Shuqiang វ័យ៣៥ឆ្នាំដែលជាតួសម្តែងក្នុងសេវាកម្មនេះបានបញ្ជាក់ថា មុខរបររបស់គាត់បានល្បីល្បាញ និងរីកដុះដាលជាខ្លាំង ដោយមានក្រុមគ្រួសារជាច្រើនបានទិញសេវាកម្មនេះពីក្រុមពួកគាត់ ហើយវាក្លាយជារឿងធម្មតាទៅហើយនៅក្នុងខេត្តហ្វូជាំង និងខេត្តផ្សេងទៀតនៅក្នុងប្រទេសចិន។
សេវាកម្មរបស់គាត់រួមមានទាំងការកាន់ទុក្ខ និងសម្តែង ពួកគាត់តំរូវអោយស្រែកទ្រហោរយំលឺៗ និងសម្តែងជាយំសោកស្តាយសពដែលបានចែកឋានទៅ ហើយពួកគាត់ក៏ត្រូវយំបោកខ្លួនមុខក្តាមឈូស និងព្យាយាមស្រវេស្រវាក្តោបក្តាមឈូសធ្វើដូចជាសាច់ញាតិបង្កើតនៃសពជាដើម។
មេក្រុម Chen Shuqiang បានបន្ថែមថា ក្រុមរបស់គាត់ភាគច្រើនជាស្ត្រីវ័យក្មេង និងមានការពេញនិយមជាងបុរសៗ៕
ប្រភព ៖ បរទេស