ដោយសារតែ Manga គឺជាសៀវភៅរឿងត្លុក ដែលទទួលបានការគាំទ្រពីសំណាក់ជនជាតិជប៉ុនគ្រប់វ័យ និងមានរឿងជាច្រើនប្រភេទដូចជា៖ រឿងស្នេហា, រឿងកំប្លែង និងរឿងផ្សងព្រេងជាដើម ហេតុដូចនេះហើយទើបបានជាគេបង្កើតហាងកាហ្វេ Manga ឡើងដើម្បីបម្រើអតិថិជន ២៤ម៉ោង អោយចូលមកអានសៀវភៅប្រភេទ Manga រាប់លានក្បាលដោយសេរី។
នៅក្នុងហាងកាហ្វេ Manga លោកអ្នកអាចមានជម្រើសស្នាក់នៅរយៈពេលខ្លី (៣ទៅ៥ម៉ោង) ឬស្នាក់នៅពេញមួយយប់ (៦ទៅ៨ម៉ោង)។ រីឯអ្នកខ្លះក៏បានជ្រើសរើសហាងកាហ្វេ Manga ដើម្បីស្នាក់អាស្រ័យជំនួសអោយសណ្ឋារគារផងដែរ ព្រោះវាមានតម្លៃថោកជាងឆ្ងាយណាស់។ ហើយជាទូទៅប្រសិនបើអ្នករើសយកសេវាកម្មពី ៣ទៅ៥ម៉ោង គឺវាមានតម្លៃត្រឹមតែ ១១៨០យេន ឬ ១២ដុល្លារអាមេរិកតែប៉ុណ្ណោះ។
អ្នកក៏អាចជ្រើសរើសបន្ទប់ណាមួយដែលអ្នកពេញចិត្តដូចជាបន្ទប់មានកុំព្យូទ័រ បន្ទប់គេងផ្ទាល់ដី និងបន្ទប់មានសាឡុងជាដើម។ ចំណែកឯម្ហូបអាហារវិញ អ្នកអាចយកម្ហូបខ្លួនឯងចូលបាន ឬទិញនំនែកដែលមានលក់នៅទីនោះស្រាប់ ហើយភេសជ្ជៈវិញ គឺផ្តល់ជូនដោយមិនគិតថ្លៃ (កាហ្វេ សូដា ប៊ីយែរ)។ អ្វីដែលសំខាន់នោះ គឺអ្នកអាចអាន Manga ដែលមានរហូតដល់ទៅរាប់សែនក្បាល គ្រប់វគ្គ និងគ្រប់ភាគផងដែរ។
សព្វថ្ងៃ ហាងកាហ្វេបែបនេះគឺមានភាពពេញនិយមណាស់ ដែលអាចរកបានសឹងតែគ្រប់ទីកន្លែងទាំងអស់នៅក្នុងទីក្រុងតូក្យូ។ បើនិយាយពីសេវាកម្មវិញគឺអាចនឹងខុសគ្នាទៅតាមទីកន្លែង ប៉ុន្តែអ្វីដូចគ្នានោះគឺអ្នកអាចអាន Manga បានតាមចិត្ត៕
ប្រភព ៖ បរទេស