សក់ គឺជាផ្នែកមួយដ៏សំខាន់នៃសម្រស់ដែលមនុស្សគ្រប់គ្នាតែងតែចង់ថែទាំ និងការពារ ប៉ុន្តែពេលខ្លះក៏មានបញ្ហាដូចជាសក់ដុះយឺត និងងាយជ្រុះជាដើម ដែលវាបណ្តាលមកពីបញ្ហាផ្សេងៗជាច្រើន។ ហើយបើយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា មានអាហារមួយចំនួនដែលអាចធ្វើអោយសក់របស់អ្នកមានភាពរឹងមាំ និងលូតលាស់ល្អបានល្អថែមទៀងផង។
ខាងក្រោមនេះគឺជាអាហារទាំង ៦ ប្រភេទដែលអ្នកគួរតែសាកល្បងដើម្បីទទួលបានសក់ស្អាត ៖
១. ស៊ុត
ស៊ុតគឺជាប្រភពនៃប្រូតេអ៊ីនដ៏ល្អឥតខ្ចោះសម្រាប់សក់ហើយមិនត្រឹមតែប៉ុណ្ណោះទេ វាក៏មានផ្ទុកនូវជីវឧស្ម័នស័ង្កសី និងសេលេញ៉ូមជាច្រើនដែលធ្វើឱ្យវាក្លាយជារបបអាហារមួយដ៏មានតំលៃចំពោះសុខភាពរបស់អ្នកផងដែរ។ ដូចនេះហើយ ប្រសិនបើអ្នកកំពុងស្វែងរកវិធីសាស្រ្តដែលធ្វើអោយសក់ស្អាតជាងមុន សូមអ្នកព្យាយាមញុំាស៊ុតអោយបានច្រើនដើម្បីទទួលបានប្រូតេអ៊ីនទាំងនោះមកជំនួយសសៃសក់របស់អ្នក។
២. សាច់ត្រី
ការបរិភោគសាច់ត្រី គឺជាប្រភពជីវជាតិនៃអាស៊ីតខ្លាញ់ និងអូមេហ្គា ៣ ដែលមានភាពសំខាន់បំផុតក្នុងការបង្កើតឫសសក់ថ្មីរបស់អ្នក។ ហេតុនេះប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តត្រី នោះអ្នកគួរតែសាកល្បងញុំាត្រីសាម៉ុន ព្រោះវាសំបូរទៅដោយអូមេហ្គា ៣ ក៏ដូចជាអាស៊ីតខ្លាញ់អូមេហ្គា ៦ ផងដែរ។
៣. ម្ទេសប្លោក
ម្ទេសប្លោកគឺជាប្រភេទបន្លែដែលអាចបរិភោគឆ្អិន ឬឆៅក៏បាន ដែលសំបូរទៅដោយវីតាមីន C និងបេតាការ៉ូទីន ដែលត្រូវបានគេស្គាល់ថាជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ការលូតលាស់របស់សក់។ ដោយនៅក្នុងនោះវីតាមីន C ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារសក់របស់អ្នកពីការបំផ្លាញនានា។
៤. អយស្ទឺរ
អយស្ទឺរមិនត្រឹមតែឆ្ងាញ់នោះទេ ប៉ុន្តែវាថែមទាំងមានផ្ទុកនូវជាតិស័ង្កសីផងដែរ។ ហើយបើតាមការស្រាវជ្រាវមួយបានបង្ហាញថាជាតិស័ង្កសីដែលមានក្នុងអយស្ទឺរនោះអាចជួយធ្វើអោយសក់រឹងមាំ និងមានសុខភាពល្អទៀតផង។
៥. សណ្តែកសៀង
សណ្តែកសៀង មានផ្ទុកនូវសារធាតុចិញ្ចឹម និងប្រូតេអ៊ីនដែលត្រូវបានគេដឹងថាល្អចំពោះការវិវត្តនៃឫសសក់ អោយមានសុខភាពល្អ , រឹងមាំ និងធ្វើអោយសក់កាន់តែមានសភាពត្រង់ស្អាត។
៦. សាច់
ជាទូទៅសាច់ គឺសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើន និងត្រូវបានគេដឹងថាមានសារជាតិប្រូតេអ៊ីន ដែលជាសមាសធាតុសំខាន់នៃការលូតលាស់របស់សក់។ ដែលវានឹងជួយអោយសក់របស់អ្នកឆាប់លូតលាស់ និងមានសុខភាពល្អ ប៉ុន្តែអ្នកក៏គួរតែកំណត់បរិមាណក្នុងការបរិភោគសាច់ផងដែរ ព្រោះប្រសិនបើអ្នកបរិភោគសាច់ច្រើនពេកក៏អាចបង្កអោយកើតជម្ងឺមួយចំនួនដូចជាជម្ងឺមហារីកផងដែរ៕
ប្រភព ៖ បរទេស