Cheese Corndog គឺជាអាហារតាមផ្លូវដ៏ឈ្ងុយឆ្ងាញ់ និងពេញនិយមមួយប្រភេទនៅក្នុងប្រទេសកូរ៉េ។ ហើយអ្វីដែលធ្វើឲ្យ Cheese Corndog របស់ប្រទេសកូរ៉េខុសប្លែកពី Corndog ប្រទេសអាមេរិកនោះគឺ សម្បកវាមានលក្ខណៈស្រួយជាង និងមានរោយស្ករសនៅពីលើ ដែលមានរសជាតិផ្អែមលាយជាមួយរសជាតិប្រៃៗចេញពី Cheese នៅខាងក្នុង ពោលគឺធានាឆ្ងាញ់ប្លែកពី Corndog ផ្សេងទៀត។
ខាងក្រោមនេះគឺជាវិធីធ្វើ Cheese Corndog ងាយៗនៅផ្ទះដែលអ្នកអាចសាកល្បងបាន!
គ្រឿងផ្សំ៖
#សម្រាប់ល្បាយម្សៅទុកបំពង
•ម្ស៉ៅមី ១ពែង
•Baking Powder ២ស្លាបព្រាបាយ
•អំបិល កន្លះស្លាបព្រាបាយ
•ស្ករស ២ស្លាបព្រាបាយ
•ស៊ុត ១គ្រាប់
•ទឹកដោះគោ ៣ភាគ៤នៃពែង
#សម្រាប់ Cheese Corndog
•ឈីសវែងៗ ៧ទៅ៨ដើម
•កម្ទេចនំបុ័ង (Panko bread crumb) ១ពែង
•ប្រេងឆា
•ទឹកម្ទេសឬទឹកប៉េងប៉ោះ និង Mustard
# វិធីធ្វើ៖
១. ចាប់ផ្តើមពីការលាយល្បាយម្សៅសម្រាប់បំពង ដោយធ្វើការលាយម្សៅមី , baking powder , អំបិល និងស្ករសចូលគ្នារួចកូរឲ្យសព្វ។
២. គោះស៊ុត និងចាក់ទឹកដោះគោចូលរួចកូរឲ្យខាប់ និងម៉ត់ល្អហើយចាក់វាចូលកែវដែលមានរាងវែងមួយ។
៣. ដោតឈីសចូលចង្កាក់ឈើរួចរោយម្សៅមីពីលើ ហើយដាក់ចូលទូទឹកកករយៈពេល ៥ ទៅ ១០នាទី។
៤. កម្តៅប្រេងឆាក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកជ្រលក់ឈីសចង្កាក់ចូលទៅក្នុងល្បាយម្សៅ ហើយរោយកម្ទេចនំបុ័ងពីលើឲ្យសព្វ រួចដាក់ចូលទៅបំពងក្នុងប្រេងឆា។
៥. បំពងឈីសរយៈពេល ៥នាទីរហូតដល់គ្រៀមសឹមដកចេញពីខ្ទះ រួចទុកឲ្យវាស្រកខ្លាញ់។
៦. ចុងក្រោយបង្អស់ អ្នកគ្រាន់តែរោយស្ករសទៅលើ Cheese Corndog និងចាក់ទឹកប៉េងប៉ោះមឬទឹកម្ទេសពីលើគឺជាការស្រេច នោះលោកអ្នកនឹងទទួលបាន Korean Cheese Corndog ដ៏ឆ្ងាញ់ពិសារ និងស្រួយជក់មាត់តែម្តង៕
ប្រភព ៖ បរទេស