ដោយសារតែបច្ចុប្បន្ននេះមានមនុស្សស្រីជាច្រើន ដែលពេញនិយមក្នុងការប្រើប្រាស់នូវផលិតផលគ្រឿងសំអាង ដើម្បីបង្កើនសម្រស់របស់ពួកគេ ដូច្នេះហើយទើបបង្កើតអោយមានក្រុមហ៊ុនគ្រឿងសំអាងរាប់មិនអស់នៅពាសពេញពិភពលោក ដែលកំពុងតែដើម្បីប្រកួតប្រជែងទីផ្សារគ្នា។ ប៉ុន្តែក្រុមហ៊ុនទាំងនោះមិនមែនសុទ្ធតែមានផលិតផលល្អនិងស្តង់ដាខ្ពស់ទំាងអស់នោះទេ។ ហើយដើម្បីវែកញែករកក្រុមហ៊ុនដែលល្អនោះ ខាងក្រសួងផ្នែកបច្ចេកវិទ្យាគ្រឿងសំអាងបានចុះបញ្ជីក្រុមហ៊ុនគ្រឿងសំអាងលំដាប់កំពូលចំនួន ១០ ដោយផ្អែកលើប្រាក់ចំណូលរបស់ពួកគេនៅឆ្នាំ ២០២០។
ដូចនេះតោះ មកស្គាល់ឈ្មោះនិងចំណូលរបស់កំពូលក្រុមហ៊ុនទាំង១០នោះទាំងអស់គ្នា!
១. ក្រុមហ៊ុន L’Oréal ចំណូលប្រចាំឆ្នាំ២០២០គឺ ៣៣,៣៤ ពាន់លានដុល្លារ
ក្រុមហ៊ុនគ្រឿងសំអាងអន្តរជាតិមួយនេះមានទីស្នាក់ការនៅ Clichy, Hauts De-Seine ប្រទេសបារាំងដែលមានការិយាល័យចុះបញ្ជីនៅទីក្រុងប៉ារីស។ L'Oréal គឺជាក្រុមហ៊ុនដ៏ធំដែលមានផលិតផលជាច្រើនដូចជា៖ ថ្នាំប្តូរពណ៌សក់, ឡេថែរក្សាស្បែក, ឡេការពារកម្តៅថ្ងៃ, គ្រឿងតុបតែងមុខ, ទឹកអប់, និងការថែរក្សាសក់ជាដើម។ L’Oréal ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនគ្រឿងសំអាងធំជាងគេនិងជាផ្លូវការនៅលើពិភពលោក ដែលមានដៃគូរសហការណ៍ជាច្រើនទៀតផងដែរ។
២.Johnson & Johnson ចំណូលប្រចាំឆ្នាំ២០២០គឺ ៨២,០៦ ពាន់លានដុល្លារ
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៨៦ ហើយវាជាសាជីវកម្មពហុជាតិនៅសហរដ្ឋអាមេរិចនិងជាក្រុមហ៊ុនផលិតគ្រឿងសំអាងធំជាងគេបំផុតនៅទូទាំងពិភពលោក។ Johnson & Johnson ផ្តោតសំខាន់ទៅលើសុខភាពអ្នកប្រើប្រាស់, ឧបករណ៍វេជ្ជសាស្រ្តនិងឱសថដែលជាទីផ្សារធំជាងគេរបស់ខ្លួន។
៣. Procter & Gamble ចំណូលប្រចាំឆ្នាំ២០២០ គឺ ៦៧,៧ ពាន់លានដុល្លារ
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៣៧ នៃសហរដ្ឋអាំមេរិក ដោយលោក William Procter និង James Gamble ដែលផ្តោតសំខាន់លើសុខភាពអ្នកប្រើប្រាស់, ផលិតផលថែរក្សារាងកាយ និងផលិតផលអនាម័យដែលរៀបចំឡើងជាផ្នែកៗជាច្រើនដូចជាផលិតផលសម្រាប់ទារកនិងស្ត្រីជាច្រើនមុខផងដែរ។
៤.ក្រុមហ៊ុន Unilever ចំណូលប្រចាំឆ្នាំ២០២០គឺ ៥៨,០៣ ពាន់លានដុល្លារ
ក្រុមហ៊ុន Unilever គឺជាសាជីវកម្មពហុជាតិនៅប្រទេសអង់គ្លេស-ហូឡង់ដែលមានសាខាជាង៤០០កន្លែង។ ហើយផលិតផលដ៏ទូលំទូលាយរបស់ក្រុមហ៊ុនមួយនេះគឺរួមមាន៖ អាហារ, ភេសជ្ជៈ, ចំណីសត្វ, ថ្នាំដុសធ្មេញ, ស្ករកៅស៊ូ, ផលិតផលសម្រស់និងផលិតផលឱសថថែទាំសុខភាពអតិថិជនជាច្រើនមុខទៀត ដែលត្រូវបានគេទទួលស្គាល់ពីជុំវិញពិភពលោក។
៥.ក្រុមហ៊ុន Kao ទីក្រុងតូក្យូប្រទេសជប៉ុន ចំណូលប្រចាំ២០២០គឺ ១៤,៧ ពាន់លានដុល្លារ
ក្រុមហ៊ុនគីមី និងគ្រឿងសំអាងជប៉ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៨៧។ ហើយនៅទសវត្សឆ្នាំ ១៩៦០ និង ១៩៧០ ក្រុមហ៊ុននេះក៏បានពង្រីកខ្លួនទៅកាន់ប្រទេសតៃវ៉ាន់និងអាស៊ានក្នុងពេលដំណាលគ្នាថែមទៀតផង ដោយធ្វើការដាក់លក់ផលិតផលបោកគក់និងផលិតផលឧស្សាហកម្មជាច្រើនប្រភេទ។ រីឯនៅឆ្នាំ ២០២០ សាជីវកម្មក្រុមហ៊ុន Kao គឺត្រូវបានគេដឹងថាទទួលបានប្រាក់ចំណូលខ្ពស់និងគុណភាពស្តង់ដាផងដែរ។
៦.Estée Lauder នៅទីក្រុងញូវយ៉កមានចំណូលប្រចាំឆ្នាំ២០២០គឺ ១៣,៦៨ ពាន់លានដុល្លារ
បង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ដោយ អ្នកស្រី Estée Lauder និងស្វាមីរបស់គាត់លោក Joseph Lauder។ អ្វីដែលគួរអោយស្ញប់ស្ញែងនោះគឺនៅក្នុងពេលតែប៉ុន្មានទសវត្សប៉ុណ្ណោះ ផលិតលនេះគឺកាន់តែរីកចម្រើនខ្លាំងនិងតូ្រវបានផ្សព្វផ្សាយជាសាធារណៈនៅផ្សារហ៊ុនញូវយ៉កនៅថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ១៩៩៥ ថែមទៀតផង។ ហើយមកដល់បច្ចុប្បន្នកុ្រមហ៊ុន Estée Lauder នេះមានម៉ាកផលិតផលជាច្រើនដែលមានគុណភាពស្តង់ដារ។
៧.Shiseido ទីក្រុងតូក្យូប្រទេសជប៉ុន ចំណូលប្រចាំឆ្នាំ ២០២០គឺ ៩,៩ ពាន់លានដុល្លារ
ក្រុមហ៊ុន Shiseido បានបង្កើតឡើងនៅឆ្នាំ ១៨៧២ ហើយវាគឺជាក្រុមហ៊ុនគ្រឿងសំអាងចំណាស់ជាងគេមួយនៅលើពិភពលោកដែលត្រូវបានបង្ហាញនៅលើផ្សារហ៊ុនតូក្យូ។ Shiseido បានផ្តល់ជូននូវផលិតផលគ្រឿងសំអាងដែលមានឈ្មោះថា “The Make up” ជាមួយនឹងផលិតផលជាច្រើនមុខដូចជា៖ ផលិតផលបបូរមាត់, ស្រមោលភ្នែក, ត្របកភ្នែក និងម៉ាស្ការ៉ាជាដើម។
៨.ក្រុមហ៊ុន Coty ទីក្រុងញូវយ៉ក ចំណូលប្រចាំឆ្នាំ ២០២០គឺ ៩,៤ ពាន់លានដុល្លារ
ក្រុមហ៊ុនថែរក្សាសម្ផស្សចម្រុះនៅសហរដ្ឋអាមេរិចមួយនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០៤ ដែលនាពេលបច្ចុប្បន្ននេះមានការិយាល័យកណ្តាលនៅទីក្រុងញូវយ៉កនៅលើវិថី Fifth Avenue។ ក្រុមហ៊ុននេះមានផលិតផលចំនួន ៧៧ មុខដែលគិតត្រឹមឆ្នាំ ២០១៨ ហើយផលិតផលទាំងនោះមានដូចជា៖ ផលិតផលគ្រឿងក្រអូប, គ្រឿងសំអាង, ថែរក្សាស្បែក, ថែរក្សាក្រចក និងផលិតផលថែរក្សាសក់។
៩.ក្រុមហ៊ុន Beiersdorf ទីក្រុងហាំប៊ឺក ប្រទេសអាល្លឺម៉ង់ចំណូលប្រចាំឆ្នាំ ២០២០គឺ ៨,៩ ពាន់លានដុល្លារ
ក្រុមហ៊ុននេះផលិតនិងលក់នូវផលិតផលថែរក្សារាងកាយជាច្រើនប្រភេទ និងមានម៉ាកល្បីដូចជា Elastoplast, Eucerin, Labello, La Prarie, Nivea, tesa, និង Coppertoneជាដើម ដែលពួកគេមានច្រើនជាង ១៦០ សាខាឯណោះនៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមាន Nivea និង Labello ដែលជាម៉ាកយីហោពីរល្បីខ្លាំងបំផុតរបស់ក្រុមហ៊ុននិងជួយឱ្យពួកគេឈានដល់កម្រិតជោគជ័យលំដាប់អន្តរជាតិថែមទៀតផង។
១០. ក្រុមហ៊ុន AmorePacific របស់ប្រទេសកូរ៉េ ចំណូលប្រចាំឆ្នាំ ២០២០គឺ ៥,៥ ពាន់លានដុល្លារ
AmorePacific ត្រូវបានបង្កើតឡើងក្នុងទសវត្សឆ្នាំ ១៩៣០ នៅពេលដែល Madame Yin Dok-Jeong បានចាប់ផ្តើមលក់ប្រេង camellia ជាការព្យាបាលសក់ដល់អ្នកភូមិមកម្ល៉េះ។ មកដល់នៅឆ្នាំ ១៩៤៥ កូនប្រុសរបស់គាត់គឺជាអ្នកទទួលនូវកម្មសិទ្ធិគ្រប់គ្រងបន្ត ហើយក៏ទទួលបានការជោគជ័យជាមួយនឹងម៉ាកផលិតផលល្បីជាច្រើនទៀតផងដែរ៕
ប្រភព ៖ បរទេស