ការកើតមុននៅលើផ្ទៃមុខអាចបណ្តាលមកពីកត្តាជាច្រើនដូចជា ធូលីដី ការប្រើប្រាស់ផលិតផលខុស អាឡែកស៉ី និងកត្តារបបអាហារជាដើម។ ហើយបើយោងតាមរយះការសិក្សាថ្មីៗនេះបានបង្ហាញថា អ្វីដែលអ្នកញ៉ាំក៏អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខភាពនិងរូបរាងកាយរបស់អ្នកផងដែរ ដោយក្នុងនោះមានអាហារមួយចំនួនដែលអាចបង្កើនការកើតមុនរហូតដល់១០ភាគរយឯណោះ។ ហើយទោះបីជាមានវិធីព្យាបាលមុនអស្ចារ្យយ៉ាងណាក៏ដោយ វាគឺជាការសំខាន់ណាស់សម្រាប់អ្នកដែលត្រូវយល់ដឹងពីអាហារទំាង៥យ៉ាងខាងក្រោមនេះដែលវាអាចបណ្តាលអោយមុខរបស់អ្នកកើតមុនដោយឥតឈប់ឈរ!
១.ទឹកដោះគោ
ផលិតផលទឹកដោះគោ ត្រូវបានគេដឹងថាវាចូលរួមចំណែកដល់រោគសញ្ញាកើតមុនព្រោះមានផ្ទុកទៅដោយអរម៉ូនប៊ីវៀន។ តាមពិតទៅទឹកដោះគោមានប្រូតេអ៊ីនល្អៗជាច្រើន ប៉ុន្តែវាក៏មានជាតិខ្លាញ់ដែលជាហេតុបណ្តាលកើតមុនយ៉ាងឆាប់រហ័សផងដែរ។ ហេតុនេះហើយអ្នកគួរតែកាត់បន្ថយបរិមាណនៃការបរិភោគទឹកដោះគោខ្លះ ដើម្បីការពារមុខរបស់អ្នកពីការកើតមុន។
២.ជាតិអាកុល
ការពិសារស្រាគ្រប់ប្រភេទដែលមានផ្ទុកទៅដោយជាតិអាកុលក្នុងបរិមាណច្រើនគឺអាចផ្លាស់ប្តូរកម្រិតអរម៉ូនរបស់អ្នកបាន។ ហើយនៅពេលដែលកំរិតអរម៉ូនត្រូវបានកើនឡើង ស្បែករបស់អ្នកនឹងផលិតនូវសារធាតុមួយហៅថាស៉ីម ដោយវាអាចធ្វើអោយស្ទះរន្ធញើស,ស្បែកមានជាតិខ្លាញ់និងបាក់តេរី ដែលបង្កទៅជាការកើតមុន។
៣.ជាតិស្ករ
អាហារដែលមានជាតិស្ករខ្ពស់ធ្វើឱ្យកម្រិតអាំងស៊ុយលីននៅក្នុងខ្លួនរបស់អ្នកកើនឡើង ដូច្នេះហើយវានឹងបង្កើនការផលិតប្រេងនៅក្នុងស្បែកដែលនាំឱ្យរន្ធញើសរបស់អ្នកស្ទះជាមួយនឹងសារធាតុខ្លាញ់ និងបង្ករជាការកើតមុនបានយ៉ាងងាយ។ អញ្ចឹងប្រសិនបើសិនអ្នកមិនព្រមកាត់បន្ថយនៃការបរិភោគអាហារដែលមានជាតិផ្អែមខ្លាំងនោះទេ នោះអ្នកនឹងប្រឈមជាមួយការកើតមុននៅលើផ្ទៃមុខជាក់ជាមិនខាន។
៤.អាហារ Fast food
អ្នកទាំងអស់គ្នាដឹងហើយថាអាហារ Fast food គឺមិនមែនល្អសម្រាប់សុខភាពអ្នកនោះទេ ព្រោះជាធម្មតាអាហារប្រភេទនេះមានដូចជា៖ ដំឡូងបំពង ហាំប៊ឺហ្គឺ និងភីហ្សាជាដើម ដែលមានផ្ទុកនូវជាតិខ្លាញ់និងជាតិស្ករថែមទៀតផង ដែលជាកត្តាបង្ករនៃការកើតមុន។ ដូចនេះសូមអ្នកកាត់បន្ថយនៃការបរិភោគអាហារទាំងនេះ ដើម្បីទទួលបានសុខភាពល្អនិងសម្រស់ស្រស់ស្អាត។
៥.សូកូឡា
សូកូឡាមានផ្ទុកទៅដោយ វីតាមីន A, C, E និងស័ង្កសីដែលសុទ្ធតែមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ស្បែករបស់អ្នក។ ប៉ុន្តែនៅក្នុងសូកូឡាក៏មានជាតិទឹកដោះគោ ជាតិខ្លាញ់ និងជាតិស្ករជាច្រើនផងដែរ ដោយវាក្លាយជាផលប៉ះពាល់បណ្តាលអោយកើតមុន។ ដូចច្នេះហើយសូមកុំបរិភោគវាច្រើនពេក ដើម្បីថែរក្សាស្បែកមុខរបស់អ្នកអោយស្រស់ស្អាតនិងជៀសផុតពីការកើតមុនទាំងនោះ៕
ប្រភព ៖ បរទេស