តាមពិតទៅនរណាៗ ក៏ព្យាយាមចាយលុយដោយសន្សំសំចៃនិ ងរិះថាំដែរព្រោះលុយពិបាករក ប៉ុន្តែចំពោះស្ត្រីម្នាក់នេះវិញគឺគាត់រិះខ្លាំងក្នុងការចំណាយលុយតែម្តង។ នារីម្នាក់នេះមានឈ្មោះថា Kate Hashimoto និងបានចេញមុខមកបកស្រាយក្នុងកម្មវិធី Extreme Cheapskates របស់ប៉ុស្តិទូរទស្សន៍ TLC អំពីគន្លឺះខ្លះ ដែលនាងបានប្រើប្រាស់ដើម្បីរស់នៅក្នុងទីក្រុងបែបស៊ីវីល័យដោយចំណាយអស់ថវិកាតិចបំផុត។
សព្វថ្ងៃ Kate ត្រូវការចំណាយលុយត្រឹមតែ២០០ដុល្លារប៉ុណ្ណោះក្នុងមួយខែដើម្បីរស់នៅក្នុងទីក្រុងញូយ៉ក។ ហើយគន្លឹះសំខាន់បំផុតក្នុងការចំណាយលុយអស់តិចបំផុតរបស់នាងនោះ គឺនាងមិនដែលទិញក្រដាសជូតដៃនោះទេ ដោយគ្រាន់តែយកក្រដាសជូតដៃក្នុងបន្ទប់ទឹកសាធារណៈដែលគេឲ្យហ្វ្រីជាការស្រេច។ មិនត្រឹមតែប៉ុណ្ណោះ ក្រដាសដែលនាងបានប្រើរួចហើយនោះក៏នាងមិនបានបោះចោលឡើយ ពោលគឺនាងយកទៅសម្ងួតហើយទុកជូតលើកក្រោយថែមទៀតផង។
ចំណែកឯសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Kate គឺសុទ្ធតែរើសពីគំនរសម្រាមទាំងអស់ ដោយនាងមិនដែលចំណាយលុយទៅលើរបស់ទាំងអស់នោះទេ។ នាងបានប្រើក្រណាត់កន្ទបចាស់ៗគរពីលើគ្នាធ្វើជាគ្រែគេងហើយគរសៀវភៅទស្សនាវដ្ដីចាស់ៗសម្រាប់ធ្វើជាតុហូបបាយ។ ក្រៅពីនេះទៀត នាងមិនដែលធ្វើម្ហូបនិងលាងចាននោះទេ ព្រោះដើម្បីសន្សំសំចៃទឹកនិងភ្លើង។
ម្យ៉ាងទៀតអ្នកដែលរស់នៅទីក្រុងញូយ៉កចូលចិត្តការស្លៀកពាក់បែបស៊ីវីល័យនិងទាន់សម័យ ប៉ុន្តែ Kate មិនដែលខ្វល់ខ្វាយពីរឿងនេះទេ ហើយនាងក៏មិនដែលទិញសម្លៀកបំពាក់ថ្មីៗអស់រយៈពេល៨ឆ្នាំមកហើយ។ មួយវិញទៀត នាងក៏មិនដែលប្រើម៉ាស៊ីនបោកខោអាវដើម្បីសម្អាតសម្លៀកបំពាក់ដែលនាងស្លៀកហើយទេ ព្រោះនាងគ្រាន់តែជម្រះវាបន្តិចបន្តួចខណៈពេលដែលនាងមុជទឺកតែប៉ុណ្ណោះ ដើម្បីកាត់បន្ថយក្នុងការចំណាយលុយទៅលើទឹក។ ហើយបើទោះបីជាជីវិតរបស់នាងមើលទៅលំបាកក៏ដោយ ប៉ុន្តែKateគឺពេញចិត្តក្នុងការធ្វើរស់នៅបែបនេះ និងមិនខ្វល់ពីសម្តីអ្នកផ្សេងឡើយ៕
ប្រភព ៖ បរទេស