អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលឈើគ្រញូងត្រូវបានគេស្គាល់ថាជា “ ស្តេចឈើ ” ព្រោះវាជាប្រភេទឈើគុណភាពលេខ១។ ហេតុនេះហើយ ទើបធ្វើអោយខ្លឹមពិសេសរបស់វាមានតម្លៃរហូតទៅដល់ ១០ ម៉ឺនដុល្លារក្នុងមួយគីឡូក្រាមឯណោះ និងក្លាយជាវត្ថុធាតុដើមមួយថ្លៃបំផុតនៅលើពិភពលោក។ ប៉ុន្តែដើម្បីទទួលបានខ្លឹមពិសេសរបស់ឈើគ្រញូងដែលមានតំលៃថ្លៃនោះ ជាទូទៅគឺវាត្រូវឆ្លងកាត់ដំណាក់កាលបង្កអោយមានមេរោគផ្សិតនៅលើដើមវាជាមុនសិន ព្រោះបើខ្លឹមគ្រញូងធម្មតានោះ គឺគ្មានតម្លៃថ្លៃទេ។
តោះមកដឹងពីដំណើរកាលនិងមូលហេតុដែលធ្វើអោយខ្លឹមពិសេសរបស់ឈើក្រញូងមានតំលៃថ្លៃ៖
ដើមគ្រញូងភាគច្រើន គឺដុះឡើងនៅក្នុងព្រៃក្រាស់ ហើយប្រសិនបើដើមវាមានសុខភាពល្អ និងគ្មានមេរោគផ្សិតទេ នោះខ្លឹមរបស់វានឹងក្លាយជាខ្លឹមធម្មតា និងគ្មានតម្លៃថ្លៃដូចខ្លឹមពិសេសឡើយ។ ព្រោះខ្លឹមពិសេស គឺកើតឡើងដោយសារសត្វស្រមោច និងសត្វល្អិតដទៃទៀតដែលចោះដើមគ្រញូងធ្វើជារូងរស់នៅអស់ជាច្រើនឆ្នាំ រហូតកើតមានមេរោគផ្សិត និងបណ្តាលអោយខ្លឹមក្រញូងបញ្ចេញក្លិនក្រអូប, មានពណ៌ខ្មៅ និងមានសំណើមដែលពិសេសខុសពីខ្លឹមគ្រញូងធម្មតា។ ដូចនេះហើយទើបអ្នកស្វែងរកខ្លឹមឈើគ្រញូង ត្រូវសិក្សាជាមុនសិនថា ដើមមួយណាមានខ្លឹមពិសេស ដែលអាចលក់ក្នុងតម្លៃថ្លៃបាន។
ហើយក្នុងពេលប្រមូលផលខ្លឹមពិសេសរបស់ឈើក្រញូង គឺគេត្រូវចំណាយពេលជាច្រើនម៉ោងក្នុងការកាប់ដើមគ្រញូងមួយទាំងមូល និងប្រើដៃដើម្បីបកយកបន្ទះខ្លឹមពិសេសរបស់ឈើក្រញូងនោះដោយប្រុងប្រយ័ត្ន។ ហើយខ្លឹមពិសេសរបស់ឈើក្រញូងនេះ ក៏ត្រូវបានគេយកទៅប្រើធ្វើជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតទឹកអប់ និងគ្រឿងក្រអូបផងដែរ។
បើនិយាយពីក្លិនរបស់ខ្លឹមពិសេសនៃឈើគ្រញូងនេះវិញ គឺមានលក្ខណៈក្រអូបខ្លាំងណាស់ ហើយប្រសិនបើអ្នកដុតខ្លឹមនោះ វានឹងបញ្ចេញក្លិនក្រអូបដិតខ្លាំង និងអាចជាប់ក្លិនបានរហូតដល់ ៥ម៉ោង។ ម្យ៉ាងទៀតគេក៏ផលិតប្រេងចេញពីខ្លឹមពិសេសឈើគ្រញូងនេះផងដែរ ដោយវាមានតំលៃថ្លៃរហូតដល់ ៨ម៉ឺនដុល្លារឯណោះនៅក្នុងមួយលីត្រ ព្រោះគេអាចយកវាទៅប្រើជាមេទឹកអប់ដែលមានតំលៃថ្លៃបំផុតបាន៕
ប្រភព ៖ បរទេស