បុរសដ៏ចម្លែកនេះឈ្មោះថា Amou Haji មានអាយុ ៨០ឆ្នាំ ជាជនជាតិអ៊ីរ៉ង់ ដែលស្នាក់នៅក្នុងភូមិដាច់ស្រយាលមួយ គឺ ភូមិ Dejgah ក្នុងខេត្ត Fars ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។ ខុសពីមនុស្សយើងធម្មតាដែលតែងតែងូតទឹកសម្អាតខ្លួនប្រាណ និងរស់នៅប្រកបដោយអនាម័យជារៀងរាល់ថ្ងៃ បុរសម្នាក់នេះបានប្រាប់អោយដឹងថានៅពេលដែលគាត់ងូតទឹកសម្អាតខ្លួននោះ គាត់នឹងធ្លាក់ខ្លួនឈឺភ្លាមៗ ហេតុនេះហើយទើបគាត់មិនបានងូតទឹកអស់រយៈពេល ៦០ ឆ្នាំមកហើយ រហូតគាត់ត្រូវបានគេហៅថា " បុរសដែលកខ្វក់បំផុតនៅលើពិភពលោក " ។
ហើយដោយសារតែមិនបានប៉ះទឹកអស់រយៈពេល ៦០ឆ្នាំផងនោះ ស្បែករបស់គាត់ក៏កើតមានសភាពរឹង ក្រើម កខ្វក់ និងប្រែទៅជាពណ៌ដីដែលពិបាកអោយគាត់មើលឃើញរបស់ដែលនៅចំងាយឆ្ងាយណាស់។
ម្យ៉ាងទៀតលោកតា Haji មិនដែលប្រើឡាមសម្រាប់កោរពុកមាត់ ឬកាត់សក់របស់គាត់នោះទេ គឺគាត់ប្រើភ្លើងដើម្បីដុតរោលរោមពុកមាត់និងដុតសក់របស់គាត់ទៅវិញ។ ហើយរឿងកាន់តែចម្លែកទៅទៀតនោះគឺ លោកតា Haji មិនដែលបរិភោគសាច់ស្រស់ បន្លែ ឬទឹកស្អាតនោះទេ ពោលគឺគាត់បរិភោគតែអាហារដែលផ្អូម សាច់ស្អុយៗ និងផឹកទឹកដោយប្រើកំប៉ុងដ៏កខ្វក់របស់គាត់ប៉ុណ្ណោះ។
ហើយសូម្បីតែការជក់បារី ក៏គាត់ចម្លែកខុសពីគេដែរ ព្រោះមនុស្សធម្មតាគឺជក់បារីដោយប្រើថ្នាំជក់ ចំណែកឯលោកតា Haji វិញគឺជក់បារីជាមួយនឹងខ្សៀរដែលពោរពេញទៅដោយលាមកសត្វក្រៀមៗថែមទៀតផង។ យ៉ាងណាមិញ ទោះបីជាគាត់រស់នៅក្នុងរណ្តៅក្រោមដីមួយដែលស្រដៀងនិងផ្នូរខ្មោចក៏ដោយ ប៉ុន្តែគាត់មើលទៅហាក់បីដូចជារីករាយនឹងជីវិតរបស់គាត់ណាស់។
មួយវិញទៀត បើទោះបីប្រជាជនដែលរស់នៅក្នុងភូមិបានព្យាយាមជួយសាងសង់ខ្ទមមួយសម្រាប់គាត់ស្នាក់នៅក៏ដោយ តែគាត់ពិបាកក្នុងការសម្របខ្លួនរស់នៅក្នុងខ្ទមនោះណាស់ ហេតុនេះហើយគាត់ក៏បានសម្រេចចិត្តត្រលប់ទៅរស់នៅក្នុងរណ្តៅរបស់គាត់នោះវិញ៕
ប្រភព ៖ បរទេស