ការរស់នៅក្នុងយុគសម័យបច្ចេកវិទ្យាមួយនេះ គឺមានមនុស្សជាច្រើនដែលហ៊ានលះបង់ធ្វើអ្វីៗគ្រប់យ៉ាងឲ្យតែខ្លួនបានល្បី។ ចំណែកឯបុរសជនជាតិឥណ្ឌាម្នាក់នេះវិញ ក៏ដោយសារតែចង់ទទួលបានការចាប់អារម្មណ៍ច្រើននៅក្នុងប្រព័ន្ធអ៊ីនធើណេត ក៏បានសម្រេចចិត្តបង្ហោះវីដេអូមួយក្នុង Instagram ហើយបន្ទាប់មកក៏ត្រូវបានប៉ូលីសចាប់ខ្លួន។
បុរសម្នាក់នេះមានឈ្មោះថា Iffy Khan ដែលគាត់ជា influencer មានមុខមានមាត់ម្នាក់នៅប្រទេសឥណ្ឌា ប៉ុន្តែគាត់ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ នេះដោយសារតែការបង្ហោះនូវវីដេអូមិនសមរម្យមួយជាសាធារណៈ។ វីដេអូនោះបានបង្ហាញថាគាត់ដូចជាកំពុងទទួលបានសារសម្លេងពីមនុស្សស្រីម្នាក់ដែលនាំឲ្យគាត់ពិបាកចិត្តយ៉ាងខ្លាំងរហូតដល់លោតចូលក្នុងរទេះភ្លើងបណ្តាលឲ្យដេកស្លាប់ភ្លាមៗ។ យ៉ាងណាមិញ វីដេអូនោះត្រូវបានគាត់លុបចេញពីបណ្តាញ Instagram ហើយ រីឯឈុតដែលគាត់ហក់ចូលរថភ្លើងនោះគឺកាត់តទេ ដោយគាត់មិនបានព្យាយាមសម្លាប់ខ្លួនពិតប្រាកដនោះឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេកាត់ក្តីពីបទល្មើសផ្សេងៗដូចជាការផ្សព្វផ្សាយព័ត៌មានបះបោរមិនពិត ការប្រព្រឹត្តអំពើផ្តេសផ្តាសដែលនាំឲ្យប៉ះពាល់ដល់អាយុជីវិត និងការលួចចូលតំបន់ហាមឃាត់ថែមទៀតផង។
ក្រោយមក លោកKhanបានតវ៉ាថា “ខ្ញុំធ្វើនេះគឺជាការកំសាន្តដើម្បីចង់បាន follower ច្រើនតែប៉ុណ្ណោះ គ្មានបំណងចង់បះបោរឬចែកចាយព័ត៌មានមិនពិតអ្វីនោះទេ”។ ហើយគាត់ក៏បានបន្ថែមទៀតថា “ វីដេអូនេះគឺទើបតែថតបានមួយភាគទេ ព្រោះក្នុងភាគទីពីរខ្ញុំនឹងងើបពីសុបិន្តហើយឃើញមុខពុកម៉ែខ្ញុំ រួចវីដេអូនោះក៏បញ្ចប់ដោយអមជាមួយសារអប់រំមនុស្សកុំឲ្យសម្លាប់ខ្លួន ប៉ុន្តែអ្នកទាំងអស់គ្នាបែរជាយល់ច្រឡំថាខ្ញុំគាំទ្រការធ្វើអត្តឃាតខ្លួនទៅវិញ”៕
ប្រភព ៖ បរទេស