អាស៊ីអាគ្នេយ៍ គឺជាតំបន់មួយដែលសម្បូរទៅដោយរឿងព្រេងអធិធម្មជាតិច្រើនរាប់មិនអស់ ដែលរួមមានខ្មោចដើមចេកជ្វា អាប ប្រេត និងខ្មោចតៃហោងជាដើម។ ក្នុងនោះនៅប្រទេសឥណ្ឌូណេស៊ី ចាស់ៗបុរាណតែងតែហាមប្រាមកូនចៅជាពិសេសនោះគឺកម្លោះៗពីខ្មោចស្រីដែលគេឲ្យឈ្មោះថា Pontianak។
Pontianak គឺជាខ្មោចស្រីដែលបានស្លាប់ក្នុងកំឡុងពេលដែលនាងពរពោះ ឬត្រូវបានបុរសសម្លាប់ ហើយព្រលឹងនាងនៅវិលវល់ចាំសងសឹក។ ហើយនៅពេលយប់អធ្រាត្រ នាងនឹងប្រែខ្លួនទៅជានារីដ៏ស្រស់ស្អាត និងទន់ខ្សោយដើម្បីបញ្ឆោតពួកប្រុសៗ។ នៅពេលដែលជនរងគ្រោះធ្លាក់ចូលក្នុងអន្ទាក់របស់នាងហើយ Pontianak ក៏ប្រើក្រចកដ៏វែងរបស់នាងចាក់ទម្លាយបំពង់កបុរសនោះឲ្យស្លាប់ភ្លាមៗហើយហុតឈាមស្រស់ៗនៅនឹងកន្លែងតែម្តងដូចបិសាចជញ្ជក់ឈាម Dracula អញ្ជឹង។
ប្រសិនបើនាងនៅជិត ឆ្កែនឹងចាប់ផ្តើមលូឮៗហើយនាងនឹងបញ្ចេញក្លិនផ្លាក្រអូបដើម្បីទាក់ទាញជនរងគ្រោះឲ្យទៅកាន់តែជិត។ ហើយនៅពេលដែលឆ្កែឈប់លូ ក្លិនផ្កាក៏ប្រែទៅជាក្លិនសាកសពរលួយវិញ នោះបានន័យថាជនរងគ្រោះត្រូវបានជាប់ក្នុងអន្ទាក់នាងហើយ។
ម្យ៉ាងទៀតដើម្បីមានជីវិតគេចផុតពីកណ្តាប់ដៃរបស់នាង Pontianak គេត្រូវប្រើដែកគោល ឬចុងឈើស្រួច ដើម្បីចាក់នៅកញ្ចឹងករបស់នាងប៉ុន្តែដោយសារតែនាងមានកម្លាំងខ្លាំងនោះវិធីនេះក៏អាចនឹងបរាជ័យផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់អាចយកជ័យជំនះលើនាងបានដោយប្រើវិធីនេះ នោះនាងនឹងក្លាយទៅជាស្រ្តីដ៏ស្រស់ស្អាត និងក្លាយជាប្រពន្ធដ៏ល្អម្នាក់ ប៉ុន្តែលុះត្រាតែដែកគោលនោះនៅជាប់នឹងកញ្ចឹងកនាងជារៀងរហូតនិងមិនអាចដកចេញបានឡើយ៕
ប្រភព ៖ បរទេស