កាលពីសម័យមុនសង្គ្រាមរុំារៃជាច្រើនត្រូវបានកើតឡើងនៅលើទឹកដីប្រទេសជប៉ុន ដែលបណ្តាលអោយមានអ្នកបាត់ខ្លួន រងរបួស និងស្លាប់អស់ជាច្រើនអ្នក។ យ៉ាងណាមិញក៏មានរឿងចម្លែកមួយដែលពាក់ព័ន្ធនឹងទាហាជប៉ុនម្នាក់ដែលបានបាត់ខ្លួនអំឡុងពេលផ្ទុះសង្គ្រាមលោកលើកទី២ ដោយគ្មាននរណាម្នាក់ដឹងនោះទេថាគាត់នៅរស់ ឬក៏ស្លាប់។
លោក Shoichi Yokoi មានអាយុ ២៦ ឆ្នាំនៅពេលដែលគាត់ត្រូវបានគេបញ្ចូលទៅក្នុងជួរកងទ័ពជប៉ុនក្នុងឆ្នាំ ១៩៤១ និងត្រូវបានហ្វឹកហាត់យ៉ាងមត់ចត់។ លុះរហូតមកដល់ក្នុងសង្គ្រាមលោកលើកទី២ លោក Shoichi Yokoi ក៏បានគេចពីសង្គ្រាមមករស់ក្នុងព្រៃអស់រយៈពេល ២៨ឆ្នាំ ដោយមិនដឹងថាសង្គ្រាមត្រូវបានបញ្ចប់ជាយូរហើយនោះឡើយ។
កាលនោះប្រតិបត្តិការរបស់ជប៉ុនគឺបានប្រកាន់ខ្ជាប់នៅពាក្យស្លោកមួយថា មានឆន្ទៈស៊ូស្លាប់ក្នុងសង្គ្រាម ប្រសើរជាងការរួចខ្លួនមានជីវិត ដូច្នេះហើយទើបធ្វើអោយលោក Shoichi Yokoi បានសម្រេចចិត្តមិនត្រលប់ទៅកាន់ប្រទេសជប៉ុនវិញនោះទេ ព្រោះខ្លាចគេថាគាត់ជាមនុស្សកំសាក។ ម៉្យាងវិញទៀតដោយសារតែគាត់បានភៀសខ្លួនចូលទៅក្នុងព្រៃ ទើបគាត់មិនបានទទួលពត៌មានពីការបញ្ចប់សង្គ្រាមលោកលើកទី២នោះឡើយ។
ដើមឡើយគាត់គ្រាន់តែជាអ្នកកាត់សំលៀកបំពាក់ម្នាក់ប៉ុណ្ណោះ បន្ទាប់មកក៏ត្រូវបានគេបញ្ចូនទៅធ្វើជាកងទ័ពជប៉ុននៅក្នុងឆ្នាំ ១៩៤១។ ក្រុមទាហានរបស់លោក Shoichi Yokoi គឺមានគ្នា១០ នាក់ ដែលបានរួចខ្លួនផុតពីសង្គ្រាមលោកលើកទី២ និងបានគេចចូលទៅរស់នៅក្នងព្រៃទាំងអស់គ្នា។ ក្រោយមកក៏ត្រូវបានគេចាប់ខ្លួនអស់ ៦ នាក់ ដោយទាហានអាមេរិចផងដែរ ហើយក៏ត្រូវបានគេសម្លាប់ចោលទាំងអស់។ លោក Shoichi Yokoi និងគ្នា ៣ នាក់ទៀតបានមានសំណាងរួចខ្លួនពីទាហានអាមេរិចម្តងទៀត ហើយបន្តរស់នៅតំបន់ជិតៗគ្នានៅក្នុងព្រៃអស់ជាច្រើនឆ្នាំ។
រហូតមកដល់ឆ្នាំ ១៩៥២ ពួកគេបានលឺដំណឹងថា សង្គ្រាមត្រូវបានបញ្ចប់ទៅហើយ ប៉ុន្តែ លោក Shoichi Yokoi នៅតែភ័យខ្លាច ហើយគិតថាវាជាពត៌មានមិនពិត ដូច្នេះហើយលោកក៏បានសម្រេចចិត្តគេចខ្លួន និងរស់នៅក្នុងព្រៃបន្តទៀត។ មិនប៉ុន្មានឆ្នាំក្រោយមក គាត់ក៏បានដឹងថាមិត្តភក្តិជាយោធាក្នុងក្រុមជាមួយគ្នាបានស្លាប់អស់ទៅហើយ ដូច្នេះមានតែគាត់ម្នាក់ប៉ុណ្ណោះដែលនៅរស់មានជីវិត។
កំឡុងពេលរស់នៅក្នុងព្រៃ លោក Yokoi បានចំណាយពេលអស់រយៈពេល ៣ខែសម្រាប់ជីកអន្លង់ដ៏ជ្រៅមួយ ដោយមានជម្រៅប្រហែលជា៧ហ្វីត ហើយមានច្រកតូចមួយចុះទៅក្រោមដោយប្រើប្រាស់ដើមឬស្សី និងជីករន្ធតូចមួយដើម្បីអោយមានខ្យល់ចេញចូល។
ហើយការចិញ្ចឹមជីវិតរបស់គាត់គឺដោយការចាប់ត្រី កង្កែប និងសត្វព្រៃទុកដើម្បីបរិភោគ។ រហូតមកដល់ឆ្នាំ ១៩៧២ អ្នកនេសាទជនជាតិអាមេរិចពីរនាក់គេបានរកឃើញលោក Yokoi នៅពេលដែលពួកគេដើរតាមដងទន្លេក្បែរតំបន់នោះ។ លោក Yokoi គឺមានភាពភ័យខ្លាចជាខ្លាំងដែលគិតថា អ្នកនេសាទទាំងពីរនាក់នោះនឹងនាំគាត់ទៅអោយទាហានអាមេរិច គាត់ក៏បានអង្វរអោយអ្នកទាំងពីរនោះសម្លាប់គាត់ចោលតែម្តងទៅ។ ប៉ុន្តែផ្ទុយទៅវិញពួកគេក៏បានជួយលោក Yokoi ដើម្បីត្រលប់ទៅផ្ទះវិញ ដែលនៅពេលនោះហើយទើបគាត់ដឹងខ្លួនថាបានរស់នៅក្នុងព្រៃនោះអស់២៨ឆ្នាំមកហើយ។
ចំណែកឯពីរសប្តាហ៍ក្រោយលោក Yokoi ក៏ត្រូវបានគេជួយសង្គ្រោះអោយត្រលប់ទៅប្រទេសជប៉ុនវិញ និងមានឋានៈជាវីរៈបុរសសង្គ្រាម ហើយលោក Yokoi ក៏បានរស់នៅរហូតដល់អាយុ ៨២ឆ្នាំមុនគាត់លាចាកលោកនេះទៅ៕
ប្រភព ៖ បរទេស