Sushi គឺជាម្ហូបអាហារមួយប្រភេទដែលគេពេញនិយមទូទាំងពិភពលោក ហើយមនុស្សភាគច្រើនតែងតែគិតថាវាមានដើមកំណើតមកពីប្រទេសជប៉ុន ប៉ុន្តែតាមពិតទៅ Sushi គឺមានដើមកំណើតដំបូងបង្អស់នៅប្រទេសចិនទៅវិញទេ។ ហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងថាដំណើរដើមទងនៃការបង្កើត Sushi នេះមានលក្ខណៈបែបណានោះ សូមតាមដានទាំងអស់គ្នា។
ប្រទេសជប៉ុន គឺជាប្រទេសដំបូងដែលនាំឲ្យមុខម្ហូបមួយនេះទទួលបានភាពល្បីល្បាញលើសកលលោក ប៉ុន្តែមុននឹងសាយភាយទៅដល់ប្រទេសជប៉ុន តាមពិតទៅជនជាតិចិនបានបង្កើតនូវមុខម្ហូបដែលយើងស្គាល់ថាជា Sushi រាល់ថ្ងៃនេះ ដែលពីមុនមានឈ្មោះថា Narezushi។ Narezushi មានលក្ខណៈសាមញ្ញ ដោយធ្វើឡើងពីបាយផ្អាប់នឹងត្រីប្រៃ ដោយបាយត្រូវផ្អាប់ដើម្បីរក្សាទុកឲ្យបានយូរ ចំណែកឯត្រីវិញគឺផ្អាប់ជាមួយអំបិលដើម្បីកុំឲ្យឆាប់ខូច ឬដុះផ្សិតជាដើម។ ហើយនៅពេលដែលគេយកមកបរិភោគ គឺគេមិនញុំាបាយដែលផ្អាប់ជាមួយត្រីនោះទេ ព្រោះបាយគ្រាន់តែត្រូវបានគេប្រើដើម្បីមករុំត្រីនោះរក្សាទុកប៉ុណ្ណោះ។
នៅសតវត្សទី៨ Sushi ក៏រីកសាយទៅដល់ប្រទេសជប៉ុន ហើយចាប់តាំងពីពេលនោះមក វាក៏ត្រូវបានគេឲ្យឈ្មោះថា Sushi រហូតមកដល់សព្វថ្ងៃ។
រហូតមកដល់ពាក់កណ្តាលសតវត្សទី១៨ ហាង Sushi ល្បីៗចំនួនបីក៏បានលេចមុខឡើងដោយក្នុងនោះរួមមានហាង Matsunozushi , Kenukizushi និង Yoheizushi ហើយបន្ទាប់មកហាងផ្សេងៗទៀតក៏បានបើកបន្តគ្នាជាហូរហែ។
ម្យ៉ាងទៀត Sushi កាលពីមុនគឺមានលក្ខណៈខុសពី Sushi ឥឡូវ ដោយសារសាច់ត្រីភាគច្រើនត្រូវបានគេចម្អិនហើយសាច់ត្រីគេហាន់ជាដុំធំៗ ហេតុនេះហើយក៏មានចុងភៅម្នាក់មានឈ្មោះថា Hanaya Yohei គឺជាអ្នកដែលច្នៃ Sushi ជំនាន់មុនឲ្យក្លាយជា Sushi ដែលយើងស្គាល់សព្វថ្ងៃ។ ពោលគឺគាត់គិតថា បាយទាំងនោះមិនគួរបោះចោលនោះទេ ដោយគ្រាន់តែដាក់សាច់ត្រីមួយចំណិតពីលើ ហើយបង្រួមទំហំបាយឲ្យតូចល្មមស្រួលដាក់ចូលមាត់នោះគឺជាការស្រេច៕
ប្រភព ៖ បរទេស