កូរ៉េខាងត្បូង គឺជាប្រទេសមួយដែលទទួលបានភាពល្បីល្បាញដោយសារវិស័យចម្រៀង K-pop ដែលជាហេតុនាំអោយមានអ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោក។ ម៉្យាងវិញទៀតប្រទេសកូរ៉េខាងត្បូងក៏សម្បូរទៅដោយតំបន់ដែលល្បីថាមានខ្មោចលងច្រើនផងដែរ ហើយថ្ងៃនេះយើងនឹងលើកយកកន្លែងទាំង ៨ ដែលប្រជាជនថាមានខ្មោចលងសាហាវជាងគេមកអោយអ្នកទាំងអស់គ្នាស្គាល់!
១. មន្ទីរពេទ្យចិត្តព្យាបាលជំងឺរោគចិត្ត
Gonjiam Psychiatric Hospital គឺជាមន្ទីពេទ្យមួយដែលស្ថិតនៅទីក្រុងស៊េអូល និងត្រូវបានគេបោះបង់ចោលជាយូរឆ្នាំមកហើយ។ យោងតាមពាក្យចចាមអារាមថាអ្នកជំងឺជាច្រើននៅមន្ទីពេទ្យនោះបានស្លាប់យ៉ាងអាថ៌កំបាំង និងអ្នកខ្លះថែមទាំងបានអះអាងទៀតថាប្រធានមន្ទីពេទ្យក៏មានជំងឺផ្លូវចិត្តផងដែរ។ ហើយបើទោះបីកន្លែងនេះបានបិទទៅហើយក្តី ក៏គ្មាននរណាហ៊ានមកជួសជុលសារជាថ្មី ឬចូលមកកាន់មន្ទីពេទ្យនេះឡើយ។
២. តំបន់ Yeongdeok haunted house
ភូមិនេះធ្លាប់មានមនុស្សជាច្រើនរស់នៅ ប៉ុន្តែក្រោយមកក៏មានពាក្យចចរាមអារាមមួយបាននិយាយថា មានផ្ទះមួយដែលនៅក្នុងភូមិគឺមានខ្មោចលងដ៏សាហាវ និងត្រូវបានគេជឿថាជាខ្មោចទាហានដែលតែងតែលងបន្លាចប្រជាជនដែលរស់នៅទីនោះ។ ដូច្នេះហើយទើបពួកគេបានសម្រេចចិត្តរើចេញពីទីនោះ ហើយភូមិនេះក៏បានក្លាយជាស្ងាត់ជ្រងំគួរអោយខ្លាច និងគ្មានអ្នកណាហ៊ានទៅលេងនៅទីនោះទៀតឡើយ។
៣. ឧទ្យាន Yongma Land Abandoned Theme Park
វាគឺជាកន្លែងក្មេងកម្សាន្តដ៏ល្បីមួយ ប៉ុន្តែត្រូវបានគេបោះបង់ចោលព្រោះគេជឿថាមានព្រលឹងខ្មោចក្មេងស្រីម្នាក់បានស្លាប់នៅក្នងឧទ្យាននោះជាយូរមកហើយ និងបានលងបន្លាចអ្នកដែលបានចូលទៅទស្សនាទីនោះ ហើយជួនកាលលងទាំងកណ្តាលថ្ងៃក៏មាន។ ក្រោយពីគេបោះបង់ចោលដោយការខ្លាចរអានៃព្រលឹងខ្មោចក្មេងៗ គឺគ្មាននរណាម្នាក់ធ្លាប់ទៅទីនោះទៀតនោះទេ។
៤. ច្រកទ្វារឯករាជ្យ The Independence Gate
ច្រកទ្វារនេះគឺស្ថិតនៅក្នុងទីក្រុងស៊េអូល ដែលបង្ហាញពីភាពឯករាជ្យនៃប្រទេសកូរ៉េ។ ក៏ប៉ុន្តែមានមនុស្សជាច្រើនបានជឿថាមានព្រលឹងខ្មោចរាប់មិនអស់ ដែលភាគច្រើនបានស្លាប់ដោយសារតែសង្គ្រាម និងការកាត់ក្បាលនៅពេលដែលពួកគេឆ្លងកាត់តាមច្រកទ្វារនេះកាលពីសម័យមុន។
៥. ទន្លេ Han
វាគឺជាទន្លេដ៏ល្បីល្បាញមួយដែលធ្លាប់តែមានដែលមនុស្សច្រើនទៅលេង ប៉ុន្តែឥឡូវបែរជាមានភាពស្ងប់ស្ងាត់ទៅវិញ។ គួរអោយដឹងដែរថា កាលពីមុនវាធ្លាប់ជាផ្លូវសម្រាប់នាវាដឹកទំនិញជាច្រើនដែលឆ្លងកាត់ចូលមកក្នុងប្រទេសកូរ៉េ ប៉ុន្តែនៅពេលដែលនាវាទាំងនេះត្រូវបានគេប្លន់នោះ ចោរក៏បានសម្លាប់មនុស្សនៅលើនាវា និងបោះចោលចូលក្នុងទន្លេ។ ហេតុនេះហើយវាក៏បានក្លាយជារឿងដែលគេនិយាយតៗគ្នាថា គឺមានខ្មោចលងបន្លាចយ៉ាងសាហាវនៅតាមដងទន្លេ ហើយបើសិនជាមានមនុស្សចូលទៅជិតទឹកទន្លេនោះពេក គឺអាចនឹងមានខ្មោចទាញជើងថែមទៀតផង។
៦. ភូមិ Yongin
ភូមិនេះត្រូវបានគេស្គាល់ច្រើន ដោយសារភាពរន្ធត់របស់វា ព្រោះគេជឿថាមានខ្មោចក្រម៉ុំព្រហ្មចារីម្នាក់ឈ្មោះ Cheonyeo gwishin បានលងបន្លាចប្រជាជនដែលរស់នៅទីនោះ ដោយទម្លាក់សក់វែងៗហើយស្លៀកសម្លៀកបំពាក់កាន់ទុក្ខបែបប្រពៃណីពណ៌សដែលគេហៅថា Sobok។
៧. កោះ Yeonpyeong
កោះ Yeonpyeong មួយនេះ គឺស្ថិតនៅជិតព្រំដែនបែងចែករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយចាប់តាំងពីមានផ្ទុះសង្គ្រាមកូរ៉េក្នុងឆ្នាំ ១៩៥០ មក តំបន់នេះត្រូវបានទទួលរងនូវការទម្លាក់គ្រាប់បែករាប់មិនអស់ និងត្រូវបានគេដឹងថាមានវិញ្ញាណទាហាន និងប្រជាជនស្លូតត្រង់ជាច្រើនដែលបានស្លាប់ទាំងបានចងកំហឹងនៅទីនោះ។
៨. កោះ Jeju
កោះនេះគឺពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ និងបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនអោយមកទស្សនា។ ប៉ុន្តែពួកគេបានជួបនៅរឿងចម្លែកនៅលើកោះនោះជាច្រើន ដូចជាព្រលឹងខ្មោចដែលតែងលងបន្លាចប្រជាជន និងភ្ញៀវដែលបានទៅទស្សនានៅទីនោះ។ រីឯភ្ញៀវខ្លះក៏ធ្លាប់ឃើញនៅព្រលឹងខ្មោចដោយផ្ទាល់ភ្នែកទៀតផង ដែលប្រជាជននៅទីនោះប្រាប់ថាជាព្រលឹងខ្មោចដែលស្លាប់ដោយសារតែសង្គ្រាមនៅសម័យមុន។ តែទោះបីជាយ៉ាងណាក៏ដោយកោះមួយនេះគឺនៅតែទទួលបានការពេញនិយមដដែល៕
ប្រភព ៖ បរទេស