ការគាំងបេះដូងអាចកើតមានឡើងនៅពេលដែលផ្នែកមួយនៃសាច់ដុំបេះដូងរបស់អ្នកមិនមានឈាមគ្រប់គ្រាន់ និងប្រព័ន្ធចរន្តឈាមរត់មិនស្មើគ្នា។ ហើយក្នុងនោះក៏មានកត្តាហានិភ័យមួយចំនួនដែលបង្កអោយមានការគាំងបេះដូងផងដែរ ដោយរួមមានដូចជាកត្តាអាយុ និងកត្តាតំណរពូជជាដើម។ ប៉ុន្តែអ្វីដែលអ្នកមិនធ្លាប់ដឹងពីមុនមកនោះគឺ សូម្បីតែទម្លាប់ដែលអ្នកធ្វើប្រចាំថ្ងៃក៏អាចបណ្តាលអោយគាំងបេះដូងដោយមិនដឹងខ្លួនផងដែរ។
ខាងក្រោមនេះគឺជាទម្លាប់ទាំង៦យ៉ាងដែលអាចធ្វើអោយអ្នកគាំងបេះដូងបាន!
១.ការបរិភោគអាហារប្រចាំថ្ងៃ
ការបរិភោគអាហារក្រៅផ្ទះជារៀងរាល់ថ្ងៃ ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់បេះដូងរបស់អ្នកបានដែរ ព្រោះអាហារនៅតាមភោជនីយដ្ឋានខ្លះគឺមិនល្អចំពោះសុខភាពឡើយ។ ម្យ៉ាងទៀត បើយោងតាមលោកវេជ្ជបណ្ឌិតផ្នែកសុខភាពមួយរូបបានណែនាំថា មនុស្សគ្រប់គ្នាគួរតែយកចិត្តទុកដាក់លើព័ត៌មានលម្អិតអំពីអាហារូបត្ថម្ភដែលអ្នកបរិភោគរាល់ថ្ងៃ ដើម្បីទប់ស្កាត់និងជៀសវាងហានិភ័យចំពោះបេះដូងរបស់អ្នកនៅថ្ងៃក្រោយ។
២.ធ្វើលំហាត់ប្រាណមិនត្រឹមត្រូវ
រឿងល្អបំផុតដែលអ្នកគួរធ្វើដើម្បីថែរក្សាសុខភាពនោះគឺការធ្វើលំហាត់ប្រាណ ព្រោះភាពអសកម្មរបស់អ្នកអាចចូលរួមចំណែកដល់កម្រិតកូឡេស្តេរ៉ុលក្នុងឈាមអោយឡើងខ្ពស់ និងធ្វើអោយអ្នកធាត់បាន។ ប៉ុន្តែប្រសិនបើអ្នកធ្វើការប្រាណហាត់ដោយមិនមានពេលវេលាច្បាស់លាស់ ឬរបៀបត្រឹមត្រូវទេ នោះវានឹងអាចធ្វើអោយសម្ពាធឈាមរបស់អ្នកឡើងខ្ពស់, ស្ទះសរសៃរឈាមបេះដូង និងបង្កអោយមានជំងឺគាំងបេះដូងថែមទៀតផង។
៣. ផឹកស្រា
ស្រាបៀរមួយកែវនឹងមិនអាចធ្វើឱ្យអ្នកគាំងបេះដូងបាននោះទេ ប៉ុន្តែការផឹកច្រើនពេកក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពបេះដូងរបស់អ្នកបានដែរ។ ហើយបើយោងតាមក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិកបានពន្យល់ថា ការផឹកស្រាញឹកញាប់ពេកគឺអាចបង្កើនសម្ពាធឈាមនៅក្នុងរាងកាយ និងនាំឱ្យកម្រិតទ្រីគ្លីសេរីដដែលជាប្រភេទខ្លាញ់ទូទៅនៅក្នុងខ្លួនរបស់អ្នកឡើងខ្ពស់។ ម្យ៉ាងទៀតនៅក្នុងជាតិអាកុលក៏មានផ្ទុកនូវកាឡូរីផងដែរ ហើយនៅពេលដែលរាងកាយរបស់អ្នកមានកាឡូរីច្រើនលើសកម្រិតពេក នោះវានឹងបង្កើនហានិភ័យនៃជំងឺបេះដូង។
៤. ដាក់ខ្លួនឯងនៅក្នុងស្ថានភាពស្ត្រេស
មនុស្សគ្រប់គ្នាគឺតែងតែជួបប្រទះនឹងភាពតានតឹង តែទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកអាចកាត់បន្ថយភាពស្រ្តេសទាំងនោះបានខ្លះ វានឹងក្លាយជារឿងដ៏ល្អបំផុតមួយចំពោះសុខភាពបេះដូងរបស់អ្នក។ ព្រោះបញ្ហាស្ត្រេសក៏អាចបង្កើនសម្ពាធឈាមអោយឡើងខ្ពស់ ដែលជាកត្តាហានិភ័យចម្បងមួយសម្រាប់ការគាំងបេះដូងផងដែរ។
៥. ការជក់បារីគ្រប់ប្រភេទ
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតបានអោយដឹងថា ស្ទើតែមួយភាគបីនៃការស្លាប់ទៅហើយដែលទាក់ទងទៅនឹងជំងឺបេះដូង ហើយកត្តាហានិភ័យធំបំផុតនោះគឺបណ្តាលមកពីការជក់បារី។ ព្រោះរាល់ពេលដែលអ្នកស្រូបផ្សែងបារីទាំងនោះ វាប្រៀបបានដូចជាអ្នកដាក់សារធាតុគីមីចំនួន ៥០០០ ចូលទៅក្នុងខ្លួនរបស់អ្នកអញ្ចឹង ហើយភាគច្រើនសារធាតុគីមីទាំងនោះនឹងបង្កគ្រោះថ្នាក់ដល់សុខភាពបេះដូងយ៉ាងធ្ងន់ធ្ងរ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ វានឹងបំផ្លាញកោសិកាឈាមក្រហម និងបំផ្លាញបេះដូងរបស់អ្នកថែមទៀតផង។
៦. ការប្រើប្រាស់គ្រឿងញៀន
ការគាំងបេះដូងមួយចំនួនត្រូវបានបង្កឡើងដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ព្រោះគ្លីនិកសុខភាពមួយបានពន្យល់ថា ការប្រើប្រាស់ថ្នាំរំញោចដូចជាកូកាអ៊ីន ឬ amphetamines គឺអាចបណ្តាលអោយមានការកន្ត្រាក់នៃសរសៃឈាមបេះដូងរបស់អ្នកដែលអាចបណ្តាលអោយគាំងបេះដូងភ្លាមៗ៕
ប្រភព ៖ បរទេស