បុរសកំសត់ម្នាក់នេះមានឈ្មោះថា Jono Lancaster ដែលលោកបានកើតនៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ១៩៨៤ នៅសហរដ្ឋអាមេរិក។ ជីវិតរបស់លោកគឺពិតជាសង្វេកខ្លាំងណាស់ ព្រោះកាលពីជាង ៣០ឆ្នាំមុន គាត់គឺជាទារកម្នាក់ដែលត្រូវបានឪពុកម្តាយបោះបង់ចោលនៅមន្ទីពេទ្យបន្ទាប់ពីកើតបាន ៣៦ ម៉ោងប៉ុណ្ណោះ។ ដោយសារតែឪពុកម្តាយរបស់គាត់មានការផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញមុខមាត់ដ៏ចម្លែករបស់កូនប្រុស ដែលបណ្តាលអោយពួកគេដាច់ចិត្តទុកក្មេងប្រុសម្នាក់នេះចោលនៅមន្ទីពេទ្យ។
តាមការពិនិត្យរបស់គ្រូពេទ្យជំនាញបានអោយដឹងថា លោក Jono Lancaster គឺមានរោគសញ្ញា Treacher Collins ដែលជាជំងឺហ្សែន និងជះឥទ្ធិពលដល់ការវិវត្តនៃឆ្អឹងមុខ ទើបបណ្តាលអោយមុខរបស់គាត់មានសភាពមិនប្រក្រតីបែបនេះ។
គួរអោយដឹងដែរថា លោក Jono Lancaster គឺគ្មានឆ្អឹងថ្ពាល់នោះទេ ទើបធ្វើអោយភ្នែកសងខាងរបស់គាត់ទាញចុះមកខាងក្រោម ដែលជាហេតុបណ្តាលអោយគាត់មានមុខខុសពីមនុស្សធម្មតា និងត្រូវបានមនុស្សជាច្រើនរើសអើងថែមទៀតផង។ ប៉ុន្តែលោកក៏បានជម្នះរាល់ការរើសអើងរហូតបានក្លាយជាមនុស្សម្នាក់ ដែលមានតម្លៃនៅក្នុងសង្គមផងដែរ។
លោក Jono Lancaster បានប្រាប់អោយដឹងថា គាត់គឺទទួលបានការមើលថែពីស្ត្រីម្នាក់ឈ្មោះថា Jean ដែលកាលនោះខាងសេវាកម្មសង្គមបានយល់ព្រមអោយលោកស្រី Jean ក្លាយជាអ្នកមើលថែរក្សាគាត់រហូតដល់សព្វថ្ងៃនេះ។ ដោយលោកស្រីបានចិញ្ចឹមបីបាច់លោក Jono Lancaster ប្រៀបបានដូចជាកូនបង្កើតអញ្ចឹង និងបានបញ្ចូនលោកអោយរៀនសូត្ររហូតចប់សកលវិទ្យាល័យថែមទៀតផង បើទោះបីលោក Jono Lancaster មិនមែនជាកូនបង្កើតរបស់គាត់ក៏ដោយ។
ពេលរៀនចប់ លោក Jono Lancaster បានសម្រេចចិត្តចូលធ្វើការនៅតាមបារ និងកន្លែងផ្សេងៗជាច្រើនដើម្បីស្វែងរបទពិសោធន៍។ រហូតមកដល់បច្ចុប្បន្ននេះលោក Jono ក៏បានក្លាយទៅជាតារាម៉ូដែល និងគ្រូបង្វឹកហាត់ប្រាណយ៉ាងមានជំនាញ។ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងមានមិត្តស្រីម្នាក់ឈ្មោះ ឡារ៉ារីឆាតសាន់ ដែលមានរូបសម្រស់ស្រស់ស្អាតថែមទៀតផង។ ហើយបើទោះបីជា Jono Lancaster មានមុខមាត់ខុសពីគេ និងត្រូវបានគេមើលងាយក៏ដោយ ប៉ុន្តែគាត់នៅតែមិនចុះចាញ់នឹងព្រហ្មលិខិតឡើយ រហូតដល់ថ្ងៃនេះគឺមានមនុស្សជាច្រើនដែលស្ងើចសរសើរពីភាពតស៊ូដ៏អស្ចារ្យរបស់គាត់៕
ប្រភព ៖ បរទេស