រឿងខ្មោចកូនស្រី Hui Bon Hoa ជារឿងដ៏ល្បីមួយដែលត្រូវបានកើតឡើងនៅឆ្នាំ ១៩៣៤ ក្នុងប្រទេសវៀតណាម។ គួរអោយដឹងដែរថា កាលពីអតីតកាលគ្រួសារ Hui Bon Hoa មួយនេះគឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តមនៅក្នុងទីក្រុងសៃហ្គន ហើយបច្ចុប្បន្ននេះផ្ទះរបស់ពួកគេត្រូវបានគេយកធ្វើជាសារមន្ទីរវិចិត្រសិល្បៈមួយ ដែលស្ថិតនៅផ្លូវ Pho Duc Chhin ក្នុងសង្កាត់១ នៃទីក្រុងសៃហ្គន។
យោងតាមការនិយាយតៗគ្នារបស់ប្រជាជននៅទីនោះបានអោយដឹងថា ក្មេងស្រីម្នាក់ដែលជាកូនស្រីនៃគ្រួសារ Hoa បានកើតជំងឺឃ្លង់ ហើយពេលនោះវាក៏ជាជំងឺរាតត្បាតយ៉ាងខ្លាំងនៅក្នុងទីក្រុងផងដែរ។ បន្ទាប់មកក្រោយពីដឹងថានាងមានជំងឺនេះ នាងក៏ត្រូវបានក្រុមគ្រួសារដាក់ឃុំទុកនៅក្នុងបន្ទប់តែម្នាក់ឯង ដោយគ្រាន់តែហុចអាហារអោយនាងតាមប្រហោងតូចមួយក្នុងបន្ទប់តែប៉ុណ្ណោះ។ ដោយកាលនោះពួកគេមានជំនឿថាវាគឺជាបណ្តាសាខ្មោច មិនមែនជាជំងឺឃ្លង់នោះទេ។
ហើយដោយសារតែការទ្រាំនឹងជំងឺដ៏កាចសាហាវនេះមិនបាន នាងក៏បានទទួលមរណភាពទៅ។ រីឯគ្រួសាររបស់នាងក៏បានប្រារព្ធនូវពិធីបុណ្យសពដ៏ស្ងប់ស្ងាត់មួយ ដោយបានកុហកអ្នកគ្រប់គ្នាថានាងមិនបានកើតជំងឺឃ្លង់នោះទេ តែបែរជាប្រាប់គេថានាងស្លាប់ដោយសារកើតជំងឺផ្សេងទៅវិញ។
អ្នកខ្លះបានអះអាងថា នាងបានក្លាយជាមនុស្សឆ្កួតដោយសារតែការឃុំឃាំងក្នុងបន្ទប់យូរឆ្នាំពេក និងសម្រេចចិត្តសម្លាប់ខ្លួនដោយការចង់ក។ ប៉ុន្តែក៏មានពាក្យចចាមរ៉ាមថានាងបានដុតសម្លាប់ខ្លួនឯង ព្រោះតែពិបាកទ្រាំនឹងការឈឺចាប់នៃជំងឺ និងភាពឯការនោះមិនបាន។
ក្រោយមកមានមនុស្សជាច្រើនបានប្រាប់ថាពួកគេបានឃើញក្មេងស្រីម្នាក់តែងតែដើរតាមអាគារ និងច្រកផ្លូវតូចៗ ហើយមានលឺសម្លេងយំជារឿយៗនៅពេលពាក់កណ្តាលយប់ទៀតផង ដែលពួកគេជឿថាមកពីនាងស្លាប់ដោយអយុត្តិធម៌។
ម្យ៉ាងទៀតស្ទើរតែរាល់យប់ទៅហើយដែលអោយពួកគេបានឃើញ និងលឺសម្លេងទ្រហោយំល្វើយៗបែបនេះ រហូតដល់ថ្នាក់មិនមានអ្នកណាហ៊ានចេញក្រៅនៅពេលយប់ឡើយ។ ហើយរឿងនេះក៏បានក្លាយជារឿងល្បីតៗគ្នាអស់ជាច្រើនឆ្នាំ និងបានក្លាយទៅជាការចងចាំរបស់មនុស្សគ្រប់គ្នាដែលនៅទីនោះ៕
ប្រភព ៖ បរទេស