នៅតាមប្រទេសចំនួននៅអាស៊ីគឺតែងតែចូលចិត្តញុំាម្ហូបអាហារឆៅដូចជាគ្រឿងសមុទ្រឆៅជាដើម ប៉ុន្តែលើសពីនេះទៅទៀត មានអ្នកខ្លះញុំាទាំងមឹកដែលនៅរស់រវើកៗថែមទៀតផង។ ជាក់ស្តែងការញុំាមឹកទាំងនៅរស់បែបនេះគឺមានភាពពេញនិយមខ្លំាងណាស់នៅប្រទេសកូរ៉េនិងជប៉ុន ។ ប៉ុន្តែរឿងដែលអ្នកគួរតែប្រុងប្រយ័ត្ននោះ គឺប្រសិនបើញុំាវាខុសបច្ចេកទេសនិងក្បួនខ្នាត វានឹងអាចសម្លាប់អ្នកបាន។
យោងឯកសារបានអោយដឹងថា កាលពីខែមេសា ឆ្នាំ២០១០ មាននារីជនជាតិកូរ៉េម្នាក់បានសន្លប់ហើយស្ទះដង្ហើមនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីព្យាយាមបរិភោគមឹកទាំងរស់។ ជាអកុសល នាងក៏បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល១៦ថ្ងៃ។ ហើយមូលហេតុនោះគឺដោយសារតែនាងមិនបានសម្អាតជាតិពុលដែលមាននៅក្នុងមឹកអោយបានត្រឹមត្រូវ។ ម្យ៉ាងទៀត ដៃមឹកគឺមានជាតិស្អិតណាស់ ដូច្នេះបើវាតោងជាប់អ្វីមួយគឺមិនងាយលែងនោះទេ។ ចំណែកឯ Vlogger ជនជាតិចិនម្នាក់ក៏ធ្លាប់បានបង្ហោះវីដេអូដែលគាត់ត្រូវបានដៃមឹកទាញស្បែករហូតចេញឈាមដោយសារតែគាត់សាកល្បងញុំាមឹកដ៏ធំនោះទាំងនៅរស់ផងដែរ។
ហេតុនេះហើយដើម្បីជៀសវាងនូវគ្រោះថ្នាក់ទាំងនេះ អ្នកជំនាញបានចែករំលែកបទពិសោធន៍ខ្លះទាក់ទងនឹងការបរិភោគមឹកទាំងរស់។ ពោលគឺដំបូងត្រូវចាប់ក្បាលមឹករួចច្បូតជាតិរអិលៗតាមដៃរបស់វាឲ្យអស់ជាមុនសិន ព្រោះវាមិនល្អចំពោះសុខភាពទេ។ ហើយគាត់បានបន្ថែមទៀតថា “ ការញុំាមឹកទាំងរស់គឺអាចជួយដល់កម្រិតជាតិស្ករក្នុងខ្លួនដោយសារវាសម្បូរទៅដោយសារធាតុ Taurine ប៉ុន្តែនៅពេលដែលអ្នកញុំាក៏ត្រូវតែសម្អាតវាអោយបានស្អាតដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗផងដែរ” ។ ម្យ៉ាងទៀត ដើម្បីការពារកុំអោយឆ្លាក់នៅពេលបរិភោគ អ្នកគប្បីឲ្យចុងភៅកាត់ជាដុំតូចៗសិនមុននឹងបរិភោគ៕
ប្រភព ៖ បរទេស