នំប៉ាវគឺជាចំណីមួយប្រភេទដែលមានរសជាតិឆ្ងាញ់ ញុំាទៅឆាប់ឆ្អែត និង ងាយរកទិញជាទីបំផុតហើយនរណាៗក៏ចូលចិត្តវាដែរ។ នំប៉ាវត្រូវបានគេធ្វើឡើងពីម្សៅល្មួត ស្វិត រីឯស្នូលខាងក្នុងមានសាច់កិនជាមួយនឹងបន្លែចិញ្រ្ចាំផ្សេងៗ។
នំប៉ាវមានដើមកំណើតនៅក្នុងសម័យកាលដែលប្រទេសចិនត្រូវបានបែងចែកជាបី ឬ The Three Kingdoms Period ក្នុងកំឡុងសតវត្សទី៣។ តាមឯកសារបានបង្ហាញថា នំប៉ាវត្រូវបានបង្កើតឡើងដោយ Zhuge Liang ដែលជាមេទ័ពល្បីល្បាញខ្លាំងពូកែម្នាក់ក្នុងការធ្វើសឹកសង្គ្រាម។ រឿងនោះតំណាលថា កាលពីសម័យដើម បន្ទាប់ពីបញ្ចប់សង្គ្រាម នៅពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញ កងទ័ពតែងតែប្រទះនឹងទន្លេមួយដែលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ជាខ្លាំង។ ហើយអ្នកដែលរស់នៅម្តុំទន្លេនោះបានប្រាប់ថា ដើម្បីឆ្លងកាត់ទន្លេមួយនេះបាន អ្នកភូមិជំនាន់មុនតែងតែកាត់ក្បាលកូនទ័ពជាច្រើនរបស់ខ្លួនរួចបោះចូលក្នុងទន្លេដើម្បីជាសំណែនដល់ម្ចាស់ទឹកម្ចាស់ដី។
ប៉ុន្តែដោយសារតែ Zhuge Liang គឺជាមនុស្សដែលមានតម្រិះនិងមិនចង់ប្រថុយសម្លាប់ជីវិតកូនទ័ពរបស់ខ្លួន ដូចនេះគាត់ក៏កើតមានគំនិតមួយ ដោយគាត់បានចំហុយម្សៅអង្ករនិងញាត់សាច់ចូលមានរូបរាងដូចក្បាលមនុស្ស ហើយបោះចូលទៅក្នុងទន្លេនោះ។ បន្ទាប់មក គេសង្កេតឃើញថាម្ចាស់ទឹកម្ចាស់ដីហាក់បីដូចជាពេញចិត្តនឹងសំណែននំមួយនោះជាងសំណែនក្បាលមនុស្សទៅទៀត ព្រោះកងទ័ពទាំងនោះអាចឆ្លងកាត់ទន្លេនិងត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញដោយសុវត្ថិភាព។ ក្រោយមក គេក៏ឲ្យឈ្មោះចំណីមួយនេះថា Mantou ដែលមានន័យថា
“ក្បាលមនុស្ស”។
នំប៉ាវក៏ចាប់ផ្តើមក្លាយជាអាហារដ៏ពេញនិយមនៅក្នុងប្រទេសចិនខាងជើងដែលជាតំបន់មួយសម្បូរទៅដោយការដាំដុះស្រូវ។ គួរអោយដឹងដែរថា នំប៉ាវប្រពៃណីគឺមានរាងមូលដូចបាល់និងមានស្នូលជាច្រើនប្រភេទតាមចំណូលចិត្តរបស់អ្នកញុំាដូចជា៖ ប្រៃ ឬ ផ្អែម , ស្នូលសាច់ជ្រូក , ស្នូលឈូក និង ស្នូលស្លឹកតើយជាដើម។ ហើយដោយសារការរីកសាយទៅកាន់តំបន់ផ្សេងៗទៀតនៅបច្ចឹមប្រទេស នំប៉ាវក៏ត្រូវបានគេកែច្នៃទៅជារូបរាងផ្សេងៗ ថែមទៀតផង៕
ប្រភព ៖ បរទេស