តន្រ្តីគឺជាសិល្បៈមួយប្រភេទដែលមិនអាចខ្វះបាននៅលើលោកយើងនេះ ព្រោះវាអាចកំដរអារម្មណ៍ និង ជួយអោយមនុស្សយើងជៀសផុតពីភាពទុក្ខសោក ឬ ភាពឯកាជាដើម។ អ្វីដែលពិសេសជាងនេះទៅទៀត គឺគេបានរកឃើញថាតន្រី្តមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ឲ្យសុខភាពខួរក្បាលដំណើរការបានល្អ។
បើយោងតាមអ្នកជំនាញដែលបានធ្វើការស្រាវជ្រាវទៅលើតូរ្យតន្រ្តី គេបានឲ្យដឹងថាតន្រ្តីអាចផ្លាស់ប្តូរទម្រង់នៃខួរក្បាលរបស់អ្នកឲ្យប្រសើរជាងមុនដោយពង្រឹងនូវប្រព័ន្ធចងចាំ ញាណ និង ការលូតលាស់ផ្នែកខួរក្បាលបានល្អ។ ម្យ៉ាងទៀត ប្រសិនបើក្មេងៗត្រូវបានបណ្តុះបណ្តាលឲ្យចេះលេងឧបករណ៍តន្ត្រីតាំងពីតូចទៀតនោះ វាគឺជារឿងមួយកាន់តែប្រសើរក្នុងដំណើរការលូតលាស់របស់ពួកគេ។
Catherine Loveday ដែលជាអ្នកជំនាញផ្នែកសរសៃប្រសាទខួរក្បាលបានឲ្យដឹងថា “ តន្រ្តីអាចជ្រៀតចូលក្នុងផ្នែកខួរក្បាលដែលអ្វីផ្សេងទៀតមិនអាចចូលទៅដល់ ដែលជម្រុញឲ្យខួរក្បាលលូតលាស់បានលឿនគ្រប់ផ្នែករួមមានទាំងការចងចាំ និង ការរៀនភាសាជាដើម”។ គួរអោយដឹងដែរថា ការលេងឧបរណ៍តន្រ្តីគឺតម្រូវឲ្យយើងផ្ចង់អារម្មណ៍ និង សកម្មក្នុងការប្រើញាណទាំង៥ដែលមានទាំងការប៉ះ ការស្តាប់ ការមើល និង ការកម្រើកខ្លួនជាដើម។
លើសពីនេះទៅទៀត ការលេងតន្រ្តីថែមទាំងជួយដោះស្រាយនូវបញ្ហានូវថប់បារម្មណ៍ បញ្ចុះសម្ពាធឈាម សម្រួលចង្វាក់បេះដូង និង តម្រូវអរម៉ូនក្នុងខ្លួនថែមទៀតផង។ រីឯចំពោះការស្តាប់តន្រ្តីក៏អាចជួយឲ្យយើងបានបន្ធូរអារម្មណ៍តានតឹងផងដែរ ជាពិសេសនោះគឺតន្រ្តី Classical។ ដូចនេះ ការលេងតន្រ្តីគឺមិនត្រឹមតែការសប្បាយនោះទេ ប៉ុន្តែវាថែមទាំងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពទៀតផង៕
ប្រភព ៖ បរទេស