ជាទូទៅ គេតែងតែចោទថា Vodka មានគុណវិបត្តិច្រើនជាងគុណសម្បត្តិ តែតាមពិតទៅវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ហើយជាពិសេសនោះគឺនៅក្នុងការថែរក្សាសម្រស់។ Vodka គឺជាគ្រឿងស្រវឹងម្យ៉ាងដែលតែងតែមានវត្តមាននៅពេលមានកម្មវិធីជប់លៀងឬជួបជុំផ្សេងៗ ហើយភាគច្រើនគេមិនដែលគិតទៅដល់ការប្រើប្រាស់របស់វាដើម្បីធ្វើអ្វីផ្សេង ក្រៅពីយកមកបរិភោគនោះឡើយ។ ហេតុនេះហើយ ទើបថ្ងៃនេះយើងនឹងលើកយក៥ចំណុចដែលអ្នកគួរតែយល់ដឹងពី Vodka នៅក្នុងការប្រើប្រាស់វាដើម្បីថែរក្សាសម្រស់។
១.កម្ចាត់អង្កែ
ប្រសិនបើអ្នកកំពុងជួបបញ្ហាអង្កែ នោះអ្នកគ្រាន់តែចាក់Vodka បន្តិចចូលទៅក្នុងទឹកស្អាតរួចកក់ទៅលើសក់ដូចធម្មតាគឺជាការស្រេច។ ហើយដោយសារតែ Vodka មានជាតិអាល់កុលខ្ពស់ ដូច្នេះវាមានឥទ្ធិពលអាចកម្ចាត់បាក់តេរីដែលបង្កជាអង្កែយ៉ាងមានប្រសិទ្ធិភាព។
២.កម្ចាត់ក្លិនមាត់មិនល្អ
គ្មាននរណាចង់នៅជិតមនុស្សដែលមានក្លិនមាត់មិនល្អនោះទេ ទោះបីជាអ្នកនោះមានមុខស្អាតបាតក៏ដោយ។ ហើយវិធីដើម្បីប្រើវាដើម្បីកម្ចាត់ក្លិនមាត់មិនល្អគឺមានភាពងាយស្រួលណាស់ ដោយអ្នកគ្រាន់តែចាក់ Vodka ចូលក្នុងកំប៉ុងស្រ្ពាយជាមួយទឹកស្អាតរួចបាញ់ទៅលើអណ្តាតដើម្បីកម្ចាត់បាក់តេរីបង្កក្លិនមាត់គឺជាការស្រេច។
៣.កម្ចាត់ប្រេះកែងជើង
បញ្ហាប្រេះកែងជើងមិនត្រឹមតែគួរឲ្យរំខានប៉ុណ្ណោះទេ តែវាក៏អាចទាក់ទងនឹងជម្ងឺផ្សេងៗថែមទៀតផង។ យ៉ាងណាមិញ Vodka អាចដោះស្រាយជាមួយបញ្ហាមួយនេះបានយ៉ាងល្អ ដោយអ្នកគ្រាន់តែចាក់ Vodka មួយស្លាបព្រាកាហ្វេកូរចូលទៅក្នុងទឹកក្តៅឧណ្ឌៗរួចត្រាំជើងក្នុងទឹកនោះមួយសន្ទុះ។ នោះកែងជើងរបស់អ្នកនឹងប្រែជាទន់ល្មើយ និង លែងមានស្នាមប្រេះ ឬ ក្លិនស្អុយទៀតហើយ។
៤.កម្ចាត់ស្នាមជ្រីវជ្រួញ
វិធីមួយនេះគឺតម្រូវអោយអ្នកលាយ Vodka បន្តិចចូលទៅក្នុងទឹកត្រជាក់រួចប្រើប្រាស់សំឡីដើម្បីជូតទឹកនោះថ្នមៗទៅលើផ្ទៃមុខ ជាពិសេសគឺកន្លែងដែលមានស្នាមជ្រីវជ្រួញ។ ប៉ុន្តែវាជាវិធីសាស្រ្តមួយសម្រាប់តែអ្នកដែលមានស្បែកមុខមិនងាយប្រតិកម្មប៉ុណ្ណោះ ព្រោះប្រសិនបើស្បែកមុខរបស់អ្នកស្តើង និង ងាយប្រតិកម្ម សូមមានការប្រុងប្រយ័ត្នមុននឹងសាកវិធីនេះ។
៥.សក់ភ្លឺរលោង
អ្នកគ្រាន់តែបន្តក់ Vodka ពីរបីតំណក់ចូលទៅក្នុងសាប៊ូកក់សក់របស់អ្នករួចកក់សក់ដូចធម្មតា នោះសក់របស់អ្នកនឹងទទួលបានលទ្ធផលភ្លឺរលោងភ្លាមៗ ព្រោះVodka មានកម្រិត pH ទាបដែលជួយរក្សាលំនឹងកម្រិត pH ដែលមានក្នុងសរសៃសក់របស់អ្នក។ ម្យ៉ាងទៀតជាតិអាស៊ីតរបស់វានឹងជួយកម្ចាត់ភាពបែកចុងនិងសក់ដែលសំពោងបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង៕
ប្រភព ៖ បរទេស