រៀនបង្គាប់ចិត្តឱ្យមានប្រយោជន៍ ត្រូវឱបក្រសោបចិត្តទាំង ៥ នេះ

«ចិត្ត» គ្មានរូបរាង គ្មានភាពជាក់លាក់ ប៉ុន្តែវាមានវត្តមានច្បាស់លាស់ នៅក្នុងសតិរបស់មនុស្ស។ មនុស្សតែងដាក់រឿងរ៉ាវជាច្រើននៅក្នុងចិត្ត ទាំងល្អ និងអាក្រក់ ហើយវាបង្កើតបានជារឿងរ៉ាវជាច្រើនផ្សេងទៀត ។ សកម្មភាពជាច្រើនរបស់មនុស្ស ត្រូវបានគ្រប់គ្រងដោយសារចិត្ត ហេតុនេះ យើងពិតជាចាំបាច់ត្រូវរៀនប្រើចិត្តឱ្យបានល្អ ជាពិសេស កុំបណ្តោយឱ្យចិត្តធ្វើជាម្ចាស់វាសនារបស់ខ្លួនយើង។

2

បើសិនជាយើងចេះពីវិធីប្រើប្រាស់វាឱ្យបានល្អ នោះយើងនឹងងទទួលបានអត្ថប្រយោជន៍ពីវា។ ហើយប្រភពនៃក្តីសុខរបស់មនុស្ស ក៏កើតចេញពីចិត្តផងដែរ។ បើកាលណាអ្នកមិនចេះពេញចិត្តនូវអ្វីដែលខ្លួនកំពុងតែធ្វើ ឬអ្វីដែលខ្លួនកំពុងមាន នោះក្តីខកបំណងក៏កើតមាន ហើយបង្កើតបានជាកង្វល់មិនចេះចប់ មិនចេះហើយអ៊ីចឹងឯង។ ហេតុនេះ ត្រូវឱបក្រសោបចិត្ត ៥ ខាងក្រោមនេះ៖

- អំណត់ ៖ កុំបើកភ្លើងខៀវអោយសម្តីមិនល្អរបស់នរណាម្នាក់ចរាចរណ៍ក្នុងចិត្តរបស់អ្នក ស្តាប់ហើយក៏បោះចោលទៅ។

- អត់អោន៖ ចូរអភ័យទោសដល់អ្នកដែលខុសលើអ្នកអោយបានច្រើន មេត្តានឹងនាំមកនូវសេចក្តីសុខយ៉ាងពិតប្រាកដ។

- គ្រប់គ្រាន់ ៖ ត្រូវពេញចិត្តនូវអ្វីដែលខ្លូនមាន ហើយបន្តរស់ក្នុងភាពគ្រប់គ្រាន់នេះ។


- ដោះលែង៖ អ្វីដែលមិនមែនជារបស់យើង កុំបាច់ទៅប្រឹងទាញយកមកឱបក្រសោបក្បែរខ្លួន ព្រោះវានាំក្តីចុកចាប់ដល់ខ្លួន។

- ក្តីស្រលាញ់៖ ត្រូវស្រលាញ់គ្រប់យ៉ាងដែលខ្លួនមាន។

គប្បីរៀនផ្តល់ក្តីសុខឱ្យជីវិត ដោយការមិនខឹងច្រើន មិនគុំគួន សុទិដ្ឋិនិយម មិនអត្មានិយម ចេះគ្រប់គ្រាន់ ទទួលស្គាល់ការពិត និងពេញចិត្តនូវអ្វីដែលខ្លួនមាន។

ប្រាកដណាស់ បើក្នុងចិត្តដាក់រឿងសៅហ្មង ជីវិតអ្នកនឹងពោពេញដោយក្តីទុក្ខ និងរងនូវវិបតិ្តជំងឺទុក្ខព្រួយជាផលតបស្នង។ បើក្នុងចិត្តដាក់រឿងល្អៗ ជិវិតអ្នកនឹងពោពេញដោយភាពរីករាយជាផលតបស្នង។ ហើយបើសិនជាក្នុងចិត្តអ្នកដាក់ក្តីសង្ឃឹម ជីវិតអ្នកនឹងពោពេញដោយកម្លាំងជំរុញគ្មានដែនកំណត់ ក្នងការឆ្ពោះទៅរកភាពរីកចម្រើន និងជោគជ័យនៅថ្ងៃមុខ ដែលនេះជាផលតបស្នងមួយដែលកើតចេញពីការខំប្រឹងរបស់អ្នកផ្ទាល់។

ឧបសគ្គដ៏ធំរបស់មនុស្ស គឺចិត្ត ហេតុនេះត្រូវតែជំនះចិត្តខ្លួនឯងឱ្យបាន មិនថាស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ៕