មនុស្សយើងពេលខ្លះអាចនឹងមានការចងចាំពីរឿងរ៉ាវមិនល្អ ឬ ការឆាប់ភ័យខ្លាចលែងហ៊ានប្រឈមមុខនឹងអ្វីមួយដែលខ្លួនធ្លាប់ជួបប្រទះពីមុនមក។ ម្យ៉ាងទៀត ប្រសិនបើអ្នកបានជួបប្រទះរឿងអវិជ្ជមានដដែលៗច្រើនដង ឬ ប៉ះពាល់ផ្លូវចិត្តខ្លាំង នោះវានឹងបង្កអោយមានអារម្មណ៍តានតឹង និង ភ័យខ្លាចជាដើម។ ហើយវាបានក្លាយទៅជាប្រភេទជំងឺម្យ៉ាង ដែលគេហៅថាជំងឺបាក់ស្បាត ឬ PTSD ។ ជំងឺនេះគឺអាចកើតមានឡើងទៅលើមនុស្សគ្រប់វ័យ ជាពិសេសនោះគឺអ្នកដែលធ្លាប់ជួបប្រទះនឹងហេតុការណ៍រន្ធត់ ឬ អំពើហឹង្សារណាមួយ។
មនុស្សដែលមាន ជំងឺ បាក់ស្បាត គឺមកពីពួកគេមានគំនិត និង អារម្មណ៍រំខានខ្លាំង ដែលទាក់ទងនឹងបទពិសោធន៍របស់ពួកគេដែលមានរយះពេលយូរបន្ទាប់ពីព្រឹត្តិការណ៍ដ៏តក់ស្លុតមួយបានបញ្ចប់។ ពួកគេអាចរំលឹកពីព្រឹត្តិការណ៍នោះឡើងវិញតាមរយះការនឹកឃើញ ឬ សុបិន្តអាក្រក់ ដែលបណ្តាលអោយពួកគេមានអារម្មណ៍ក្រៀមក្រំ ភ័យខ្លាច ឬ ឆាប់ខឹងជាដើម។ ហើយអ្នកទាំងនោះនឹងមានអារម្មណ៍ថាចង់នៅតែម្នាក់ឯងដាច់ឆ្ងាយពីអ្នកដទៃ ជាពិសេសនោះពួកគេអាចមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងចំពោះអ្វីដែលធម្មតាដូចជា៖ សំលេងខ្លាំងៗ ឬ ដោយរូបភាពចៃដន្យណាមួយ។
ជំងឺបាក់ស្បាតនេះមានរោគសញ្ញា ៤ ប្រភេទដូចជា៖
១.ការជ្រៀតចូល ៖ គំនិតជ្រៀតចូលដូចជាការចងចាំម្តងហើយម្តងទៀត ដោយសារតែអារម្មណ៍ ឬ ភាពចៃដន្យណាមួយ ដែលកើតចេញពីបទពិសោធន៍ដ៏តក់ស្លុតមួយដែលពួកគេធ្លាប់ជួបប្រទះ។
២.ការគេចវេស ៖ ការគេចវេសពីការរំលឹកអំពីព្រឹត្តិការណ៍ដ៏តក់ស្លុត រួមមានការគេចពីមនុស្ស, ទីកន្លែង, សកម្មភាព, វត្ថុ និង ស្ថានភាពដែលអាចបង្កឱ្យមានការចងចាំ និង ពិបាកចិត្ត។
៣.ការផ្លាស់ប្តូរការយល់ដឹង និង អារម្មណ៍ ៖ ការប៉ះទង្គិចផ្លូវចិត្ត គំនិតអវិជ្ជមាន និង អារម្មណ៍ដែលនាំឱ្យគិតអវិជ្ជមាន និង បំភ្លៃអំពីខ្លួនឯង ឬ អ្នកដទៃជាដើម។ ដូច្នេះប្រសិនបើមានអាការៈបែបនេះគួរតែផ្លាស់ប្តូរ រួចត្រលប់មកគិតពីរឿងដែលល្អ និង វិជ្ជមានចំពោះអ្វីនៅជុំវិញខ្លួន។
៤.ការផ្លាស់ប្តូរអារម្មណ៍ និង ប្រតិកម្ម៖ រោគសញ្ញារំញោច និង ប្រតិកម្មអាចរួមមានការឆាប់ខឹង និង ការផ្ទុះកំហឹង អាកប្បកិរិយាមិនប្រុងប្រយ័ត្ន ឬ តាមរបៀបបំផ្លាញខ្លួនឯងជាដើម។
យោងតាមការស្រាវជ្រាវមួយបានអោយដឹងថា រោគសញ្ញាជំងឺបាក់ស្បាតគឺកើតឡើងរវាងបីថ្ងៃ ឬ មួយខែបន្ទាប់ពីព្រឹត្តិការណ៍នោះបានកើតឡើង។ ហើយជំងឺបាក់ស្បាតនេះគឺមានអាការៈស្រដៀងគ្នាទៅនឹងជំងឺស្ត្រេសដែរ ពោលគឺវាធ្វើអោយមានអារម្មណ៍ឆេវឆាវ ចង់តែនៅម្នាក់ឯង ជាពិសេសនោះវានឹងបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរថែមទៀតផង។ ម្យ៉ាងទៀត ប្រសិនបើអ្នកកំពុងមានអាការៈបែបនេះ យើងសូមលើកទឹកចិត្តអោយអ្នកទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីអោយអ្នកឆាប់ធូរស្បើយពីជំងឺបាក់ស្បាតមួយនេះ៕
ប្រភព ៖ បរទេស