បើទោះបីជាសព្វថ្ងៃវិទ្យាសាស្ត្រមានការជឿនលឿនយ៉ាងណាក៏ដោយ ប៉ុន្តែជំនឿដែលមានតាំងពីបុរាណកាលមកគឺនៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ។ ហើយបើតាមក្បួនបុរាណចិនមានជំនឿថា ត្រីនាគគឺជាសត្វរស់នៅក្នុងទឹកមួយប្រភេទដែលនាំមកនូវភាពត្រជាក់ត្រជុំ និង នាំសំណាងដល់ម្ចាស់ខ្លួន។ ហេតុនេះហើយទើបជនជាតិចិនតែងតែដាក់តាំងរូបត្រីនាគ ឬ ចិញ្ចឹមត្រីនាគនៅក្នុងផ្ទះ និង កន្លែងរកស៉ីជាដើម ដើម្បីទទួលបាននូវលាភជ័យ និងលុយកាក់ហូរចូល។
តាមរឿងព្រេងចិនបុរាណបានដំណាលតៗគ្នាមកថា កាលពីសម័យបុរាណនៅត្រង់ចំនុចទន្លេលឿងជាច្រកទ្វារនាគនៃប្រទេសចិននោះ គឺតែងតែមានការប្រកួតរបស់ត្រីគ្រប់ប្រភេទជារៀងរាល់ឆ្នាំ។ ការប្រកួតនោះត្រូវកំណត់ថាត្រីណាដែលអាចលោតផ្លោះបានខ្ពស់ និង ហែលទឹកបានល្អជាងគេនោះនឹងទទួលជោគជ័យ ហើយត្រីដែលបានទទួលបានជ័យជំនះនោះគឺត្រូវមានភារកិច្ចតាមថែរក្សាប្រជាជន ការពារគ្រោះធម្មជាតិ និង ជួយអោយរជ្ជកាលនីមួយៗមានការរីកចម្រើនជាដើម។ ហើយចំពោះប្រជាជនបុរាណចិនវិញគឺមានការគោរពបូជាត្រីនាគជាខ្លាំងព្រោះវាគឺជាត្រីដែលទទួលបានជ័យជំនះ។ យ៉ាងណាមិញ រឿងនេះគ្រាន់តែជារឿងដំណាលតៗគ្នាមក ដែលធ្វើអោយមានជំនឿជាខ្លាំងនៅក្នុងប្រទេសចិនបុរាណកាលពីសម័យនោះ។
តាំងពីពេលនោះមកត្រីនាគត្រូវបានចាត់ទុកជានិមិត្តរូបនាំលាភសំណាង និង សេចក្ដីចម្រុងចម្រើនចំពោះពលរដ្ឋអាស៊ី ដោយសាររូបសម្បត្ដិដ៏ស្រស់ឆើតឆាយនៃស្រកាក្រាស់ធំៗ និង ព្រុយចង្កាភ្លោះ២របស់វាដែលស្រដៀងទៅនឹងនាគរាជ។
លើសពីនេះទៀតនោះ យោងតាមក្បួនហុងស៊ុយបាននិយាយថាវត្តមានរបស់ត្រីនាគគឺនាំមកនូវទ្រព្យសម្បត្តិសុភមង្គល និង វិបុលភាពនៅក្នុងផ្ទះរបស់ចិញ្ចឹមវា។ ហើយការចិញ្ចឹមត្រីនាគនៅក្នុងផ្ទះគឺត្រូវការអោយចំណីយ៉ាងម្មត់ចត់ និង ការរស់នៅដោយប្រណិតភាព ព្រោះត្រីនាគនេះមិនអាចរស់នៅដូចត្រីដទៃទៀតនោះទេ ពោលគឺវាត្រូវការថែទាំយ៉ាងយកចិត្តទុកដាក់។ មួយវិញទៀត អ្នកគួរតែដាក់តាំងរូបត្រីនាគនេះនៅក្នុងផ្ទះ ឬ កន្លែងរកស៉ីជាដើម ដើម្បីនាំលាភជ័យ និង មាសប្រាក់មកអោយអ្នក។ ប៉ុន្តែចំពោះការចិញ្ចឹមគឺធ្វើយ៉ាងម៉េចកុំឲ្យត្រីនាគងាប់អោយសោះព្រោះ ប្រសិនបើវាងាប់នោះអ្នកប្រាកដជាដាក់រាសីខ្លាំងណាស់ ហើយវានឹងធ្វើអោយមានបញ្ហាចំពោះសុខភាព ឬ បង្ករឿងរ៉ាវពីតូចទៅជាធំជាដើម។ ប៉ុន្តែបើវានៅរស់ នោះអ្នកនឹងសុខសប្បាយ រកស៊ីមានបាន និង មានអ្នកតូចអ្នកធំរាប់អានជាក់ជាមិនខាន។ ដូច្នេះហើយអ្នកគួរតែចិញ្ចឹមវាដោយការប្រុងប្រយ័ត្ន តែបើយល់ល្អអ្នកគ្រាន់តែដាក់តាំងរូបត្រីនាគនេះក៏បានដែរ៕
ប្រភព ៖ បរទេស