ក្មេងតូចៗដែលទើបតែចេះដើរគឺស្ថិតក្នុងវ័យមួយដែលកំពុងលូតលាស់ និង ផ្លាស់ប្តូរលឿន ដូចនេះអាណាព្យាបាលគប្បីជ្រើសរើសអាហារដែលមានជីវជាតិគ្រប់គ្រាន់របស់ពួកគេ។ ព្រោះនៅពេលកូនក្មេងមានអាយុ១២ខែ នោះពួកគេត្រូវការ១០០០កាឡូរី កាល់ស្យូម៧០០ មីលីក្រាម វីតាមីន D ៦០០IU និង ជាតិដែក៧មីលីក្រាមជារៀងរាល់ថ្ងៃ ដើម្បីទ្រទ្រង់ការលូតលាស់នៃរាងកាយ។ ហើយខាងក្រោមនេះគឺជាប្រភេទអាហារដែលល្អបំផុតសម្រាប់កូនៗតូចរបស់អ្នកដែលទើបតែចេះដើរ៖
១.យ៉ាអួរ និង ទឹកដោះគោ
វ័យដែលក្មេងទើបចេះដើរ ជាពេលដែលល្អបំផុតដើម្បីឲ្យកូនៗចាប់ផ្តើមញុំាទឹកដោះគោ និង កាត់បន្ថយការបំបៅដោះ។ ទឹកដោះគោ ឬ យ៉ាអួរគឺជាប្រភពនៃប្រូតេអ៊ីន និង កាល់ស្យូមដែលនាំឲ្យឆ្អឹង និង ធ្មេញរឹងរបស់ពួកគេរឹងមាំ។ ប៉ុន្តែក្មេងខ្លះអាចនឹងប្រតិកម្មជាមួយនឹង Casein ដែលជាប្រូតេអ៊ីនមាននៅក្នុងទឹកដោះគោ ដូចនេះអាណាព្យាបាលគប្បីធ្វើការតាមដានឲ្យបានជាប់លាប់។
២.ស៊ុត
ដូចដែលអ្នកបានដឹងស្រាប់ហើយថាស៊ុតគឺជាប្រភពថាមពលសម្រាប់ទាំងក្មេង និង មនុស្សចាស់។ ដោយវាជួយជម្រុញការលូតលាស់នៃភ្នែក ខួរក្បាល និង ព្រមទាំងសម្បូរទៅដោយប្រូតេអ៊ីនដែលជំនួយដល់ការរក្សាតុល្យភាពទម្ងន់នៃរាងកាយទៀតផង។ ម្យ៉ាងទៀត អ្នកគួរតែហាន់ស៊ុតដែលស្ងោររួចជាចំណិតៗ ឬ ចិញ្រ្ចាំឲ្យម៉ត់ដើម្បីឲ្យកូនៗងាយស្រួលក្នុងការទទួលទាន។
៣.ខាត់ណា និង ការ៉ុត
បន្លែទាំងពីរនេះគឺជាប្រភពនៃ Fiber និង វីតាមីន C ដោយការ៉ុតសម្បូរទៅដោយ Lutien ដែលទ្រទ្រង់សុខភាពភ្នែក ចំណែកឯផ្លែខាត់ណាវិញគឺមានផ្ទុកនូវវីតាមីន C ដែលស្មើនឹងផ្លែក្រូចមួយផ្លែឯណោះ។ ហើយអ្នកអាចចម្អិនវាដោយស្ងោរឲ្យទន់ ឬ កិនឲ្យក្លាយជាបបរក៏បានដែរ។
៤.ផ្លែប័រ
សាច់ផ្លែប័រគឺមានលក្ខណៈទន់ល្មួតជាងផ្លែឈើដទៃ ដែលងាយស្រួលឲ្យក្មេងតូចៗទទួលទាន។ ម្យ៉ាងទៀតកុមារក្នុងវ័យនេះត្រូវការបរិភោគអាហារដែលមានជាតិខ្លាញ់ល្អឲ្យបានគ្រប់គ្រាន់ដើម្បីការលូតលាស់។ ហេតុដូចនេះហើយទើបផ្លែប័រគឺជាជម្រើសល្អបំផុតព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ដែលល្អសម្រាប់សុខភាពក្នុងការជំនួយបេះដូង និង ខួរក្បាល។
៥.ទឹក
គ្មានអ្វីដែលសំខាន់ជាងទឹកនោះទេ ព្រោះនៅក្នុងវ័យនេះគឺជាវ័យដែលកំពុងផ្តាច់ទឹកដោះម្តាយហើយ ដូចនេះដើម្បីឲ្យកូនៗមានសុខភាពល្អ សូមម៉ាក់ៗគ្រប់រូបឲ្យពួកគាត់ញុំាទឹកក្នុងបរិមាណ ២៣៧ មីលីលីត្រជាប្រចាំទើបជាការល្អ៕
ប្រភព ៖ បរទេស