ការរីកដុះដាលនៃជម្ងឺកូវីដ១៩បានបណ្តាលឲ្យមនុស្សនៅលើពិភពលោកបង្ខំចិត្តសម្របខ្លួនទៅនឹងបរិបទសង្គមថ្មីមួយ ដូចជាការរៀន ឬ ធ្វើការពីផ្ទះជាដើម។ ហេតុដូចនេះហើយ សិស្សសាលា ឬ បុគ្គលិកក្រុមហ៊ុនមួយចំនួនត្រូវចំណាយពេលរាប់ម៉ោងអង្គុយនៅពីមុខកុំព្យូទ័រដើម្បីបំពេញការងារ។ ហើយបើទោះបីជាអ្នកខ្លះមិនសិក្សា ឬ ធ្វើការក៏ដោយ ក៏ពួកគេត្រូវចំណាយពេលអង្គុយលេងហ្គេម ឬ មើលទូរទស្សន៍ដើម្បីកែអផ្សុកផងដែរ ព្រោះដោយសារតែមិនអាចចេញទៅខាងក្រៅដូចមុនបាន។
យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ការមិនសូវធ្វើចលនារាងកាយក៏បានជះឥទ្ធិពលមកលើខួរក្បាលផងដែរ។ ហើយនៅពេលដែលអ្នកអង្គុយនៅមួយកន្លែងយូរពេកក៏អាចប្រឈមនឹងជម្ងឺបាក់ទឹកចិត្ត និង បញ្ហាផ្លូវចិត្តផ្សេងៗថែមទៀតផង។ ជាពិសេសនោះគឺចំពោះមនុស្សវ័យជំទង់ ព្រោះវាជាវ័យដែលត្រូវចំណាយពេលអង្គុយយូរៗជាងវ័យផ្សេងទៀត ដែលពួកគាត់ភាគច្រើនប្រើពេលអង្គុយនៅពីមុខកុំព្យូទ័រ ឬ ទូរទស្សន៍រហូតដល់ ៨ម៉ោង ៤៣ នាទីក្នុងមួយថ្ងៃឯណោះ។ ដូចនេះហើយអ្នកចិត្តសាស្ត្របានណែនាំឲ្យធ្វើចលនាទោះតិច ឬ ច្រើនក្តី ដូចជាការលេងកីឡា ឬ លំហាត់ប្រាណជាដើម ព្រោះវាអាចជួយដល់ការពង្រឹងស្មារតី បំបាត់ភាពស្រ្តេស និង នាំឲ្យអារម្មណ៍ស្រស់ស្រាយថែមទៀតផង។
ម្យ៉ាងទៀត លំហាត់ប្រាណខួរក្បាលក៏ជារឿងដែលអ្នកមិនគួរមើលរំលងផងដែរ ព្រោះនៅពេលដែលអង្គុយយូរពេក លំហូរឈាមក្នុងខួរក្បាលគឺមានល្បឿនយឺត និង មិនសកម្មនោះឡើយ។ បន្ថែមពីលើនេះទៅទៀត វាក៏អាចប៉ះពាល់ដល់ប្រព័ន្ធចងចាំផងដែរ ដោយសារតែភាពអសកម្មនៃខួរក្បាល។ ដូចនេះ អ្នកគួរតែធ្វើលំហាត់ប្រាណខួរក្បាលដោយការលេងអុក ឬ ផ្គុំ Rubik’s Cube ជាដើម។
គួរអោយដឹងដែរថា អង្គការសុខភាពពិភពលោកក៏បានលើកទឹកចិត្តអោយមនុស្សគ្រប់គ្នាឲ្យធ្វើចលនារាងកាយឲ្យបានច្រើន និង ព្យាយាមកាត់បន្ថយការអង្គុយស្ងៀមមួយកន្លែងផងដែរ។ យ៉ាងណាមិញ ការស្រាវជ្រាវមិនទាន់កំណត់ថា មួយថ្ងៃអ្នកគួរអង្គុយប៉ុន្មានម៉ោងនោះទេ គ្រាន់តែគេបានផ្តាំឲ្យធ្វើចលនាឲ្យបានច្រើនទៅតាមអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជៀសវាងការប្រឈមនឹងបញ្ហាផ្លូវកាយ និង ផ្លូវចិត្តផ្សេងៗ៕
ប្រភព ៖ បរទេស